អូស្រ្តាលី៖ ជារឿងដ៏គួរឲ្យត្រេកអរបំផុត សម្រាប់កូនភ្លោះស្រីដងខ្លួនជាប់គ្នា សញ្ជាតិប៊ូតង់ ទីបំផុតអាចចាកចេញពីមន្ទីរពេទ្យបានហើយ ក្រោយចំណាយពេលអស់ប៉ុន្មានសប្តាហ៍ បន្ទាប់ពីទទួលបានការវះកាត់បំបែកពួកគេចេញពីគ្នាដោយជោគជ័យ។

តាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន ចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៨ ក្មេងតូចបងប្អូនភ្លោះស្រី ដែលកើតមកខ្លួនប្រាណជាប់គ្នា (ពោះ) និងដ៏គួរឲ្យស្រលាញ់ខាងលើនេះ មានឈ្មោះថា Nima និង Dawa ។ ពួកគេទាំងពីរមានអាយុ ១៥ខែហើយ។

Nima និង Dawa ចេញពីមន្ទីរពេទ្យ

ក្មេងតូច Nima និង Dawa បានចេញពីមន្ទីរពេទ្យកុមាររ៉ូយ៉ាល់មែលប៊ន «Melbourne’s Royal Children’s Hospital» ប្រទេសអូស្រ្តាលី កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ជាមួយនឹងម្តាយរបស់ពួកគេ អ្នកស្រី Bhumchu Zangmo ក្រោយការវះកាត់ទទួលបានជោគជ័យ កាលពី៩ វិច្ឆិកា កន្លងទៅនេះ ដែលនេះគឺជាស្នាមញញឹមដ៏រីករាយបំផុត សម្រាប់គ្រួសាររបស់ក្មេងតូចទាំងពីរ រួមទាំងក្រុមវេជ្ជបណ្ឌិត ក៏ដូចជាមហាជនជាច្រើន បានចូលរួមសម្តែងក្តីត្រេកអរចំពោះពួកគេផងដែរ។

គ្រូពេទ្យវះកាត់កុមារប្រចាំនៅមន្ទីរពេទ្យខាងលើ លោកវេជ្ជបណ្ឌិត Joe Crameri បានមានប្រសាសន៍ថា កូនភ្លោះទាំងពីរបានប្រសើរឡើងច្រើនហើយ ប៉ុន្តែពុំទាន់កំណត់ថាថ្ងៃណា ពួកកគេត្រូវត្រលប់ទៅប៊ូតង់វិញនោះទេ។

«កូនភ្លោះនេះរឹងមាំល្អច្រើន ហើយឥឡូវនេះពួកគេក៏ចាប់ផ្តើមរៀនធ្វើសកម្មភាពផ្សេងៗដោយខ្លួនឯង និងរៀនផ្លាស់ទីជាដើម។ ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ នៅពេលដែលឃើញនូវស្នាមញញឹមរបស់ពួកគេបែបនេះ» ដុកទ័រ Crameri និយាយ។

វេជ្ជបណ្ឌិត Joe Crameri
ក្រុមវេជ្ជបណ្ឌិតវះកាត់បំបែកចេញ Nima និង Dawa

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ អតីតស្ដេចប៊ូតង់ Jigme Singye Wangchuck ក៏បានសរសេរសំបុត្រមួយច្បាប់ ផ្ញើទៅកាន់នាយកប្រតិបត្តិមន្ទីរពេទ្យឈ្មោះ Joe Stanway ដើម្បីជាការអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បុគ្គលិកពេទ្យទាំងអស់ ដែលបានខិតខំក្នុងប្រតិបត្តិការវះកាត់ជួយសង្គ្រោះ ផ្លាស់ប្តូរជីវិតកូនភ្លោះស្រីទាំងពីរនាក់នេះផងដែរ។

នៅក្នុងនោះ អតីតស្ដេចប៊ូតង់ Jigme Singye Wangchuck ក៏បានសរសេររំលេចដែរថា «ការវះកាត់ដែលទទួលបានជោគជ័យនេះ បានធ្វើឲ្យ Nima និង Dawa រីករាយនឹងជីវិតថ្មី ដែលប្រកបដោយសុភមង្គល និងមានអត្ថន័យបំផុតនៅក្នុងប្រទេសប៊ូតង់យើង» ។

Nima និង Dawa

គួរឲ្យដឹងថា តាមប្រភព Nima និង Dawa នឹងត្រូវធ្វើដំណើរទៅកាន់ Children First Foundation’s Kilmore (ឬជំរុំមូលនិធិកុមារ) នៃតំបន់ក្នុងរដ្ឋ Victoria ប្រទេសអូស្រ្តាលី ជាមួយនឹងម្តាយរបស់ពួកគេ ដើម្បីបន្តការមើលថែនិងព្យាបាល មុនត្រលប់ទៅផ្ទះរបស់ពួកគេវិញនៅប៊ូតង់ផងដែរ។

លោកវេជ្ជបណ្ឌិត Crameri បានបន្ថែមចុងក្រោយថា មូលនិធិនេះហើយដែលបានជួយនាំក្មេងស្រីភ្លោះទាំងពីរ និងម្តាយរបស់ពួកគេ មកកាន់ប្រទេសអូស្រ្តាលី ដើម្បីទទួលបានការវះកាត់នេះ។ ពួកគេបានមកដល់អូស្រ្តាលី តាំងតែពីកំឡុងខែតុលា ប៉ុន្តែពួកគេត្រូវធ្វើការរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍សម្រាប់ការវះកាត់ ព្រោះដើម្បីឲ្យពួកគេមានកម្លាំងរឹងមាំជាមុនសិន។ ហើយនេះវាពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់ក្មេងទាំងពីរនេះ៕

ទស្សនាវីដេអូខាងក្រោម៖

Nima និង Dawa និងម្តាយរបស់ពួកគេ
Nima និង Dawa និងម្តាយរបស់ពួកគេ
Nima និង Dawa
Nima និង Dawa
Nima និង Dawa ចេញពីមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]