ហុងកុង៖ កាលពីថ្មីៗនេះលោក Jackie Chan ហៅ ឈិន ឡុង បានលាតត្រដាងរឿងរ៉ាវកាលពីអតីតកាលរបស់លោកនៅក្នុងសៀវភៅថ្មី “Never Grow Up” ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។
នៅក្នុងសៀវភៅ “Never Grow Up” នេះ លោកបានរៀបរាប់ជីវិតកាលពីនៅស្ទាវថា លោកបានចំណាយលុយជាច្រើនលើការផឹកស៊ី លេងល្បែង និងគេងជាមួយនារីរកស៊ីផ្លូវភេទជាច្រើនរូប ហើយថែមទាំងបានធ្វើបាបកូនប្រុសរបស់លោកថែមទៀត នៅពេលដែលឈ្លោះគ្នាជាមួយប្រពន្ធលោក។
បន្ថែមពីនេះទៀត លោកមានវិប្បដិសារីជាខ្លាំង ដែលលោកមិនបានយកចិត្តទុកដាក់រៀនសូត្រ ពីព្រោះលោករវល់តែដើរលេងប៉ោឡែជាមួយមិត្តរបស់លោក។
កាលពីអាយុ ១៥ ឆ្នាំ លោកបានស្រលាញ់គ្នាជាមួយនឹងនារីម្នាក់ឈ្មោះ Chang ។ លោកបានសារភាពថា លោកគឺជាមិត្តប្រុសដ៏អាក្រក់ម្នាក់ ព្រោះតែលោកតែងតែចាកចេញពីទីក្រុងហុងកុង ដើម្បីគេចមុខពីនាង ហើយនៅពេលលោកដើរលេងជាមួយនាង លោកតែងតែរករឿងឈ្លោះគ្នាជាមួយនាងជានិច្ច បើទោះបីជានាងខំរត់តាមលោក និងជំទាស់បំណងរបស់ប៉ាម៉ាក់នាងក៏ដោយ។
នៅពេលលោកទទួលបានជោគជ័យ រកប្រាក់បានច្រើន លោកបានចំណាយប្រាក់ជាច្រើនលើការផឹកស៊ី លេងល្បែងស៊ីសង ស្រីញី និងទិញរបស់របរជាច្រើន។
លោកបានថ្លែងថា “ខ្ញុំធ្លាប់យកលុយជាច្រើនតាមខ្លួនគ្រប់ពេល។ ខ្ញុំធ្លាប់រស់នៅក្នុងភាពក្រីក្រ ដូច្នេះមានតែលុយទេ ទើបអាចផ្តល់អារម្មណ៍សុវត្ថិភាពឲ្យខ្ញុំបាន។ កាលពីជាង ១០ ឆ្នាំមុន ខ្ញុំបានចំណាយលុយ ២លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ការប៉ាវអ្នកដទៃ។ ខ្ញុំពិតជាខ្ជះខ្ជាយណាស់ ខ្ញុំបានទិញកាដូជាច្រើនឲ្យគេ មានដូចជា នាឡិកា ឡាន ស្រា និងសំលៀកបំពាក់ថ្លៃៗជាដើម។”
កាលពីឆ្នាំ ១៩៩៩ លោក ឈិន ឡុង ក៏ធ្លាប់មានរឿងអាស្រូវកើតឡើងផងដែរ។ នៅពេលដែលលោកបានរៀបការជាមួយនឹងអ្នកនាង Joan Lin រួចហើយ លោកក៏បែកធ្លាយរឿងអាស្រូវមានស្រីញីក្រៅផ្ទះជាមួយនឹងអ្នកនាង Elaine Wu ដែលជាបវរកញ្ញាអាស៊ីឆ្នាំ ១៩៩០ ផងដែរ។
លោកក៏បានបញ្ជាក់ថែមទៀតថា លោកធ្លាប់មានការសង្ស័យចំពោះប្រពន្ធលោក ព្រោះលោកគិតថានាងរៀបការជាមួយលោក ព្រោះតែចង់បានលុយ ដូច្នេះ លោកតែងតែរកវិធីទុកលុយ មិនឲ្យប្រពន្ធដឹង។
នៅពេលមួយ បន្ទាប់ពីមានរឿងអាស្រូវ ស្រីញីក្រៅផ្ទះបានបែកធ្លាយ លោកនិងប្រពន្ធលោកក៏បានឈ្លោះគ្នាយ៉ាងខ្លាំង ហើយពេលនោះលោកថែមទាំងបានចាប់ដៃកូនប្រុសរបស់លោក រួចបោះទៅលើសាឡុងថែមទៀត។ ពេលនោះ ប្រពន្ធរបស់លោកមានការភ័យខ្លាចជាខ្លាំង ក្រោយមកទើបលោកបានសូមទោសនាងតាមក្រោយ។
យ៉ាងណាមិញ តារាហុងកុងវ័យ ៦៤ ឆ្នាំរូបនេះមានការស្តោកស្តាយ និងបន្ទោសខ្លួនឯងជាខ្លាំង ចំពោះពេលកាលនៅស្ទាវ។ នៅក្នុងសៀវភៅរបស់លោក លោកបានជេរខ្លួនឯងថា “អាចោលម្សៀត” ទៀតផង។ លោកអ្នកអាចទិញសៀវភៅ “Never Grow Up” នៅលើគេហទំព័រ Amazon បានដោយមានតម្លៃត្រឹមតែ ១៧.១០ ដុល្លារតែប៉ុណ្ណោះ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]