នូវែលសេឡង់៖ នារីមកពីនូវែលសេឡង់ម្នាក់ បានតស៊ូយកឈ្នះក្នុងឆាកជីវិតដ៏ក្រៀមស្រពោន ទាំងពីមុនមករូបរាងធាត់អាក្រក់ និងធ្លាប់រងការរំលោភបំពានផ្លូវភេទយ៉ាងព្រៃផ្សៃ ទីបំផុតបានជួបនឹងបុរសពិតក្នុងក្តីស្រមៃ ស្រលាញ់ថ្នាក់ថ្នម លុតជង្គង់សុំនាងរៀបការ យ៉ាងផ្អែមល្ហែម។

នាង Simone ត្រូវមិត្តប្រុសសុំរៀបការ

នាង Simone Anderson អាយុ ២៧ឆ្នាំ មកពីទីក្រុង Auckland ទទួលបានការសុំរៀបការពីមិត្តប្រុសជាទីស្រលាញ់របស់នាង លោក Trent Forsyth ប្រៀបបីដូចក្នុងរឿងព្រេងនិទាន កាលពីថ្ងៃអង្គារ កន្លងទៅនេះ ក្រោយមានទំនាក់ទំនងស្នេហាជាមួយគ្នា អស់ពេលជាង ៣ឆ្នាំ ជាមួយនឹងការចែករំលែករូបភាពយ៉ាងផ្អែមល្ហែម នៅលើបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ ពាក្យជូនពរ និងការគាំទ្រ ស្រលាញ់ យ៉ាងហូរហែពីសំណាក់អ្នកលេងអ៊ីនធើណែតជាច្រើន។

នាង Simone ត្រូវមិត្តប្រុសសុំរៀបការ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា គូស្នេហ៍មួយគូនេះ បានជិះឧទ្ធម្ភាគចក្ររំលងកូនក្រុង Queenstown ទៅចុះចតនៅលើតួភ្នំ «The Remarkables» ដើម្បីផ្តិតយកទិដ្ឋភាពដ៏ស្រស់បំព្រងនៅក្នុងថ្ងៃដ៏ពិសេស ដែលលោក Trent សុំនាង Simone រៀបការ និងបានជល់កែវស្រាសាំប៉ាញញ៉ាំជាមួយគ្នា ដែលរូបភាពទាំងអស់នោះ ត្រូវបានជំនួយការពិសេស គឺមិត្តភក្តិជិតស្និទ្ធរបស់ពួកគេ ២នាក់ ជាអ្នកថតឲ្យ។

ស្ដែងពីអារម្មណ៍រំភើបរីករាយ នាង Simone បាននិយាយថា នេះគឺជាសេចក្តីស្រលាញ់ និងការស្នើសុំរៀបការចំពោះនាងដ៏មានន័យបំផុត នៅទីកន្លែងដ៏ស្រស់ស្អាតលើផែនដីនេះ។ អស់រយៈពេល ៣ឆ្នាំមកហើយ ដែលនាងបានជួបនឹងបុរសដ៏មានទឹកចិត្តល្អម្នាក់នេះ (លោក Trent) ហើយនាងក៏សង្ឃឹមដែរថា នៅថ្ងៃណាមួយ គាត់នឹងក្លាយជាអនាគតស្វាមីដ៏ល្អរបស់នាង ហើយទីបំផុតវាក៏ក្លាយជាការពិត។

នាង Simone ត្រូវមិត្តប្រុសសុំរៀបការ
«អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ពួកយើងទទួលបាននូវបទពិសោធន៍នៃជីវិតយ៉ាងច្រើនជាមួយគ្នា ហើយខ្ញុំពិតជាមិនអាចរង់ចាំឱកាសដ៏ល្អនេះយូរតទៅទៀតបានទេ។ អរគុណដែលគាត់គឺជាបុរសម្នាក់ ដែលធ្វើឲ្យខ្ញុំ មានអារម្មណ៍ថា ខ្ញុំគឺជានារីដ៏មានសំណាងបំផុត និងងើបរស់ជាថ្មីឡើងវិញ។ នេះគឺជាក្តីសុបិនដ៏ធំធេងបំផុតរបស់ខ្ញុំ! ខ្ញុំពិតជាមិនអាចនឹងពន្យល់ ឬពិពណ៌នាប្រាប់ពីអារម្មណ៍ដ៏អស្ចារ្យរបស់ខ្ញុំ នៅពេលនេះបាននោះទេ ខ្ញុំគ្រាន់តែដឹងថា ពេលនេះខ្ញុំមានជីវិតជាថ្មី» នាង Simone និយាយ។
នាង Simone ត្រូវមិត្តប្រុសសុំរៀបការ

គួរឲ្យដឹងផងដែរថា នាង Simon គឺជានារីម្នាក់ដែលពីអតីតកាល (វ័យក្មេងជំទង់) មានទម្ងន់ខ្ទង់ ១៦៩គីឡូក្រាមឯណោះ។ ក្រោយមកនាងក៏បានព្យាយាមគិតគូរ និងថែទាំសុខភាពឡើងវិញ តាមរយៈការសម្រកទម្ងន់។ ហើយនៅក្នុងកំឡុងខែ សីហា ឆ្នាំ២០១៤ កន្លងទៅ នាងក៏ធ្លាប់បានឆ្លងកាត់ការវះកាត់សម្រកទម្ងន់ (វះកាត់ក្រពះ) ដោយលទ្ធផលជាបន្តបន្ទាប់ស្រកអស់ ៩២គីឡូក្រាម ជាមួយនឹងរូបរាងសមសួនស្រស់ស្អាត។

