ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អាពាហ៍ពិពាហ៍​រវាង​ជនជាតិ​ចិន និង​ខ្មែរ ដែល​បាន​លួច​រៀប​ការ​ដោយ​ពុំ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀន​ស្វាយ បាន​ចុះ​ទៅ​ធ្វើការ​បញ្ឈប់​អាពាហ៍ពិពាហ៍​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សំរោង​ក្អែ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា កូនកំលោះ​ឈ្មោះ YANG XIMING អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ចិន មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​សិប្បកម្ម​បោះ​ពុ​ម្ភ​លី​.​ផេង (​រាជធានី​ភ្នំពេញ​) កាន់​លិខិតឆ្លងដែន​លេខ E82486140 ផុតកំណត់​ថ្ងៃ​ទី​07.07.2026 និង​ទិដ្ឋាការ​លេខ EI01027234 ផុតកំណត់​ថ្ងៃ​ទី​27.09.2019​។ ចំណែក​កូនក្រមុំ​ឈ្មោះ​តូ ស្រី​ជាតិ អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​-​ឃុំ​ខាងលើ​។

បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១០​​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ​នោះ មាន​សេចក្តីរាយការណ៍​ថា មាន​ពិធី​រៀប​មង្គលការ​មួយ​នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ ដែល​មានកូន​កំលោះ​ជា​ជនជាតិ​ចិន និង​កូនក្រមុំ​ជា​ជនជាតិ​ខ្មែរ ខណៈ​ដែល​អាជ្ញាធរ​ស្រុក ពុំ​បាន​ចេញ​ច្បាប់ទម្លាប់​ឲ្យ​នោះ​ឡើយ​។

ប្រភព​ខាងលើ​បន្ត​ថា ហើយ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ចុះ​ទៅ​ធ្វើការ​បញ្ឈប់​ការ​រៀប​អាពាហ៍ពិពាហ៍​នេះ​ភ្លាម​ៗ​តែ​ម្តង​។ ។ ក្រោយ​ពី​ធ្វើការ​បញ្ឈប់​ការ​រៀប​អា​ពា​ហ៍​អា​ពា​ហ៍​នេះ​ហើយ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]