រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ប្រើប្រាស់​សារធាតុ​ញៀន​ហួស​កម្រិត ក៏​បាន​បង្ក​ការ​អុកឡុក និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង ដោយ​កាន់​កាំបិតប៉័ងតោ​ចូល​ទៅ​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​លក់​កាហ្វេ​មួយ​កន្លែងអស់​ជា​ច្រើន រួម​ទាំង​កាប់​មន្ត្រី​នគរបាល​ខណ្ឌ​ចំការ​មន​ម្នាក់​ ត្រូវ​ដៃ​ហូរ​ឈាម​ស្រោច និង​ចាប់​គំរាម​ស្ត្រី​ចំណាស់​ជា​អ្នកលក់​អំពៅ​សាង​ម្នាក់​អា​រ.ក និង​កាប់​មួយ​កាំបិត​ចំ​ក្បាល បណ្តាល​ឱ្យ​រង​របួស​យ៉ាង​​ធ្ងន់​ផង​ដែរ ។

ទ​ង្វើ​រប​ស់បុរសជន​ជាតិចិន​ម្នាក់​ខាងលើ​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​មានការ​ភ័យ​ខ្លាច និងតក់ស្លុត​គ្រប់​គ្នា​ៗ ដោយសារ​តែ​រូបគេ​បាន​ប្រើកាំបិត​បុ័ងតោ​កាប់​ក្បាល​ខ្លួនឯង​ជា​ច្រើន​កាំបិតហូរ​ឈាម​ស្រោច​ខ្លួន និង​កាប់​គេឯង​ជា​បន្តបន្ទាប់​ទៀត ទម្រាំ​តែ​កម្លាំង​មាន​សមត្ថកិច្ច​នាំ​គ្នា​ធ្វើការ​បង្ក្រាប​បាន ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ល​ថ្ងៃ​ទី​១ ​ធ្នូ នៅ​តាមផ្លូវ​លេខ​៤៣២ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។ ប្រភព​ព័ត៌មាន​ពី​នគរបាល​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ខាងលើ​នេះ​ឈ្មោះ Jin Chun អាយុ​៣៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​EB ៤៣៦០១៩០ ចូល​មក​កម្ពុជា​ជា​ភ្ញៀវ​ទេសចរតែ​កន្លែង​ស្នាក់​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ​។

ចំណែកឯ​ជន​រង​គ្រោះ​ទាំង​២​នាក់ ដោយសារ​ត្រូវ​ជន​ជាតិ​​ចិន​ខាងលើ​ កាប់​នឹង​កាំបិត​បុ័ងតោ​នេះ ម្នាក់​គឺ​លោក​អនុសេនីយ៍ទោ ម៉ៅ សំណា​ង ជា​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​អង្គភាព​អន្តរាគមន៍​ខណ្ឌចំការមន និង​ម្នាក់​ទៀត​ឈ្មោះ មាន សូ​នី ភេទ​ស្រី អាយុ​៧០​ឆ្នាំ មុខរបរ​លក់​អំពៅ​សាង ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ប្រឡាយទឹក​បឹង​ត្របែក ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន និង​មានស្រុក​កំណើត​នៅ​ភូមិ​សាលារៀន ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា មុន​ពេលកើតហេតុ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា បុរសជនជាតិ​ចិន​ខាងលើ​ ដើរមក​ពី​ទីណា​ឡើយ ស្រាប់តែ​ចូល​ទៅ​ក្នុងផ្ទះ​លក់​កាហ្វេ និង​វេរ​លុយ​វី​ង​មួយកន្លែង​ដែល​មាន​អា​សយដ្ឋាន​លេខ​៥A ផ្លូវ​លេខ​៤៣២ និង​រើស​យក​កាំបិតប៉័ងតោ​មួយ​នៅ​ក្បែរ​នោះ​ទៅ​កាន់​ជាប់​នឹង​ដៃ។

ដោយ​​​​ឃើញ​សភាព​មិន​ស្រួល ម្ចាស់ផ្ទះ​ប្រុស​ស្រី​ដែល​មាន​វ័យក្មេង​ៗ​នាំ​គ្នា​រត់​ចេញ​មក​ខាងក្រៅ​អស់ ដោយ​ជាប់​បុរស​វ័យ​ចំណាស់​ម្នាក់​នៅ​ក្នុងផ្ទះ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច និង​​ប្រជា​ពលរដ្ឋ​យ៉ាងច្រើន​មក​ចោមរោម​មើល ។

