អ្នកដឹងទេការបរិភោគអាហារយើងប្រចាំថ្ងៃ មិនសំខាន់ឡើយថាញុំាច្រើនឬតិច  តែអ្វីដែលសំខាន់គឺការទទួលទានដែលបានសារធាតុសំខាន់ដែលរាងកាយយើងត្រូវការ មិនអាចខ្វះបាន រាប់តាំងពីប្រូតេអ៊ីន សារធាតុរ៉ែសំខាន់ៗ វីតាមីនសំខាន់ៗ និងសារធាតុសរសៃ ជាដើម។  រាងកាយយើងមានកម្រិតជាក់លាក់របស់វា សម្រាប់សារធាតុចិញ្ចឹមទាំងអស់ដែលចាំបាច់ត្រូវទទួលទានជាប្រចាំ។  កង្វះនៃសារធាតុទាំងនេះ បន្តិចបន្តួចនឹងមិនបង្កជាបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ  តែបើរបបអាហារគ្មានជីវជាតិគ្រប់គ្រាន់រយៈពេលច្រើនខែច្រើនឆ្នាំទៅមុខវិញនោះ មុខជានឹងបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។

ខាងក្រោមជាផលប៉ះពាល់មួយចំនួនដែលបង្កឡើងពីកង្វះនៃសារធាតុចិញ្ចឹមសំខាន់ៗ៣ប្រភេទ៖ 

១. កង្វះវីតាមីនដេ (D)

វីតាមីនD ជាប្រភេទវីតាមីនដ៏សំខាន់មួយរាងកាយត្រូវការជាចម្បងសម្រាប់ការលូតលាស់នៃសរីរាង្គឆ្អឹង តាមរយៈតួនាទីរបស់វាក្នុងការភ្ញោចឲ្យរាងកាយស្រូបសារធាតុកាល់ស្យូមចូលក្នុងឆ្អឹង ដែលធ្វើឲ្យសរីរាង្គមួយនេះមានភាពរឹងមាំខ្លាំង។ ក្រៅពីនេះ វីតាមីនD ត្រូវបានគេសិក្សាឃើញថា វាក៏មានអត្ថប្រយោជន៍ផ្សេងទៀត ចំពោះសុខភាពផ្លូវចិត្ត និងសុខភាពទូទៅផងដែរ។

កង្វះវីតាមីនD អាចងាយឲ្យលោកអ្នកប្រឈមមុខនឹងជំងឺពុកឆ្អឹង ដែលធ្វើឲ្យឆ្អឹងផុយ  ងាយប្រេះស្រាំ និងបាក់។ វាក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ និង មានហានិភ័យខ្ពស់បង្កទៅជាជំងឺ។

អាហារដែលមានវីតាមីនD ដូចជា៖ ផលិតផលទឹកដោះគោ យាអ៊ួរ ទឹកក្រូចស្រស់ ទឹកសណ្តែក ខ្លាញ់ត្រីសាម៉ុងត្រីធូណា និងស៊ុត ជាដើម។

អាហារសម្បូរវីតាមីនD

២. កង្វះជាតិដែក

ជាតិដែកជាប្រភេទសារធាតុចិញ្ចឹមមួយដ៏សំខាន់។ អ្នកដឹងទេ កោសិកាគ្រាប់ឈាមក្រហមក្នុងខ្លួនយើង សុទ្ធតែមានវត្តមាននៃសារធាតុដែក ដើម្បីបំពេញតួនាទីមួយដ៏សំខាន់ដើម្បីការរស់រានជីវីត គឺការផ្លាស់ប្តូរឧស្ម័នអុកស៊ីនសែន-កាបូនឌីអុកស៊ីត និង កាកសំណល់ជាដើម។

យោងតាមអង្គការសុខភាពពិភពលោក មនុស្សប្រមាណ២៥ភាគរយ ឬ១.៦កោដនាក់ កំពុងប្រឈមមុខនឹងបញ្ហាខ្វះជីវជាតិដែក ជាពិសេសប្រជាជននៃប្រទេសកំពុងអភិវឌ្ឍ។ កង្វះនៃសារធាតុដែកអាចធ្វើឲ្យងាយហត់អស់កម្លាំង ឈឺក្បាលវិលមុខ ដកដង្ហើមខ្លី ស្បែកឡើងស្លេកស្លាំង។

ដូច្នេះបំពេញរបបអាហាររបស់លោកអ្នកជាប្រចាំជាមួយនឹងអាហារសម្បូរជីវជាតិដែក ដូចជា៖ សាច់ (សាច់គោ ជ្រូក មាន់ ត្រី) ស្ពៃក្តោប ស្ពៃខាត់ណា ត្រកួន សណ្តែកសៀង និងគ្រាប់ធញ្ញជាតិ ជាដើម។

អាហារសម្បូរជាតិដែក

៣. កង្វះជាតិអ៊ីយ៉ូត

មនុស្សភាគច្រើនពុំដឹងអំពីសារៈសំខាន់នៃសារធាតុអ៊ីយ៉ូតចំពោះរាងកាយឡើយ។  អ៊ីយ៉ូត ដើរតួនាទីយ៉ាងសំខាន់សម្រាប់ដំណើរការមុខងារនៃក្រពេញទីរ៉ូអ៊ីត និងការផលិតនៃអរម៉ូនទីរ៉ូអ៊ីតជាពិសេស។ អរម៉ូនទីរ៉ូអ៊ីត ជួយដល់ការរក្សាលំនឹងនៃមេតាបូលីសរបស់កោសិកា សីតុណ្ហភាព និងការលូតលាស់នៃខួរក្បាលជាដើម។

កង្វះនៃសារធាតុអ៊ីយ៉ូត អាចធ្វើឲ្យក្រពេញទីរ៉ូអ៊ីតឡើងហើម ដែលយើងភាគច្រើនហៅវាថា “ពក ក” នេះឯង។ លើសពីនេះវាមានអាការផ្សេងទៀត រាប់តាំងពី ការងាយហត់អស់កម្លាំង ងាកៗផ្តាសាយ បញ្ហាទល់លាមកញឹកញាប់ ឡើងទម្ងន់ និង បញ្ហាទាក់ទងនឹងប្រព័ន្ធប្រសាទមួយចំនួនទៀតផង។

ដូច្នេះបំពេញរបបអាហាររបស់លោកអ្នកជាមួយនឹងសារធាតុអ៊ីយ៉ូតឲ្យបានគ្រាប់គ្រាន់ជាមួយនឹងអាហារដូចជា៖ ស៊ុត គ្រឿងសមុទ្រ(មឹក ក្តាម បង្កង បង្គា ត្រី) យ៉ាអ៊ួរ សារ៉ាយ និងអាហារមានលាយអំបិលអ៊ីយ៉ូតជាដើម៕

អាហារសម្បូរជាតិអ៊ីយ៉ូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]