អាមេរិក៖ អតីតស្តេចរត់ពន្ធថ្នាំញៀនម៉ិចស៊ីកូ Joaquin “El Chapo” Guzman (El Chapo មានន័យថា ‘តឿ’ ជាឈ្មោះហៅក្រៅតាំងពីតូច) ដែលល្បីកក្រើកទូទាំងពិភពលោក ធ្លាប់មានជីវិតដ៏ស៊ីវិល័យខ្លាំង មុនការចាប់ខ្លួនបានជាលើកទីបីដោយទាហានម៉ារីន និងប៉ូលិសសហព័ន្ធម៉ិចស៊ីកូ នៅថ្ងៃទី ៨ មករា ២០១៦ ហើយសាក្សីផ្តល់សក្ខីកម្មអំពីទ្រព្យសម្បត្តិរបស់មេឧក្រិដ្ឋជននេះ ជាអតីតបនភឿនដ៏ស្និទ្ធស្នាលនៅក្រុមកាតែលរបស់ខ្លួន លោក Migeul Angel Martinez ។

ការចាប់ខ្លួននៅថ្ងៃ ៨ មករា ២០១៦

សាក្សីបានរៀបរាប់នៅសវនាការក្នុងទឹកដីអាមេរិក កាលពីថ្ងៃអង្គារទី ២៧ ខែវិច្ឆិកា ២០១៨ បានប្រាប់គណៈវិនិច្ឆ័យថា “ការផ្ទុះប្រើកូកាអ៊ីន” នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ជាដើមចមនៃជីវភាពដ៏ហ៊ឺហារបស់ស្តេចគ្រឿងញៀននេះ។ គេមានផ្ទះនៅគ្រប់មាត់ឆ្នេរ ដោយមានផ្ទះមួយនោះតម្លៃ ១០ លានដុល្លារឯណោះ ព្រមទាំងមានវាលចិញ្ចឹមសេះនៅគ្រប់រដ្ឋ (នៅម៉ិចស៊ីកូ)។ គេក៏ផ្តល់រង្វាន់ដល់បុគ្គលិកនូវរថយន្តប្រណីតៗផងដែរ។

Guzman បានប្រើយន្តហោះឯកជនរបស់ខ្លួនជិះជុំវិញម៉ិចស៊ីកូ ជាមួយអង្គរក្សប្រដាប់អាវុធ ដើម្បីទៅលេងគ្រប់ផ្ទះរបស់ខ្លួន រួមទាំងផ្ទះមាត់ឆ្នេរ Acapulco ដែលមានសួនសត្វ ជាមួយកូនរទេះភ្លើងសម្រាប់ជិះមើលសត្វតោ ខ្លានិងខ្លារខិន។ កប៉ាល់លំហែកាយដែលចតទីនោះឈ្មោះ Chapito ក៏ជាកម្មសិទ្ធិរបស់គេដែរ។

នៅមានការចំណាយផ្សេងទៀតលើស្រីៗបួនប្រាំនាក់ក្នុងជីវិតរបស់គេ។ ពេលខ្លះ អតីតក្មេងក្រីក្ររូបនេះចង់ស្គាល់រសជាតិធ្វើដំណើរជុំវិញពិភពលោក ដោយធ្លាប់ទៅម៉ាកាវលេងល្បែង និងទៅស្វ៊ីសដើម្បីព្យាបាលកោសិការក្សាសម្រស់ឱ្យនៅក្មេងផងដែរ។  

ទ្រព្យសម្បត្តិរបស់ស្តេចគ្រឿងញៀន

ក្រៅពីទ្រព្យសម្បត្តិដែលសរុបទៅប្រមាណ ៤ ពាន់លានដុល្លារ Martinez ក៏បានរៀបរាប់ពីវិធីដែលក្រុម Sinaloa រត់ពន្ធកូកាអ៊ីនរាប់តោនចូលទឹកដីសហរដ្ឋអាមេរិកផងដែរ គឺតាមផ្លូវក្រោមដីក្រោមព្រំដែន តាមឡានដឹកសាំងដែលមានថតសម្ងាត់ និងក្នុងកំប៉ុងម្រេចក្លែងក្លាយ ហើយអ្វីដែលត្រឡប់មកវិញតាមផ្លូវផ្សេង គឺលុយសុទ្ធរាប់សិបលានដុល្លារ ខណៈលុយមួយចំនួនធំត្រូវដឹកទៅក្រុង Tijuana ជាកន្លែងដែល Guzman តែងបញ្ជូនយន្តហោះឯកជនបីគ្រឿងក្នុងមួយខែៗឱ្យទៅដឹកលុយ និងជាមធ្យមក្នុងមួយគ្រឿងដឹកលុយ ១០ លានដុល្លារ។

