របបអាហារដែលសំបូរសារធាតុចិញ្ចឹមគ្រប់យ៉ាងរាប់តាំងពីវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន សារធាតុសរសៃ សុទ្ធសឹងជាតម្រូវការមិនអាចខ្វះបានសម្រាប់ការលូតលាស់ ការសាងសង់ និងដំណើរការធម្មតានៃរាងកាយយើង។

ប្រភពនៃសារធាតុចិញ្ចឹមសំខាន់ក្រៅតែអំពីផ្លែឈើ  សាច់  បន្លែ ជាដើម  ក្នុងនោះគ្រាប់ធញ្ញជាតិក៏ត្រូវបានគេចាត់ទុក ជាអាហារសម្រន់សម្រាប់សុខភាពដ៏សំខាន់មួយដែរ។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពនៃគ្រាប់ធញ្ញជាតិទាំង ៤ប្រភេទ ដែលលោកអ្នកគួរបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ៖

១. គ្រាប់ស្វាយចន្ទី

ការហូបគ្រាប់ស្វាយចន្ទីជាប្រចាំត្រូវបានគេសិក្សារកឃើញថា វាមានឥទ្ធិពលដល់ការកាត់បន្ថយហានិភ័យនៃជំងឺមហារីកទាក់ទងនឹងប្រព័ន្ធរំលាយអាហារមួយចំនួនដូចជាថ្លើម និងពោះវៀនធំ ជាដើម

នេះដោយសារពពួករ៉ាឌីកាល់សេរី (សារធាតុពុលក្នុងខ្លួនយើង)  មានឥទ្ធិពលអវិជ្ជមានបំផ្លាញទ្រង់ទ្រាយរចនាសម្ព័ន្ធ សែន និងមុខងារប្រព្រឹត្តទៅធម្មតានៃកោសិកា។ កត្តានេះធ្វើឲ្យកោសិកាធ្វើការរីកលូតលាស់លឿនខុសប្រក្រតី ក្លាយជាដុំកោសិកាមហារីកដែលមានមេកានិចបំផ្លាញកោសិកាផ្សេងៗទៀតបាន។

សារធាតុពិសេសម៉្យាងប្រឆាំងនឹងម៉ូលេគុលសេរីទាំងនេះ ទទួលបានពីគ្រាប់ស្វាយចន្ទី អាចជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍របស់កោសិកាមហារីកទាំងឡាយ ជាពិសេសប្រព័ន្ធរំលាយអាហារ។

ក្រៅពីនេះ គ្រាប់ស្វាយចន្ទី ក៏បានចូលរួមចំណែកក្នុងការប្រឆាំងនឹងជំងឺបេះដូង ជំរុញដល់សុខភាពឆ្អឹង និងប្រព័ន្ធប្រសាទផងដែរ។ 

គ្រាប់ស្វាយចន្ទី

២. សណ្តែកដី

អ្នកដឹងទេគ្រួសក្នុងប្រម៉ាត់ពុំមែនបណ្តាលមកពីការហូបលើសសារធាតុរ៉ែទេ តែតាមពិតវាបណ្តាលមកពីសារធាតុកូលេស្តេរ៉ុលដែលមានក្នុងទឹកប្រម៉ាត់ច្រើនពេក ទើបធ្វើសារធាតុកូលេស្តេរ៉ុលបំលែងទៅជារូបធាតុមួយស្រដៀងនឹងដុំគ្រួស។

សណ្តែកដីមានផ្ទុកសារធាតុអាស៊ីតខ្លាញ់ពិសេសម៉្យាងអាចជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អបាន ដែលជាកត្តាអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាគ្រួសក្នុងតម្រងនោម។

ក្រៅពីនេះសណ្តែកក៏មានអត្ថប្រយោជន៍ចូលរួមចំណែកប្រឆាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល  កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំរុញដល់សមត្ថភាពនៃការចងចាំទៀតផង។

សណ្តែកដី

៣. គ្រាប់អង្គាដី

គ្រាប់ធញ្ញជាតិនេះបានជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អដែលមាននៅតាមជញ្ជាំងសរសៃឈាម និងជួយរក្សាសម្ពាធឈាមឲ្យស្ថិតនៅកម្រិតមួយធម្មតា។ កត្តាទាំងពីរនេះ សុទ្ធតែចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។  ជាក់ស្តែងការសិក្សាស្រាវជ្រាវរយៈពេល៤សប្តាហ៍មួយ បានបង្ហាញថា ការរួមបញ្ចូលគ្រាប់អង្គាដី ២០% នៃរបបអាហារ បានកាត់បន្ថយកម្រិតកូលេស្តេរ៉ុលមិនល្អនៃសំណាក (អ្នកចូលរួមឱ្យគេពិសោធន៍) រហូតដល់ទៅ ១២% ឯណោះ។

ក្រៅពីនេះគ្រាប់អង្គាដីក៏បានចូលរួមចំណែករក្សាបរិមាណជាតិស្ករឲ្យស្ថិតក្នុងកម្រិតមួយធម្មតា ជំរុញដល់សុខភាពនៃប្រព័ន្ធរំលាយអាហារ ជួយដល់ការសម្រកទម្ងន់ និង ជាពិសេសជាប្រភពនៃសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី។ វាមានសារៈសំខាន់សម្រាប់ការពារកោសិកាពីការខូចខាត និងការវិវឌ្ឍន៍នៃកោសិកាមហារីកជាដើម។

គ្រាប់អង្គាដី

៤. គ្រាប់អាល់ម៉ុន (Almond)

Almond ជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗយ៉ាងច្រើនសំបូរបែប រាប់តាំងពី ប្រូតេអ៊ីន (ល្អសម្រាប់ការលូតលាស់និងសាងសង់) សារធាតុសរសៃ (ល្អសម្រាប់ដំណើរការនៃប្រព័ន្ធរំលាយអាហារ) កាល់ស្យូម (ភាពរឹងមាំនិងការលូតលាស់នៃសរីរាង្គឆ្អឹង) និងជាពិសេសសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលជួយការពារកោសិកាពីការបំផ្លិចបំផ្លាញដោយសារធាតុពុលមួយចំនួន។

ក្រៅពីនេះវាក៏ជាប្រភពនៃវិតាមីន E ដែលជារនាំងការពាររបស់ស្រទាប់ខាងក្រៅនៃកោសិកាយើងផងដែរ៕

គ្រាប់អាល់ម៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]