ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ចាប់​ដៃ​​នារី​រងគ្រោះ​ចូល​ក្នុង​ផ្ទះ​ ហើយ​ចាប់​នាង​​អោប​ថើប និង​ស្ទាប​អង្អែល ខណៈ​នាង​ និង​មិត្ត​ភក្តិ​មក​ទិញ​អំបិល​​នៅ​ផ្ទះ​របស់​ជនសង្ស័យ​ សំណាង​ល្អ​បាន​មិត្ត​ភក្តិ​ចូល​ទៅ​ជួយ​ទាន់ ហើយ​ជនសង្ស័យ​ត្រូវ​នគរបាល​ស្រុក​មុខកំពូល​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រទូស​កេរ្តិ៍ខ្មាស់​ទៅ​លើ​ក្មេង​ស្រី​ម្នាក់ ​បាន​កើតឡើង​កាលពី​ម៉ោង​១២​រសៀល នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៨ ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​កំពង់​ប្រាសាទ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ប៊ី សាំង​ឆ័ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​មាន​ប័ណ្ណ​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​)​ផ្នែក​ជំងឺផ្លូវចិត្ត មុខរបរ​លក់​ចាប់ហួយ រស់នៅ​ភូមិ​កំពង់​ប្រាសាទ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល​ខេត្ត​កណ្តាល ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​ឡឥដ្ឋ រស់នៅ​ស្រុក​មុខកំពូល ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ និង​មិត្តភក្តិ​បាន​ទៅ​ផ្ទះ​ជនសង្ស័យ​ដើម្បី​ទិញ​អំបិល ពេល​ទិញ​រួច​ស្រាប់តែ​ជនសង្ស័យ​ចាប់ដៃ​ជន​រង​គ្រោះ​ចូល​ក្នុងផ្ទះ ហើយ​បាន​ធ្វើ​សកម្មភាព​ឱប​ថើប និង​ស្ទាបអង្អែល​ដងខ្លួន​ជន​រង​គ្រោះ ។ ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​បាន​រើបំរះ​ស្រែក​យ៉ាង​ខ្លាំង ភ្លាម​នោះ​ដែរ​មិត្តភក្តិ​ជន​រង​គ្រោះ​បាន​មក​ច្រាន​ជនសង្ស័យ​ចេញ រួច​នាំ​ជន​រង​គ្រោះ​ដើរទៅ​ឡឥដ្ឋ ដើម្បី​ប្រាប់​មេការ​ឡឥដ្ឋ ។

សាក្សី​បន្ត​ទៀត​ថា ក្រោយមក​មេការ​ឡឥដ្ឋ​បាន​តេ​ទូរស័ព្ទ និង​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​អំពារ​តែ​ម្តង ។ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​យុត្តិធម៌​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍ បាន​បញ្ជូន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]