ក្នុង​ពេល​នោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ទាំងឯកសណ្ឋាន​និង​ស៊ី​វិល​ជា​ច្រើន​នាក់ បាន​មក​ដល់ផ្ទះ​លក់​កាហ្វេ​និង​វេរ​លុយ​វី​ង​ខាងលើ​ ដើម្បី​ធ្វើ​អន្តរាគមន៍ តែ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ជិត​ឡើយ ដោយសារ​តែ​បុរស​ជនជាតិ​ចិនម្នាក់​នោះ​ឡើងឈរ​លើ​តុ​ឆុង​កាហ្វេ ស្រែក​ឡូឡា និង​ក្នុង​ដៃ​កាន់​កាំបិតប៉័ងតោ​គ្រវី​ចុះ​ឡើងៗ ។ ក្នុង​ពេល​នោះ បុរស​ចិន​រូប​នេះ​ បាន​យក​កាំបិត​ប៉័ងតោ​កាប់​ក្បាល​ខ្លួនឯង​ជា​ច្រើន​កាំបិតបណ្តាល​​ឲ្យ​ហូរ​ឈាម​ស្រោច​ខ្លួន ព្រមទាំង​កាប់​បំផ្លាញ​អំ​ពូ​ល​ភ្លើង និង​ឧបករណ៍​ឆុង​កាហ្វេ រួម​ទាំង​របស់​របរ​ប្រើប្រាស់​ក្នុងផ្ទះ​ផ្សេង​ៗ​ទៀត​យ៉ាងច្រើន ។

ដោយ​ឃើញ​ទ​ង្វើ​កំរោលចូល​របស់​បុរស​ចិនដែល​កាប់​ក្បាល​ខ្លួនឯង និង​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​លក់​កាហ្វេ និង​វេរ​លុយ​ខាងលើ​ខ្ទេចខ្ទី​គ្មាន​សល់​បែប​នេះ លោក​អនុសេនីយ៍ទោ ម៉ៅ សំណាង ព្យាយាម​ចូល​ទៅ​ចាប់​ក៏​ត្រូវ​បុរសជនជាតិ​ចិន​បែក​ថ្នាំ​រូប​នោះ​កាប់​មួយ​កាំបិត​ចំ​ខ្នងដៃ​ខាងស្តាំ បណ្តាល​ឱ្យ​ដាច់​រយះ​ហូរ​ឈាម​គេ​អា​រក​មាន់ និង​ត្រូវ​បាន​មិត្ត​រួម​ការងារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ក្រោយ​ពី​កាប់​មន្ត្រី​នគរបាល​មួយ​រូប​រង​របួសហើយ បុរស​ជនជាតិ​ចិន​នេះ​ក៏​ដើរ​ចេញពី​ក្នុងផ្ទះ​លក់​កាហ្វេ​និង​វេរ​លុយ​វី​ង​ខាងលើ ដោយ​កាន់​កាំបិត​គ្រវី​ផង​នៅ​លើ​ផ្លូវ​លេខ​៤៣២ និង​ធ្វើ​សកម្មភាព​អុកឡុក​ជា​បន្ត​ទៀត ។ ពេល​កំពុងតែ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​យ៉ាង​ខ្លាំង និង​គ្មានអ្នក​ណា​ម្នាក់​ចូល​ទៅ​ជិត​បាន​នោះ ស្ត្រី​ចំណាស់អ្នកលក់​អំពៅ​សាង​ម្នាក់​ឈ្មោះ មាន សូ​នី រុញរទេះ​ចូល​ទៅ ក៏​ត្រូវ​បុរស​ចិន​រូប​នោះ​ចាប់​ក្រៀកជាប់ រួច​យក​កាំបិតប៉័ងតោ​អា​រក​និង​កាប់ ក្បាលជា​ច្រើន​កាំបិត តែ​ជា​គ្រោះល្អ​មិន​មុត​និង​ត្រូវ​ក្បាល​តែ​មួយ​កាំបិត ហើយ​ក៏​រើបម្រះ​រត់គេច​រួចខ្លួន​វិញ ម្ល៉េះ​សមរូប​គាត់​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ​មិន​ខាន ។

