លោកអ្នកធ្លាប់ឮគេនិយាយថា ខ្លួនប្រាណយើងដូចនឹងអ្វីដែលយើងញ៉ាំចូលទៅ។ នេះអាចនិយាយបានថា ខ្លួនប្រាណយើងអាចរីកលូតលាស់ និងមានដំណើរប្រក្រតីទៅបានក៏អាស្រ័យទៅដោយសារធាតុចិញ្ចឹម ដែលយើងទទួលបានពីចំណីអាហារយើងបរិភោគនេះដែរ។ ដូចគ្នាផងដែរ មើមឈូកបើទោះបីជាវាដុះនៅតាមដីល្បាប់ ភក់លិចទឹកក្តី តែវាអាចចាត់ទុកបានជាប្រភេទបន្លែដែលសំបូរដោយសារធាតុចិញ្ចឹមយ៉ាងច្រើនល្អសម្រាប់សុខភាព។
ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៤យ៉ាងទទួលបានពីមើមឈូក៖
១. ជំរុញដល់សុខភាពនៃខួរក្បាល
មើមឈូក ជាប្រភពនៃសារធាតុរ៉ែ និងទង់ដែង មិនត្រឹមដើរតួនាទីយ៉ាងសំខាន់ដល់ការធ្វើឲ្យឆ្អឹងរឹងមាំ ជំរុញថាមពលរាងកាយ និងមេតាបូលីសរបស់កោសិកាប៉ុណ្ណោះទេ ថែមទាំងជួយជំរុញប្រព័ន្ធប្រសាទឲ្យដំណើរការបញ្ជូនព័ត៌មានរវាងកោសិកាណឺរ៉ូនរឹតតែប្រសើរទៀតផង។
ការសិក្សាមួយបានឲ្យដឹងថា កង្វះនៃសារធាតុទង់ដែងនេះត្រូវបានគេស្រាវជ្រាវឃើញថា វាមានទំនាក់ទំនងនឹងជំងឺធ្លាក់ចុះនៃសមត្ថភាពខួរក្បាល ឬជំងឺប្រព័ន្ធប្រសាទដូចជា ជំងឺវង្វេងវង្វាន់ ជាដើម។
ដូច្នេះបំពេញបន្ថែមរបបអាហាររបស់លោកអ្នកជាមួយមើមឈូក ដើម្បីសុខភាពនៃប្រព័ន្ធប្រសាទរបស់លោកអ្នក។
២. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
មើមឈូកជាប្រភពនៃសារធាតុសរសៃ ដែលដើរតួនាទីយ៉ាងសំខាន់ជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារមួយចំនួនដូចជា ជួយដល់ការរំលាយ និងការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារដែលយើងទទួលទាន។ ក្រៅពីនេះសារធាតុសរសៃ បានជួយដល់ការដឹកនាំកាកសំណល់ដើម្បីបញ្ចេញចោលទៀតផង។ អ្នកដឹងទេថា មើមឈូកជាឱសថធម្មជាតិកាត់បន្ថយបញ្ហាទល់លាមកទៀតផង។
ដូច្នេះទទួលទានមើមឈូកជាប្រចាំដើម្បីសុខភាពនៃប្រព័ន្ធរំលាយអាហាររបស់លោកអ្នក។
៣. ល្អសម្រាប់សុខភាពស្បែក
វីតាមីន C ទទួលបានពីការទទួលទានមើមឈូក បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សា និងលូតលាស់នៃសរីរាង្គស្បែក។ វីតាមីននេះជំរុញដល់ការផលិតនៃសារធាតុកូឡាសែនរបស់ស្បែក ជួយការពារពីការខូចខាតតាមរយៈម៉ូលេគុលនៃរ៉ាឌីកាល់សេរី និងកំដៅថ្ងៃរបស់ព្រះអាទិត្យជាដើម។ ទាំងនេះហើយដែលអាចការពារកុំឲ្យស្បែកឆាប់ចាស់ ជ្រីវជ្រួញ និងបង្កើនពណ៌នៃស្បែក។
៤. ជំរុញដល់ប្រព័ន្ធភាពស៉ាំរាងកាយ
មើមឈូកជាប្រភពនៃវីតាមីន C ដ៏សំខាន់ដែលត្រូវបានគេចាត់ទុកជាប្រភេទម៉ូលេគុលប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជាតិពុលនៅក្នុងខ្លួន។ សារធាតុនេះ មិនត្រឹមដើរតួនាទីយ៉ាងសំខាន់ការពារកោសិការបស់យើងពីការខូចខាតប៉ុណ្ណោះទេ ថែមទាំងជំរុញដល់ប្រព័ន្ធភាពស៉ាំទៀតផង ដោយជួយសម្រួលដល់ដំណើរការរបស់កោសិកាឈាមស នៃប្រព័ន្ធការពាររាងកាយរបស់យើង។
វាបានដើរតួនាទីជារនាំងការពារដល់កោសិកាស្តើងខាងសរីរាង្គ ប្រឆាំងនឹងការបៀតបៀនរបស់មេរោគទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]