ផ្លែបឺរជាផ្លែឈើសំបូរជាតិទឹករហូតដល់ទៅ៧៣% ខ្លាញ់ល្អ១៥% ជាតិស្ករ៨.៥% (ភាគច្រើនជាតិសរសៃ) និងសារធាតុប្រូតេអ៊ីន២%។ លើសពីនេះវាជាប្រភពនៃថាមពលដ៏ច្រើនចំពោះរាងកាយយើង។ វាក៏ជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផ្សេងទៀត រាប់តាំងពីវីតាមីន សារធាតុសរសៃ និងសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីថែមទៀត។

ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់មួយចំនួនទទួលបានពីផ្លែបឺរ៖

១. ផ្លែបឺរជាប្រភពនៃវីតាមីនA

វីតាមីនA ជាប្រភេទវីតាមីនរលាយក្នុងខ្លាញ់មានសារៈសំខាន់យ៉ាងខ្លាំងនិងជាតម្រូវការរបស់ចក្ខុវិញ្ញាណរបស់យើង។ វាចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារ និងបង្កើតនូវកោសិកាចាប់យកពន្លឺនៅស្រទាប់រេទីនរបស់ភ្នែក។ កង្វះនៃវីតាមីនA ងាយឲ្យភ្នែកចុះខ្សោយ និងងាយប្រឈមមុខនឹងជំងឺភ្នែកផ្សេងៗនៅពេលចាស់ទៅ។

ដូច្នេះការរួមបញ្ចូលផ្លែបឺរក្នុងរបបអាហារ ដើម្បីសុខភាពនៃសរីរាង្គភ្នែក។ 

រូបតំណាង

២. ផ្លែបឺរជាប្រភពនៃវីតាមីនC

លោកអ្នកដឹងទេថា វីតាមីនC ជាសារធាតុចិញ្ចឹមលេខមួយដែលបានចូលរួមចំណែកដល់ការលូតលាស់ និងការការពារសុខភាពនៃរាងកាយយើងយ៉ាងសកម្មនិងមានប្រសិទ្ធភាព។

វីតាមីនC ជាប្រភេទវីតាមីនដែលមានសារៈសំខាន់ជាចាំបាច់សម្រាប់ការការពារកោសិកាពីការខូចខាត។  វាជួយរក្សាបរិមាណគ្រាប់ឈាមក្រហមឲ្យនៅថេរ និងការពារពីជំងឺខ្វះជាតិដែក  បន្ថយសម្ពាធឈាមមកធម្មតា  ការពារយើងពីជំងឺលើសឈាម ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងល្អប្រឆាំងជំងឺផ្សេងៗ ការពារការបាត់បង់ការចងចាំនិងសតិស្មារតី ជាពិសេសវីតាមីននេះល្អខ្លាំងសម្រាប់សុខភាពមាត់ធ្មេញដោយការពារប្រឆាំងនឹងជំងឺអញ្ចាញធ្មេញ។

ដូច្នេះទទួលទានផ្លែបឺរជាប្រចាំដើម្បីពង្រឹងសុខភាពនៃប្រព័ន្ធភាពសុំារបស់លោកអ្នក។ 

រូបតំណាង

៣. ផ្លែបឺរជាប្រភពនៃវីតាមីនD

វីតាមីនD ជាវីតាមីនតែមួយប្រភេទគត់ដែលយើងអាចទទួលបានពីកាំរស្មីព្រះអាទិត្យយ៉ាងងាយបំផុត។ វាជាវីតាមីនដ៏សំខាន់ជួយដល់ការស្រូបយកសារធាតុកាល់ស្យូម ចូលទៅស្តុកក្នុងឆ្អឹង។   វីតាមីននេះជួយដល់ការលូតកម្ពស់ធ្វើឲ្យឆ្អឹងរឹងមាំ។ ក្រៅពីនេះវាក៏បានចូលរួមចំណែករក្សាដំណើរការនៃតម្រងនោមនិងប្រព័ន្ធរបត់ឈាមផងដែរ។