បន្ទាប់​ពី​កាប់​មន្ត្រី​នគរបាល​ម្នាក់ និង​ស្ត្រី​ចំណាស់​អ្នកលក់​អំពៅ​សាង​រង​របួស​ជា​បន្តបន្ទាប់​ហើយ​នោះ បុរស​ចិន​ក៏​នៅ​តែ​បន្ត​កាន់​កាំបិត​ដើរ​គំរាម​គេឯង​ពេញ​ផ្លូវ​ទៀត ឯ​កងកម្លាំងនគរបាល​ខណ្ឌចំការមន​ជា​ច្រើន​នាក់ ដែល​ក្នុង​ដៃ​ប្រដាប់​ដោយ​ដំបង​នោះ បាន​ត្រឹមតែ​នាំ​គ្នា​ដើរ​តាម​អម​ប៉ុណ្ណោះ និង​មិន​បាន​ធ្វើការ​បង្ក្រាប​ភ្លាម​ៗ​នោះ​ទេ​គឺ​រង់ចាំ​ឱកាស​ផ្តល់​ឲ្យ ។ លុះ​ប្រមាណ​១​ម៉ោង​ក្រោយមក បុរស​ជនជាតិ​ចិន​នោះ​ក៏​បន្ត​ដើរទៅ​អុកឡុក​នៅ​ខាង​មុខ​ក្រុមហ៊ុន​លក់​រថយន្ត Mazda ទៀត ដោយ​ដៃ​គ្រវី​កាំបិតប៉័ងតោ​ជាប់ ។

ពេល​នោះ មន្ត្រី​សមត្ថកិច្ច​ម្នាក់​ក្នុង​ឯកសណ្ឋាន​ស៊ី​វិល​ដែល​ពួន​ក្បែរ​រថយន្ត បាន​ប្រើ​ដំបង​វាយ​ទម្លាក់​កាំបិត​ជ្រុះ​ពី​ដៃ និង​នាំ​គ្នា​ស្ទុះរ​ត់ទៅ​ជាន់​និង​ចាប់​វាយ​ខ្នោះដៃ​ទាំង​ពីរ​ជាប់ ការពារ​មិន​ឱ្យ​ប្រជាពលរដ្ឋ​វាយដំ​បន្ថែម និង​បញ្ជូន​យក​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ភ្លាម​ៗ ។

ក្នុង​ហេតុការណ៍​បុរស​ជនជាតិ​ចិន​បែក​ថ្នាំ​ហើយ​យក​កាំបិតប៉័ងតោ​កាប់​ក្បាល​ខ្លួនឯង និង កាប់​មន្ត្រី​នគរ​បាល​ខណ្ឌចំការមន​ម្នាក់ និង​ស្ត្រី​ចំណាស់​អ្នកលក់​អំពៅ​សាង​ម្នាក់ បណ្តាល​ឱ្យ​រង​របួស និង​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ផ្ទះ​លក់​កាហ្វេ​និង​វេរ​លុយ​វី​ង​ខាង​លើ​អស់​ជា​ច្រើន​ជា​បន្តបន្ទាប់​យ៉ាង​សហាវ​ខាងលើ​នេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ភ័យ​តក់ស្លុត និង​ញាប់​ញ័រ​គ្រប់​ៗ​គ្នា ដោយសារ​តែ​ពួក​គាត់​បានឃើញ​នូវ​រូបភាព​ដ៏​សាហាវព្រៃផ្សៃ​រប​ស់បុរសជន​ជាតិចិន​ម្នាក់​ខាងលើ​ដែល​បែក​ថ្នាំ​បង្ក​ការ​អុកឡុក​កាប់​គេឯង ហើយ​កម្លាំង​សមត្ថកិច្ច​ហាក់​ពុំ​មាន​សម្ថ​ភាព​ក្នុង​ការ​បង្ក្រាប​បាន​ទាន់​វេលា​បែប​នេះ ។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ដែល​ទើបនឹង​កាន់​តំណែង​ជា​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេសង្កេត​ឃើញ​លេចធ្លោ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​សកម្ម​ភាព​និង​ទ​ង្វើ​មនុស្សធម៌​របស់លោក ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២ ខែធ្នូ លោកស្នងការ បាន​អ​ញ្ជេ​ី​ញ​ទៅ​សួរសុខទុក្ខ​លោក​​អនុសេនីយ៍​ទោ ម៉ៅ សំណាង មន្ត្រី​នគរបាល​ខណ្ឌចំការមន​ផ្នែក​អន្តរាគមន៍ ដែល​បាន​រង​របួសធ្ងន់​នៅ​ពេល​បង្ក្រាប​ជនជាតិ​ចិន​ម្នាក់​ដែល​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត ហើយ​បង្ក​ការ​អុកឡុក​តាម​ដងផ្លូវ៕​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]