ប៉ុន្តែអ្វីដែលជារឿងដ៏ឈឺចាប់ ដិតដាមក្នុងជីវិតរបស់នាងនោះ គ្រាន់តែរយៈពេល១ឆ្នាំ បន្ទាប់ពីសម្រកទម្ងន់បានជោគជ័យ នាងក៏ត្រូវបានរងការរំលោភបំពានផ្លូវភេទយ៉ាងព្រៃផ្សៃ ដែលជាបញ្ហារាំងស្ទះនិងទុក្ខសោកដ៏ក្រៀមក្រំ ដល់ជីវិតរបស់នាង។

ជុំវិញនឹងរឿងដ៏ឈឺចាប់នៅកាលនោះដែរ Simon បានរៀបរាប់ឲ្យដឹងថា កាលពីយប់មួយ នាងបានចេញទៅក្រៅជាមួយនឹងមិត្តភក្តិប៉ុន្មាននាក់ ផឹកស៊ីកម្សាន្តនៅបារមួយកន្លែងក្នុងទីក្រុង។ រហូតដល់ម៉ោងខ្ទង់ ៣ទៀបភ្លឺ ទើបនាងមានអារម្មណ៍ថា ខ្លួនឯងស្រវឹងជោគជាំ និងរកត្រលប់មកផ្ទះវិញ ប៉ុន្តែនៅពេលនោះស្រាប់តែនាងបាត់មិត្តភក្តិអស់ មិនដឹងថាពួកគេទៅណានោះទេ។

នាង Simone ត្រូវមិត្តប្រុសសុំរៀបការ

នាងបានបន្តថា ក្រោយមកក៏មានក្រុមបុរសចំនួន៥នាក់ បានដើរសំដៅមករកនាង និងបានប្រាប់ពីរឿងរ៉ាវដែលបានកើតឡើង។ បន្ទាប់មក ពួកគេក៏ស្រាប់តែនាំនាងទៅផ្ទះមួយកន្លែង ទាំងនាងស្ថិតក្នុងស្ថានភាពស្រវឹង ហើយពួកគេក៏ស្ទុះអូសនាងចូលក្នុង និងចាប់ផ្តើមធ្វើសកម្មភាពរំលោភលើនាងតែម្តង បើទោះបីជានាងព្យាយាមរើបម្រាស និងការពារខ្លួនយ៉ាងណា ក៏លទ្ធផលពុំអាចទៅរួចដែរ ព្រោះថានៅពេលនោះ នាងពិតជាពុំអាចធ្វើអ្វីបានទាំងអស់។

នាងថា ក្រោយពួកគេរំលោភនាងស្រេចចិត្តអស់ហើយ ទើបដោះលែងនាង ហើយនាងក៏បានរត់ចេញពីផ្ទះនោះ ទាំងបាតជើងទទេ និងសូម្បីតែកាបូបក៏ពុំបានយកមកទៀត។

ប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីនាងបានប្រាប់មិត្តភក្តិនាង នូវរឿងដែលបានកើតឡើងនេះ ពួកគេក៏បានជំរុញលើកទឹកចិត្តនាង ឲ្យរាយការណ៍ទៅប៉ូលិស ដើម្បីជួយចាត់ការលើរឿងនេះ ប៉ុន្តែនាងមានអារម្មណ៍ថា ខ្មាសអៀន និងមិនចង់ឲ្យរឿងនេះកាន់វែងឆ្ងាយនោះទេ ព្រោះថានាងពិតជារងការឈឺចាប់ផ្លូវចិត្តខ្លាំងណាស់ទៅហើយ។

អ្វីដែលនាងអាចធ្វើបាននោះ គឺនាងបានត្រឹមតែលួងលោមខ្លួនឯង និងបន្ទោសខ្លួនឯងតែប៉ុណ្ណោះ។ នាងបានព្យាយាមប្រាប់ខ្លួនឯង ទាំងក្នុងចិត្តពោរពេញដោយភាពឈឺចាប់ថា វាគ្មានរឿងអ្វីកើតឡើងចំពោះនាងនោះទេ។

ប៉ុន្តែបើទោះបីយ៉ាងណាក្តី ជីវិតរបស់ Simone នាងក៏បានស្រស់បំព្រងឡើងវិញ ក្រោយបានជួបស្គាល់នឹងលោក Trent ដែលពុំខ្វល់បារម្ភពីអតីតកាលមិនល្អរបស់នាង រហូតថ្មីៗនេះថែមទាំងបានសុំនាងរៀបការ ដែលធ្វើឲ្យមហាជនជាច្រើនរំភើបចិត្ត និងសប្បាយរីករាយបំផុតជំនួសនាង Simone ផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

នាង Simone ត្រូវមិត្តប្រុសសុំរៀបការ
នាង Simone
នាង Simone
នាង Simone
រូបនាង Simone កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]