អ្នកដឹងទេវីតាមីនD ក៏ដើរតួនាទីយ៉ាងសំខាន់សម្រាប់ការលូតលាស់និងដំណើរការនៃប្រព័ន្ធប្រសាទទៀតផង។ ការសិក្សាមួយចំនួនបានបង្ហាញទំនាក់ទំនងអវិជ្ជមាន រវាងកម្រិតទាបនៃវីតាមីនD ជាមួយនឹងហានិភ័យនៃការជួបបញ្ហានៃជំងឺធ្លាក់ទឹកចិត្ត។

ការសិក្សាផ្សេងៗទៀតបានបង្ហាញអត្ថប្រយោជន៍របស់វីតាមីនD ចំពោះការបង្ការនិង ប្រឆាំងនឹងជំងឺទូទៅមួយចំនួនមានដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើម ជំងឺសេនេទិច ជំងឺប្រព័ន្ធប្រសាទ និងបញ្ហាជ្រុះសក់ ជាដើម។

លើសពីនេះទៅទៀតតាមរយៈការសិក្សាស្រាវជ្រាវក្នុងពេលបច្ចុប្បន្ន គេបានសន្និដ្ឋានថាកង្វះនៃវិតាមីនD អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ និងជំងឺមហារីកពោះវៀនធំ។

ដូច្នេះបរិភោគផ្លែបឺរជាប្រចាំ ដើម្បីសុខភាពទូទៅនិងការលូតលាស់នៃសរីរាង្គឆ្អឹងរបស់លោកអ្នក។

រូបតំណាង

៤. ផ្លែបឺរជាប្រភពនៃវីតាមីនE

វីតាមីនE ជាប្រភេទវីតាមីនប្រឆាំងនឹងការជ្រីវជ្រួញនៃស្បែក។ វាជាសារធាតុដ៏សំខាន់ប្រឆាំងនឹងពពួកជាតិពុលដែលបំផ្លាញកោសិកា។ ហេតុនេះហើយវាល្អសម្រាប់ការរក្សាសម្ជស្សឲ្យនៅក្មេងជាងវ័យ និងការលូតលាស់នៃសក់។ ក្រៅពីនេះខ្លួនប្រាណយើងត្រូវការវីតាមីននេះសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ប្រឆាំងនឹងបាក់តេរី វីរុស ជាដើម។ វាការពារពីការស្ទះសរសៃឈាមតាមរយៈការពង្រីកសរសៃឈាម។ ជាពិសេស វីតាមីនE ជួយរក្សាសុខភាពបេះដូងនិងប្រឆាំងនឹងជំងឺបេះដូងទាំងឡាយ បន្ថយហានិភ័យនៃជំងឺមហារីក និងបង្កើនសមត្ថភាពខួរក្បាល។

ដូច្នេះទទួលទានផ្លែបឺរជាប្រចាំ ដើម្បីសុខភាពទូទៅនិងឃ្លាតឆ្ងាយពីជំងឺ។ 

រូបតំណាង

៥. ផ្លែបឺរជាសារធាតុសរសៃ

ផ្លែបឺរសំបូរសារធាតុសរសៃជាច្រើនដែលចូលរួមចំណែកយ៉ាងសកម្ម នាំយកសារជាតិកូលេស្តេរ៉ុលជាប់តាមប្រព័ន្ធរំលាយអាហារ និងសរសៃឈាម ចេញពីក្នុងខ្លួន។ វាជួយកាត់បន្ថយកូលេស្តេរ៉ុលមិនល្អ និងជួយដល់ការសម្រកទម្ងន់ផងដែរ។

ការកាត់បន្ថយសារធាតុកូលេស្តេរ៉ុលនេះ បានដើរតួនាទីមួយដ៏សំខាន់សម្រាប់កាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងបេះដូង។

លើសពីនេះសារធាតុសរសៃ ក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពនៃប្រព័ន្ធរំលាយអាហារទៀតផង ដោយវាជួយដល់ការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ  និងសម្រួលដល់ការដឹកនាំនៃកាកសំណល់បញ្ចេញចោល។

ដូច្នេះការបរិភោគផ្លែបឺរជាប្រចាំដើម្បីបំពេញបន្ថែមនូវតម្រូវការរបស់សារធាតុសរសៃរបស់រាងកាយយើង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]