អាមេរិក៖ អតីតប្រធានាធិបតីទី៤១ របស់សហរដ្ឋអាមេរិក លោក George H.W. Bush បានទទួលមរណភាពដោយរោគាពាធ (ជំងឺ) ក្នុងវ័យ ៩៤ ឆ្នាំ នៅវេលាម៉ោងប្រហែល ១០:០០នាទីយប់ នៅថ្ងៃសុក្រ (៣០/១១/២០១៨) កន្លងទៅ។

លោក George H.W. Bush

លោកមានកូនចំនួន ៥នាក់, ចៅ ១៧ នាក់, ចៅទួត ៨ នាក់ និងបងប្អូនបង្កើត ២ នាក់។

យោងតាមសេចក្តីថ្លែងការណ៍មួយពីលោក Jim McGrath ដែលជាអ្នកនាំពាក្យគ្រួសារលោក Bush បាននិយាយថា លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Houston Methodist ក្នុងខែមេសា បន្ទាប់ពីឆ្លងជំងឺម្យ៉ាងចូលទៅក្នុងសរសៃឈាម។

លោកមានជំងឺផាកឃីនសុន (Parkinson) ហើយត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាអកុសលលោកក៏បានចែកឋានទៅ បន្ទាប់ពីភរិយារបស់លោក Barbara Bush បានស្លាប់កាលពីថ្ងៃទី ១៧ ខែមេសាកន្លងទៅ។

លោកបានធ្វើជាប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣ និងបានជួយអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនបានយ៉ាងសម្បូរបែប។

យ៉ាងណាមិញ លោកប្រធានាធិបតីអាមេរិក Donald Trump ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ បន្ទាប់ពីដឹងថាលោក Bush បានចែកឋានទៅ លោក Trump បានថ្លែងថា៖

«Melania និងខ្ញុំសូមចូលរួមសោកស្តាយចំពោះការបាត់បង់ អតីតប្រធានាធិបតីអាមេរិកលោក George H.W. Bush កាលពីយប់មិញ។ ដួងចិត្តរបស់យើង និងប្រជាជនអាមេរិកទាំងអស់ពិតជាឈឺចាប់ខ្លាំងណាស់ចំពោះការបាត់បង់មួយនេះ ពួកយើងទាំងអស់គ្នា សូមផ្ញើការអធិស្ឋាន ទៅកាន់គ្រួសារលោក Bush ទាំងអស់។»

លោក George H.W. Bush

គួរឲ្យដឹងផងដែរថា ជំងឺផាកឃីនសុន គឺជាជំងឺដែលផ្នែកខ្លះនៃខួរក្បាលត្រូវបានខូចខាតជាបណ្ដើរៗក្នុងរយៈពេលជាច្រើនឆ្នាំ។

រោគសញ្ញាសំខាន់ ៣ នៃជំងឺជំងឺផាកឃីនសុនគឺ ៖

១. ញ័រ

២. ធ្វើចលនាយឺត

៣. រឹង ឬ គាំងសាច់ដុំ និងមិនអាចបត់បាន៕

លោក George H.W. Bush

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]