បរទេស៖ ភាពជោគជ័យ គឺមិនងាយស្រួលទទួលបាននោះទេ គឺត្រូវទាមទារការតស៊ូ អត់ធ្មត់ លះបង់ និងមិនចុះចាញ់ ទើបអាចទទួលបានជោគជ័យជាដុំកំភួន។ ដូច្នេះ ថ្ងៃនេះយើងសូមចែករំលែកជីវប្រវត្តិត្រួសៗ របស់បុគ្គលជោគជ័យទាំង ៥ រូបនៅលើពិភពលោក ដែលពួកគេធ្លាប់ឆ្លងកាត់នូវការបរាជ័យជាខ្លាំង មុនពេលអាចទទួលបានជោគជ័យ និងភាពល្បីល្បាញដូចសព្វថ្ងៃ៖

៥. លោក Michael Jordan 

លោក Michael Jordan

លោកគឺជាអ្នកលេងបាល់បោះអាជីពដ៏ល្បីមួយរូបនៅ NBA ។ មុនពេលលោកទទួលបានជោគជ័យ និងភាពល្បីល្បាញដូចសព្វថ្ងៃ លោកបានបោះបាល់ខុសសំណាញ់ជាង ៩០០០ ដង និងចាញ់ការប្រកួត ៣០០ដង ប៉ុន្តែលោកនៅតែមិនបោះបង់ចោលក្តីស្រមៃរបស់លោក បច្ចុប្បន្នលោកគឺជាកំពូលកីឡាករដ៏ល្បីបំផុតប្រចាំ NBA។ លោកបាននិយាយថា “ខ្ញុំបានបរាជ័យម្តងហើយម្តងទៀតនៅក្នុងឆាកជីវិតរបស់ខ្ញុំ ហើយនេះគឺជាមូលហេតុដែលខ្ញុំទទួលបានជោគជ័យដូចសព្វថ្ងៃ។”

៤. លោកស្រី Oprah Winfrey 

លោកស្រី Oprah Winfrey

លោកស្រី Oprah Winfrey ធ្លាប់ត្រូវបានស្ថានីយទូរទស្សន៍នៅទីក្រុង Baltimore បណ្តេញចេញពីការងារ ព្រោះតែលោកស្រីគ្មានភាពជឿជាក់ និងទេពកោសព្យធ្វើជាអ្នកសារព័ត៌មាន ប៉ុន្តែលោកស្រីនៅតែមិនបោះបង់ចោលក្តីសុបិនរបស់ខ្លួន។ បច្ចុប្បន្ន លោកស្រីត្រូវបានគេដាក់ងារថាជា ”រាជនីសារព័ត៌មាន” គឺជាបុគ្គលដ៏ល្បីបំផុតក្នុងវិស័យសារព័ត៌មាន និងមានទ្រព្យសម្បត្តិជិត ៣ពាន់លានដុល្លារ។

៣. លោកស្រី J.K Rowling 

លោកស្រី J.K Rowling

កាលពីមុន លោកស្រីធ្លាប់មានខ្សែជីវិតលំបាកបំផុត ព្រោះលោកស្រីបានក្លាយទៅជាជនអនាថាដែលគ្មានផ្ទះសម្បែង គ្មានការងារធ្វើ ថែមទាំងមានជីវិតរៀបការបរាជ័យដ៏ជូរចត់ និងត្រូវរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងទៀតផង។ បញ្ហាទាំងនេះ ធ្វើឱ្យលោកស្រីមានជំងឺផ្លូវចិត្ត និងចង់សម្លាប់ខ្លួន។

តែទីបំផុតក្រោយពីបានគិតឃើញសារឡើងវិញ លោកស្រីបានក្រោកចេញពីភាពឈឺចាប់ តស៊ូនៅក្នុងជីវិតយ៉ាងលំបាក រហូតដល់ពេលបច្ចុប្បន្ន លោកស្រីបានក្លាយទៅជាអ្នកមាន និងក្លាយទៅជាមនុស្សស្រីដ៏ជោគជ័យម្នាក់ខាងផ្នែកនិពន្ធដ៏ល្បីល្បាញផងដែរ។ ប្រសិនបើអ្នកធ្លាប់អានសៀវភៅ ឬមើលរឿង Harry Potter អ្នកប្រាកដជាស្គាល់លោកស្រីជាក់ជាមិនខាន។

២. លោក Thomas Edison 

លោក Thomas Edison

កាលពីក្មេង គ្រូរបស់លោកបាននិយាយថា លោកគឺជាមនុស្សល្ងង់បំផុត មិនអាចរៀនអ្វីបានទេ ប៉ុន្តែលោកមិនចុះចាញ់ និងមិនបានបោះបង់ចោលក្តីស្រមៃរបស់ខ្លួននោះទេ។ ក្រោយពីជួបការបរាជ័យជាច្រើន នៅទីបំផុតលោកគឺជាមនុស្សដំបូងគេបង្អស់ដែលបានបង្កើតអំពូលភ្លើងដែលជាប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់ និងជាបុគ្គលដ៏ល្បីបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ លោកបាននិយាយថា “ខ្ញុំមិនបរាជ័យទេ ខ្ញុំគ្រាន់តែរកឃើញវិធី ១០,០០០ ផ្សេងទៀតដែលមិនដំណើរការប៉ុណ្ណោះ” ។

១. លោក Elvis Presley 

លោក Elvis Presley

កាលពីកំលោះ ប៉ារបស់លោកចង់ឲ្យលោកធ្វើជាអ្នកបើកឡានទំនិញ ប៉ុន្តែលោកមិនព្រម នៅទីបំផុតលោកក៏បានរកឃើញទេពកោសល្យខ្លួន និងក្លាយទៅជាតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងប្រវត្តិសាស្រ្ត ដែលគេដាក់ងារឲ្យលោកថាជា “ស្តេចចម្រៀង Rock and Roll” ។

លោកបានថ្លែងថា “សេចក្តីស្រលាញ់ធ្វើឲ្យយើងទទួលបានភាពជោគជ័យ ហើយការស្អប់ប្រាកដជាធ្វើឲ្យយើងបរាជ័យ។”

ដូច្នេះ មិនថាអ្នកជួបការលំបាកប៉ុណ្ណាទេ សូមកុំបោះបង់ចោលក្តីស្រមៃរបស់ខ្លួន ត្រូវព្យាយាមតស៊ូ អត់ធ្មត់ កុំចុះចាញ់ ថ្ងៃណាមួយអ្នកប្រាកដជាអាចទទួលបានភាពជោគជ័យ ដូចជាបុគ្គលល្បីៗខាងលើជាក់ជាមិនខាន៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]