អង់គ្លេស៖ ឳពុកម្តាយរបស់ទារិកាទើបនឹងកើតដែលមានវ័យ ៨ សប្តាហ៍ម្នាក់ បានចែករំលែកវីដេអូដ៏គួរឱ្យខ្លោចចិត្ត ពេលកូនរបស់ខ្លួនជិតផុតដង្ហើមដោយសារតែជំងឺផ្តាសាយធម្មតា និងកំពុងសង្គ្រោះបឋមដោយអ្នកគ្រូពេទ្យម្នាក់ កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។ 

លោក Thomas Hobbs ដែលត្រូវជាឳពុក និងអ្នកនាង Sophie Hobbs ដែលត្រូវជាម្តាយ ជាអ្នករស់នៅក្នុងសង្កាត់ Billingham ខណ្ឌ Durham ភាគឦសាន្តក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ អ្នកទាំងពីរបានប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យម្តងហើយកាលពីដើមខែវិច្ឆិកានេះ បន្ទាប់ពីឃើញនាងមានអាការក្អក និងកណ្តាស ប៉ុន្តែក្រោយមកក៏បញ្ជូនមកផ្ទះវិញ ដោយគ្រូពេទ្យបានផ្តាំឱ្យមើលថែនាងឱ្យបានដិតដល់។

លុះប្រាំថ្ងៃក្រោយ ត្រូវនឹងថ្ងៃទី៧ខែនេះ លោក Hobbs បានចូលទៅមើលកូនដូចធម្មតា ប៉ុន្តែស្រាប់តែឃើញនាងមានសភាពស្លេកស្លាំង និងមិនកម្រើកអ្វីបន្តិចសោះ។ ដោយឃើញស្ថានភាពមិនស្រួល គាត់ក៏ទូរសព្ទហៅឡានពេទ្យភ្លាម។  

ពេលទៅដល់មន្ទីរពេទ្យ ក្មេងតូចកម្សត់នេះត្រូវបានដាក់ក្នុងកូនគ្រែ និងបំពាក់ទុយោអុកស៊ីសែនកម្រិតខ្ពស់ ខណៈគ្រូពេទ្យ២០នាក់ខំស្រូតមកជួយជុំវិញគ្រែ។ នៅគ្រានោះ ឳពុកម្តាយទាំងពីរមិនអាចធ្វើអ្វីបាន ក្រៅពីឈរមើលគ្រូពេទ្យសង្គ្រោះបឋមដោយទះទ្រូងកូន ទាំងអារម្មណ៍ក្តុកក្តួល និងស្លន់ស្លោរថាអាចនឹងបាត់បង់កូនស្រីជាទីស្រលាញ់នៅពេលនោះហើយ។

សំណាងល្អ ក្រោយដាច់ដង្ហើមប្រហែលមួយនាទី ទារកអាយុថ្លៃនេះបានដឹងខ្លួនឡើងវិញ។ ថ្វីបើឆ្លងផុតគ្រោះថ្នាក់ក្តី ប៉ុន្តែនាងតូចដែលមានឈ្មោះ Eliza Hobbs បានសន្លប់បាត់ស្មារតីប្រាំថ្ងៃដោយសារជាតិថ្នាំ និងទ្រាំទ្រចំពោះការសង្គ្រោះបឋមចំនួនបួនដង បន្ទាប់ពីជំងឺផ្តាសាយនោះ ប្រែជាការឆ្លងរោគតាមផ្លូវដង្ហើមធ្ងន់ធ្ងរ ខណៈឳពុកម្តាយស្មានថាគ្រាន់តែជាការរលាកសួតធម្មតាប៉ុណ្ណោះ។ 

អ្នកគ្រូពេទ្យកំពុងសង្គ្រោះបឋម

ពេលនេះ Eliza បានដឹងខ្លួន និងអាចដកដង្ហើមដោយខ្លួនឯងវិញហើយ បន្ទាប់ពីសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់៧ថ្ងៃ។

ក្រោយហេតុការណ៍នេះកើតឡើង ឳពុកម្តាយទាំងពីរបានណែនាំឳពុកម្តាយទូទៅ ឱ្យលាងដៃឱ្យស្អាតជានិច្ច ហើយបើមានជំងឺផ្តាសាយ ត្រូវព្យាបាលឱ្យបាត់សិន មុននឹងទៅក្បែរកូន។ មិនត្រឹមប៉ុណ្ណោះ គឺហាមអ្នកណាមកថើបកូនផ្តេសផ្តាស ជាពិសេសគឺអ្នកដែលមានជំងឺផ្តាសាយតែម្តង៕ 

ទារិកាដែលស្ទើរស្លាប់ ដោយឆ្លងជំងឺផ្តាសាយ
ទារិកាដែលស្ទើរស្លាប់ ដោយឆ្លងជំងឺផ្តាសាយ
ឳពុកម្តាយនិងទារិកាដែលស្ទើរស្លាប់
ឳពុកម្តាយនិងទារិកាដែលស្ទើរស្លាប់

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]