បរទេស៖ YouTube គ្រោងបង្កើតកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ខ្លួន អាចមើលរឿងដោយឥតគិតថ្លៃ គ្រាន់តែមានផ្ទាំងផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ ដើម្បីដេញជើង Netflix, Amazon និងគេហទំព័រផ្តល់សេវាមើលរឿងដទៃទៀត។

រូបតំណាង

យុទ្ធសាស្រ្តមួយនេះមានន័យថា អ្នកប្រើប្រាស់មិនចាំបាច់ចំណាយលុយជាវ (subscribe) YouTube Premium ទៀតទេ។ YouTube Premium  ជាសេវាកម្មគិតលុយរបស់ YouTube ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់មើលវីដេអូពិសេសៗបានដោយគ្មានផ្ទាំងពាណិជ្ជកម្ម ស្តាប់ចម្រៀងក្នុងកម្រិតដើម (original) ដែលមានគុណភាពខ្ពស់ និងអាចមើលមាតិកាពិសេសៗបានទៀតផង។  

គម្រោងនេះនឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំក្រោយ ទោះបីការធ្វើបែបនេះអាចបាត់បង់ប្រយោជន៍ខ្លះក៏ដោយ។ ក្រុមហ៊ុនយក្សអាមេរិកនេះបានឱ្យដឹងថា គោលបំណងរបស់គម្រោងនេះគឺដើម្បីបំពេញកំណើនអ្នកប្រើប្រាស់អន្តរជាតិទាំងអស់ដែលចូលចិត្តមើលរឿង និងបំពេញតម្រូវការអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីភ្ជាប់ជាមួយនឹងវីដេអូពិសេសណាមួយ។

កាលពីដើមខែនេះ YouTube បានចាប់ផ្តើមអនុញ្ញាតជាលើកដំបូង ឲ្យអ្នកប្រើប្រាស់ទាំងអស់អាចមើលរឿងដោយឥតគិតថ្លៃបាន តែត្រូវមានផ្ទាំងផ្សាយពាណិជ្ជកម្មភ្ជាប់ជាមួយនឹងរឿង។ ដូច្នេះយើងអាចចូលទស្សនារឿងហូលីវូដបានជាច្រើន រួមមាន The Terminator និង Legally Blonde ជាដើម ដោយឥតគិតថ្លៃ។

យ៉ាងណាមិញ បច្ចុប្បន្នមានតែភាពយន្តជាង ១០០ប៉ុណ្ណោះដែលអាចចូលទស្សនាបាន ក្នុងនោះមានភាពយន្តដូចជា Fist of Fury, Sidekicks, Jack and the Beanstalk, Delhi Safari, Angels in the Outfield និងភាពយន្តជាច្រើនផ្សេងទៀត។ YouTube បាននិយាយថា ខ្លួននឹងដាក់រឿងបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]