អាមេរិក៖ ដើម្បីផ្លាស់ប្តូរប្រព័ន្ធហោះហើរបច្ចុប្បន្នឱ្យកាន់តែទំនើប គ្មានសំឡេងរំខាន គ្មានប៉ះពាល់ដល់បរិស្ថាន ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូស៊ែត (MIT) បានធ្វើការសាកល្បងដំណើរការកូនយន្តហោះមួយ ដែលអាចហោះបានដោយប្រើតែខ្យល់មួយប្រភេទប៉ុណ្ណោះ។ 

ការសាកល្បងយន្តហោះប្រភេទថ្មី

យន្តហោះដែលមានរាងដូចយានសំកាំង និងស្លាបពីចុងម្ខាងទៅចុងម្ខាងទៀតប្រវែងប្រាំម៉ែត្រនេះ ពុំមានស្លាបចក្រ តួប៊ីន ឬគ្រឿងមានចលនាអ្វីទាំងអស់ ព្រមទាំងមានម៉ាស៊ីនស្ងាត់ជ្រងំទៀតផង។

ផ្ទុយទៅវិញ កូនយាននេះប្រើ “ខ្យល់អ៊ីយ៉ុង” នៃម៉ូលេគុលបន្ទុកអគ្គិសនីក្នុងខ្យល់ដែលកកិតគ្នា បង្កើតបានជាកម្លាំងចលករ ដែលធ្វើការរុញច្រានឱ្យវាអាចហោះបាន។

អាស្រ័យហេតុនេះ ថ្ងៃណាមួយវាអាចបញ្ចប់សំឡេងរំខាន ចំពោះអ្នកដែលរស់នៅក្រោមផ្លូវយន្តហោះចេញដំណើរ ឬកៀកនឹងព្រលានយន្តហោះធំៗផងដែរ។ ជាងនេះទៅទៀត ខុសពីយន្តហោះធម្មតា វាក៏មិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឬជាតិបំពុលបរិយាកាសអ្វីឡើយ។  

ការសាកល្បងយន្តហោះប្រភេទថ្មី

ក្នុងការសាកល្បង យន្តហោះគ្មានមនុស្សបើក ដើរដោយកម្លាំងអាគុយ ដែលមានទម្ងន់ត្រឹមប្រមាណ ២.២៣ គីឡូក្រាម វាអាចហោះហើរបានក្នុងចម្ងាយ ៦០ ម៉ែត្រ ក្នុងកម្ពស់មធ្យមត្រឹម ០.៤៧ ម៉ែត្រ។ ក៏ប៉ុន្តែអ្នកច្នៃបង្កើតជឿថា វាមិនខុសពីការពិសោធន៍កាលពី១០០ឆ្នាំមុនទេ ដែលការចាប់ផ្តើមពីចំណុចតូចទៅបែបនេះ អាចនឹងកែប្រែមុខមាត់នៃការហោះហើរនៅថ្ងៃណាមួយ។

"នេះជាការហោះហើរដ៏មាននិរន្តរភាពដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ នៃយន្តហោះដែលគ្មានគ្រឿងវិលក្នុងប្រព័ន្ធរុញច្រាន។" ប្រធានក្រុមស្រាវជ្រាវ លោកបណ្ឌិត Steven Barrett មកពីវិទ្យាស្ថាន MIT បានឱ្យដឹងបែបនេះ ព្រមទាំងបន្ថែមថា "វាបានបើកលទ្ធភាពដ៏មានសក្តានុពលថ្មី និងមិនធ្លាប់រុករកពីមុន ចំពោះយន្តហោះដែលមានសំឡេងស្ងាត់ជាងមុន ម៉ាស៊ីនសាមញ្ញជាងមុន និងមិនបញ្ចេញចំហេះទៀតផង។"  

ការសាកល្បងយន្តហោះប្រភេទថ្មី

គួរបញ្ជាក់ថា នៅក្រោមស្លាបយន្តហោះនេះ មានខ្សែលួសជាច្រើនដែលផ្ទុកបន្ទុកអគ្គិសនីវិជ្ជមាន (+)កម្លាំង ២០,០០០ វ៉ុល។ វាជាអ្នកចាប់យកអេឡិចត្រុង ដែលមានបន្ទុកអគ្គិសនីអវិជ្ជមាន (-) ពីម៉ូលេគុលខ្យល់ ដោយបន្សល់នូវបន្ទុកអគ្គិសនីវិជ្ជមាន (+)។ ភ្លាមនោះ បណ្តុំម៉ូលេគុលវិជ្ជមានដែលនៅសល់ ក៏ស្ទុះសំដៅទៅរកខ្សែលួសដែលមានបន្ទុកអគ្គិសនីអវិជ្ជមាន ដែលចងនៅខាងក្រោយយន្តហោះ។ ពេលនោះហើយដែលអ៊ីយ៉ុង មានសកម្មភាពកកិតគ្នារាប់លានដងជាមួយម៉ូលេគុលខ្យល់ រួចបង្កើតបានជាកម្លាំងរុញច្រានដែលអាចឱ្យយន្តហោះ ហោះទៅមុខបាន។ 

ការសាកល្បងយន្តហោះប្រភេទថ្មី

ទោះយ៉ាងណា ឧបសគ្គមួយក្នុងចំណោមឧបសគ្គជាច្រើនគឺ គេត្រូវបង្កើតឧបករណ៍ដែលអាចផលិតថាមពលបាន ៤០,០០០ វ៉ុល ពីអាគុយរបស់យន្តហោះ។ យ៉ាងណាក៏ដោយ លោក Barrett បានបញ្ជាក់ថា "ពេលនេះលទ្ធភាពសម្រាប់បង្កើតប្រព័ន្ធរុញច្រានដូច្នេះពិតជាអាចទៅរួច"៕

ការសាកល្បងយន្តហោះប្រភេទថ្មី

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]