ក្រុមនេះបានប្រើឃ្លាំងលាក់អាវុធនិងស្បៀង ដើម្បីលាក់លុយទាំងនោះ។ ចំណែកវ៉ាល្លីម៉ាក Samsonite ដែលដាក់លុយអាមេរិកណែនៗ ក៏ត្រូវបានយកទៅធនាគារម៉ិចស៊ីកូ ដែលបុគ្គលិកទីនោះត្រូវបានសូកប៉ាន់បំបិទមាត់ ដើម្បីប្តូរលុយនោះជាលុយម៉ិចស៊ីកូវិញ។  

កូនតោរបស់ស្តេចគ្រឿងញៀនម៉ិចស៊ីកូ

ជីវិតស្តុកស្តម្ភជះលុយលំដាប់មហាសេដ្ឋីបានប្រែជារលាយអស់ ដោយសារសង្គ្រាមបង្ហូរឈាមដណ្តើមតំបន់កាន់កាប់ជាមួយក្រុមគូប្រជែង ដែលបណ្តាលឱ្យស្ថានភាពក្តៅគគុករហូតដល់ក្រុមនោះបញ្ជូនឃាតករមួយក្រុមទៅព្រលានយន្តហោះក្នុងក្រុង Guadalajara ដើម្បីសំឡេះ Guzman ចោល។

ប៉ុន្តែពួកគេបានសម្លាប់អាចារ្យកាតូលិកម្នាក់ទៅវិញ ដែលធ្វើឱ្យមហាជនម៉ិចស៊ីកូខឹងសម្បារយ៉ាងខ្លាំង រហូតមានការតាមប្រមាញ់ទ្រង់ទ្រាយធំដើម្បីចាប់ Guzman រួចចាប់ខ្លួនបានសម្រេច មុនផែនការរត់ទៅលាក់ខ្លួននៅប្រទេស អែលសាល់វ៉ាឌ័រ។  

យន្តហោះផ្ទាល់ខ្លួនរបស់ស្តេចគ្រឿងញៀន

Guzman ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៩ ខែមករា ២០១៧ ពីប្រទេសម៉ិចស៊ីកូ។ ថ្វីបើរងការចោទប្រកាន់ពីបទជួញដូរថ្នាំញៀន ប៉ុន្តែគាត់ឆ្លើយថាមិនបានធ្វើដូចការចោទឡើយ ខណៈមេធាវីរបស់បុរសវ័យ៦៣ឆ្នាំនេះ អះអាងថាកូនក្តីរបស់ខ្លួនត្រូវបានទម្លាក់កំហុសដោយដៃគូដែលមិនស្មោះត្រង់។

ក្នុងការថ្លែងបើកសវនាការ មេធាវីចុងចោទបានលើកឡើងថា Martinez មិនអាចទុកចិត្តក្នុងការយកធ្វើសាក្សីទេ ព្រោះគេមានទម្លាប់លេងថ្នាំកូកាអ៊ីនកម្រិតធ្ងន់ធ្ងរពេក កាលនៅធ្វើការឱ្យ Guzman រហូតដល់ខូចច្រមុះទៀតផង។

ទោះយ៉ាងណា មេខ្លោងថ្នាំញៀនដែលមានប្រពន្ធយ៉ាងតិចបួន និងកូនចៅយ៉ាងតិចដប់នាក់ បានសារភាពថា គេធ្លាប់ប្រើកូកាអ៊ីនម្តងបួនក្រាមរាល់ថ្ងៃ ប៉ុន្តែខានប៉ះពាល់ថ្នាំនេះអស់ ២០ ឆ្នាំមកហើយ។

គួរបញ្ជាក់ថា Martinez បានផ្តល់សក្ខីកម្មនៅសប្តាហ៍ទីបី ក្នុងតុលាការសហព័ន្ធសង្កាត់ Brooklyn ជាកន្លែងដែលមានបញ្ហាតូចមួយជុំវិញរឿងព្រះរាជអាជ្ញា ចោទប្រកាន់មេធាវីចុងចោទពីបទបំពានវិធានការសន្តិសុខតឹងរ៉ឹង ដោយឱ្យប្រពន្ធរបស់ Guzman លោកស្រី Emma Coronel ប្រើទូរសព្ទដៃក្នុងសាលតុលាការ។

យ៉ាងណាក្តី ចៅក្រមបានបញ្ជាក់កាលពីថ្ងៃអង្គារថា រាល់កង្វល់បន្ទាន់ៗត្រូវបានដោះស្រាយរួចរាល់អស់ហើយ៕ 

ឡានប្រណីតនិងកាំភ្លើងស្រោបមាស
រថយន្តទំនើបរបស់ស្តេចគ្រឿងញៀន
អតីតស្តេចគ្រឿងញៀនម៉ិចស៊ីកូ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]