លំហ៖ ក្នុងសកលលោកដ៏ធំល្វឹងល្វើយនេះ មានប្រព័ន្ធហ្គាឡាក់ស៊ីប្រមាណពី ១០០ ទៅ ២០០ ពាន់លាន។ ក្នុងហ្គាឡាក់ស៊ីនីមួយៗ មានប្រហោងខ្មៅក្នុងលំហ ឬប្រហោងខ្មៅមួយ (black hole) ដែលគេជឿថា ផ្កាយក្នុងហ្គាឡាក់ស៊ីនោះវិលជុំវិញវា ហើយបើចៃដន្យ ផ្កាយឬភពណាមួយវិលទៅកៀកល្មមៗ ច្បាស់ជាត្រូវវាស្រូបស៊ីខ្ទេចតែម្តង។ ដូច្នេះសួរថា តើអ្វីជាប្រហោងខ្មៅដែលស្រូបស៊ីផ្កាយផុយៗមើលតែខ្យល់កួច ស្រូបពងមាន់ទៅហើយ?

រូបតំណាងប្រហោងខ្មៅ

ប្រហោងខ្មៅគឺជាតំបន់មួយមានកម្លាំងទំនាញខ្លាំងមហិមា ដែលស្រូបទាញអ្វីៗទាំងអស់រួចកិនបំបែកឱ្យខ្ទេចរហូតក្លាយជាម៉ូលេគុលតូចៗ ហើយគ្មានអ្វីអាចគេចចេញពីក្នុងនោះបានឡើយ សូម្បីតែធាតុវិទ្យុសកម្មអេឡិចត្រូម៉ាញេទិចដូចជា "ពន្លឺ" ក៏ទៅណាមិនរួចដែរក្រោយធ្លាក់ក្នុងអន្លង់មរណៈនេះ។

ថ្វីបើគេមិនទាន់មានការយល់ដឹងច្រើន អំពីការកកើតនៃរណ្តៅមច្ចុរាជនេះក៏ដោយ ប៉ុន្តែតារាវិទូជឿថា វាប្រហែលជាកើតឡើងដោយសារបណ្តុំឧស្ម័នយក្សដែលធំជាងព្រះអាទិត្យ ១ សែនដង ដែលប្រែក្លាយជាពន្លកប្រហោងខ្មៅតូចៗ។ ក្រោយមកពួកវាក៏ច្របាច់បញ្ចូលគ្នាបង្កើតបានជាប្រហោងខ្មៅមហិមា ដែលត្រូវបានរកឃើញនៅចំកណ្តាលនៃហ្គាឡាក់ស៊ីដែលគេស្គាល់ទាំងអស់។

ទោះយ៉ាងណា វាអាចកើតតាមវិធីមួយទៀត គឺពីផ្កាយយក្សធំជាងព្រះអាទិត្យប្រហែល ១០០ ដង ដែលក្រោយពេលអស់ឥន្ធនៈ និងក្លាយជាផ្កាយងាប់ ទីបំផុតក៏ប្រែក្លាយជាតំបន់មានទំនាញខ្លាំង ដែលគេហៅថាប្រហោងខ្មៅនេះឯង។  

រូបតំណាងប្រហោងខ្មៅ

បើតាមការការសិក្សាថ្មីៗនេះរបស់អ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលអង្កេតតារាជាតិជប៉ុន (NAOJ) ដែលបានអង្កេតប្រហោងខ្មៅមហិមា នៅកណ្តាលហ្គាឡាក់ស៊ី Ciricinus នៅចម្ងាយប្រមាណ ១៤ លានឆ្នាំពន្លឺពីផែនដី តាមរយៈការធ្វើត្រាប់តាម និងការអង្កេតដោយស៊ុបពើកុំព្យូទ័រ Crat XC30 ATERUI បានបង្ហាញថា វាមានរូបរាងស្មុគស្មាញជាងការសន្មត់ដំបូងថាដូច "ដូណាត់" ប៉ុន្តែវាដូច "កន្លែងទឹកបាញ់" ជាង ពេលរូបធាតុមួយធ្លាក់ចូលប្រហោងខ្មៅម្តងៗ។

វាជាដំណើរការដែលមានបីដំណាក់កាល។ ដំបូងគេ គឺឧស្ម័នត្រជាក់កកើតជាថាសមួយក្បែរផ្ទៃរាបដែលវិលចុះឡើង បង្កើតបានជាកម្តៅរហូតដល់ម៉ូលេគុលបំបែកគ្នា។ ម៉ូលេគុលខ្លះក្នុងចំណោមម៉ូលេគុលទាំងនេះ ត្រូវបានរុញច្រានទៅលើ និងទៅក្រោមថាសនោះ រួចធ្លាក់ចុះឡើងៗបង្កើតបានជារូបរាងដូចទឹកបាញ់តែម្តង៕

រូបតំណាងម៉ូលេគុលរត់ចុះឡើងៗ
សកម្មភាពប្រហោងខ្មៅ ពេលរូបធាតុធ្លាក់ចូល
រូបតំណាងកន្លែងទឹកបាញ់
រូបតំណាងប្រហោងខ្មៅ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]