(ភ្នំពេញ)៖ កីឡាករលេងក្នុងតំណែងខ្សែការពារ សំអឿន ពិដោរ បានបង្ហើបឲ្យដឹងថា របួសសរសៃពួរជង្គង់របស់គេ ដែលអូសបន្លាយប្រមាណ ១ឆ្នាំទៅហើយនោះ ឥឡូវនេះបានធូរស្រាលប្រមាណជា ៦០ភាគរយហើយ និងអាចចាប់ផ្ដើមហ្វឹកហាត់បានតិចៗវិញដែរ។

សមាជិកក្រុមព្រះខ័នរាជស្វាយរៀងខាងលើបានថ្លែងដោយក្តីសប្បាយរីករាយ ដែលបានវិលចូលហ្វឹកហាត់ តែថាមិនទាន់អាចដំណើរការពេញលេញដូចមុនទេ ព្រោះនៅមានអារម្មណ៍ស្រៀវលើមុខរបួស។

ខ្សែការពារដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះ ចូលចិត្តបាល់ទាត់តាំងពីតូចមកម្ល៉េះ ហើយរូបគេតែងតែធ្វើជាអ្នករើសបាល់ឱ្យគេទាត់នៅស្ដាតចាស់ ដើម្បីមានឱកាសបានលេងបាល់ទាត់ខ្លះៗ។ ដោយសារតែមានចិត្តស្រឡាញ់វិស័យនេះ បូកផ្សំឱកាសបានផ្ដល់ឱ្យផងនោះ រូបគេបានចូលរួមហ្វឹកហាត់បាល់ទាត់ក្នុងនាមជាយុវជនរបស់កូនក្រុមលោកគ្រូ ភា សុភ័ក្រ្តា រហូតក្លាយខ្លួនជាកីឡាករល្អម្នាក់ និងបានជាប់ជាមួយក្រុមព្រះខ័នរាជស្វាយរៀង តាំងពីយុវជនរហូតដល់ក្រុមធំទល់បច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា សំអឿន ពិដោរ បានរងរបួសសរសៃពួរជង្គង់ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឲ្យរូបគេខកខានការប្រកួតនានារហូតដល់បច្ចុប្បន្ន និងពីក្រុមជម្រើសជាតិថែមទៀតផង៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]