សាឡាដ អាចខ្ទាប់ជាមួយសាច់ និងទឹកគ្រឿងយ៉ាងឆ្ងាញ់ពិសា។ វាជាម្ហូបបន្លែដ៏ពេញនិយមមួយក្នុងប្រទេសយើង  និងជាបន្លែល្អលេខមួយផ្តល់សារធាតុចិញ្ចឹមយ៉ាងច្រើនលើសលប់ សម្រាប់តម្រូវការនៃការលូតលាស់ និងសុខភាពរាងកាយយើង។ វីតាមីនជាច្រើនប្រភេទ សារធាតុរ៉ែ និងសារធាតុសរសៃទទួលបានពីសាឡាដ អាចជួយការពារយើងពីជំងឺ និងធ្វើឲ្យយើងមានសុខភាពល្អមាំមួន។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពមួយចំនួនទទួលបានពីការបរិភោគសាឡាដ៖ 

១. ល្អសម្រាប់សុខភាពនៃបេះដូង

សាឡាដជាប្រភពនៃអាស៊ីតហ្វូលីក (ជាប្រភេទវីតាមីនBមួយប្រភេទ) ដែលរាងកាយយើងត្រូវការសម្រាប់ការពារពីការខូចខាតនៃជញ្ជាំងសរសៃឈាម និងការពារពីការបង្កកនៃកករផ្សេងៗនៅតាមជញ្ជាំងសរសៃឈាម។

ក្រៅពីនេះវីតាមីនA និង វីតាមីនCទទួលបានពីសាឡាដបានដើរតួនាទីយ៉ាងសកម្មការពារសរសៃឈាមពីការខូចខាត  ពីពពួករ៉ាឌីកាល់សេរី  និងពីសារធាតុពុលផ្សេងៗទៀត។ ទាំងនេះបានជួយកាត់បន្ថយហានិភ័យនៃការបង្កជំងឺមួយចំនួនដូចជា ជំងឺគាំងបេះដូង ជំងឺស្ទះសរសៃឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល។

រូបតំណាង

២. ជំរុញដល់សុខភាពភ្នែក

វីតាមីនA ជាសារធាតុចិញ្ចឹមសំបូរខ្លាំងជាងគេ បើប្រៀបធៀបនឹងសារធាតុផ្សេងៗទៀត។ វីតាមីនA ល្អបំផុតសម្រាប់ចក្ខុវិញ្ញាណ(ភ្នែក)។ វីតាមីននេះបានចូលរួមចំណែកយ៉ាងសំខាន់បង្កើតកោសិកាទទួលយកពន្លឺ និងរូបភាពនៅតាមផ្នែកខាងក្រោយនៃភ្នែក។

កង្វះនៃវីតាមីនA អាចបង្កឲ្យមានហានិភ័យនៃការវិវឌ្ឍន៍ជំងឺទាក់ទងនឹងភ្នែកដូចជា ភ្នែកឡើងបាយ  ខ្សោយភ្នែក  និងងាយងងឹតភ្នែកនៅពេលអាយុច្រើនទៅជាដើម។

រូបតំណាង

៣. ជំរុញដល់ប្រព័ន្ធភាពស៊ាំរាងកាយ

វីតាមីនC យើងអាចទទួលបានពីការបរិភោគសាឡាដ។ វាជាប្រភេទវីតាមីនមានសារៈសំខាន់ជាចាំបាច់សម្រាប់ការការពារកោសិកាពីការខូចខាត។ វារក្សាបរិមាណគ្រាប់ឈាមក្រហមឲ្យនៅថេរ  ការពារពីជំងឺខ្វះជាតិដែក  បន្ថយសម្ពាធឈាមមកនៅកម្រិតធម្មតា  ការពារយើងពីជំងឺលើសឈាម ពង្រឹងប្រព័ន្ធភាពស៉ាំរាងកាយបានយ៉ាងល្អប្រឆាំងជំងឺផ្សេងៗ  ការពារការបាត់បង់ការចងចាំនិងសតិស្មារតី ជាពិសេសវីតាមីននេះល្អខ្លាំងសម្រាប់សុខភាពមាត់ធ្មេញដោយការពារប្រឆាំងនឹងជំងឺអញ្ចាញធ្មេញ។

រូបតំណាង

៤. ជំរុញសុខភាពស្បែក

វីតាមីនC ទទួលបានពីសាឡាដ បានចូលរួមចំណែកផលិតសារធាតុកូឡាសែនដ៏សំខាន់សម្រាប់ភ្ជាប់កោសិកាស្បែកទាំងអស់ឲ្យហាប់ណែន។ សារធាតុកូឡាសែនប្រៀបបាននឹងស៊ីម៉ងដ៍សម្រាប់ភ្ជាប់កោសិកាស្បែកទាំងឡាយឲ្យនៅជាទ្រង់ទ្រាយជាប់ៗគ្នា។ ដូច្នេះស្បែកមួយដែលមានសុខភាពល្អទាមទារឲ្យមានសារធាតុកូឡាសែនយ៉ាងច្រើន ដែលអាចផលិតបានពីវីតាមីនសេ។

វាក៏ជាសារធាតុប្រឆាំងនឹងការខូចខាតកោសិកាយ៉ាងមានប្រសិទ្ធភាពដែរ។ វីតាមីនសេប្រៀបបានជា រនាំងមួយការពារកោសិកាស្បែកយើងពីកាំរស្មីស្វាយអ៊ុលត្រា ដែលកាំរស្មីនេះអាចមានឥទ្ធិពលជ្រៅចូលទៅក្នុងកោសិកាស្បែក បង្កឲ្យមានភាពមិនប្រក្រតីដល់ស្បែក ជាពិសេសអាចវិវឌ្ឍទៅរកជំងឺមហារីកស្បែកទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]