ចិន៖ អស់រយៈពេល១៥ឆ្នាំមកហើយ ដែលបុរសជនជាតិចិនម្នាក់នេះ មើលថែទាំម្តាយពិការរបស់គាត់ ទាំងមិនបានពោលពាក្យត្អូញត្អែរសូម្បីមួយម៉ាត់។

១៥ឆ្នាំកន្លងមកនេះគាត់បានបីម្តាយគាត់​ពីក្រុងមួយទៅក្រុងមួយផ្សេងទៀត ដើម្បីរកការងារធ្វើទំនុកបំរុងជីវភាពគ្រួសារនិងម្តាយជរា។ នេះយោងតាមសារព័ត៌មាន South China Morning Post ដែលបានចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ

លោក Wang និងម្តាយ

ស្រាប់តែក្នុងពេលថ្មីៗនេះ គ្រួសារមួយនេះក៏ទទួលភាពរីករាយកក់ក្តៅឡើងវិញបន្ទាប់ពីរដ្ឋាភិបាលចិន បានឧបត្ថម្ភផ្ទះមួយខ្នងឲ្យទៅម្តាយកូនទាំងពីរនេះ។

លោក Wang Xianqiang អាយុ៣៧ឆ្នាំ ជាកូនប្រុសម្នាក់ ដែលប្រកបដោយភាពកតញ្ញុតាធម៌។ លោកបានមើលថែម្តាយជរាពិការអស់រយៈពេល១៥ឆ្នាំ ដោយមិនមានការត្អូញត្អែរមួយម៉ាត់ឡើយ។

មិនតែប៉ុណ្ណោះ គាត់តែងបីម្តាយជរាម្នាក់នេះទៅជាមួយគាត់ជានិច្ច ទោះបីកាលៈទេសៈណាក៏ដោយ។ សូម្បីទៅរកការងារធ្វើក៏លោក Wang យកម្តាយគាត់ទៅជាមួយដែរ។ មកដល់ពេលនេះលោកបានប្រកបរបរជាអ្នកអនាម័យម្នាក់ បន្ទាប់ពីការស្វែងរកការងារធ្វើពីក្រុងមួយទៅក្រុងមួយយ៉ាងលំបាក។

លោក Wang និងម្តាយ

អ្នកស្រី Tian Jinggui ជាម្តាយបង្កើតរបស់លោក Wang។ មូលហេតុដែលធ្វើឲ្យលោកស្រី Tian ពិការ ព្រោះអ្នកស្រីបានធ្លាក់ពីទីខ្ពស់មួយ (មិនបានបញ្ជាក់) តាំងពីលោក Wang អាយុ១៤ឆ្នាំនៅឡើយ។  នេះយោងតាមការបញ្ជាក់របស់សារព័ត៌មានដដែល។

កាលនោះប៉ារបស់លោក Wang គឺជាមេគ្រួសារម្នាក់។ គាត់បានខិតខំរកប្រាក់កម្រៃដើម្បីផ្គត់ផ្គង់ជីវភាព ស្របពេលលោក Wang នៅតូចមិនទាន់អាចធ្វើអ្វីបាន។ រហូតដល់ឆ្នាំ២០០៣ ប៉ារបស់លោក Wang ក៏បានចែកឋានទៀត។ អីចឹងទុក្ខធុរៈទាំងប៉ុន្មានត្រូវធ្លាក់មកលើលោក Wang ទាំងអស់ ព្រោះជាកូនប្រុសតែម្នាក់ប្រចាំគ្រួសារ។

បន្ទាប់ពីអ្នកស្រី Tian ធ្លាក់ខ្លួនពិការ គាត់មិនងាយនិយាយជាមួយមនុស្សណាម្នាក់ឡើយ។ គាត់សឹងតែឈប់និយាយជាមួយគេឯងតែម្តង លើកលែងតែកូនប្រុសរបស់គាត់។ 

លោក Wang ផ្ទាល់បាននិយាយថា “ម៉ាក់គឺជាពិភពលោកទាំងមូលរបស់ខ្ញុំ”។ 

រឿងនេះបាននិងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនចិនយ៉ាងខ្លាំង បន្ទាប់ពីគេហទំព័រព័ត៌មានចិនជាច្រើនបានកំពុងចុះផ្សាយនូវរឿងរ៉ាវខាងលើយ៉ាងព្រោងព្រាត។ អ្នកលេងបណ្តាញផ្សព្វផ្សាយ Weibo ម្នាក់បានបញ្ចេញមតិថា “ខ្ញុំចង់បរិច្ចាគកៅអីរុញមួយទៅឲ្យម្តាយរបស់លោក Wang ផ្ទាល់”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]