អាការហៀរសំបោរនិងតឹងច្រមុះពិតជាគួរឲ្យធុញទ្រាន់ខ្លាំងណាស់។ ងាកៗហិចច្រមុះធ្វើឲ្យមិនស្រណុកក្នុងខ្លួនសោះ។ អ្នកដឹងទេថាអាការនៃការហៀរសំបោរអាចបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុដែលធ្វើឲ្យយើងផ្តាសាយតឹងច្រមុះ។ ហើយអាការនៃអាឡែកស៊ីក៏អាចធ្វើឲ្យហៀរសំបោរបានដែរ។

ប៉ុន្តែថ្មីៗនេះ អ្វីដែលកាន់តែប្លែកជាងនេះទៅទៀត គឺមានបុរសម្នាក់សញ្ជាតិអាមេរិក មានអាការហៀរសំបោររាប់ខែ រាប់ឆ្នាំ ចេះតែមិនបាត់សោះ។ គាត់ស្មានខ្លួនឯងថា គាត់មានបញ្ហាអាឡែកស៊ី ទើបធ្វើឲ្យគាត់ត្រូវរស់នៅជាមួយអាការនេះយ៉ាងលំបាករាប់ឆ្នាំ។ ទើបថ្មីៗនេះគាត់បានទៅជួបនឹងវេជ្ជបណ្ឌិតឯកទេសច្រមុះ បំពង់ក ហើយគេបានធ្វើរោគវិនិច្ឆ័យឃើញថា តាមពិតទៅគាត់មានបញ្ហាហៀរទឹកខួរក្នុងខួរក្បាល ( Cerebrospinal fluid leak)

ជាទូទៅ មេរោគ (ជាពិសេស បាក់តេរី) អាចឆ្លងចូលក្នុងខួរក្បាលតាមរយៈទឹកខួរឆ្អឹងខ្នង ហើយបណ្តាលឲ្យកើតជំងឺរលាកស្រោមខួរក្នុងករណីជាច្រើន។ ដូចគ្នាផងដែរ ការលេចធ្លាយទឹកខួរឆ្អឹងខ្នងចេញតាមស្រោមខួរក្បាលបានធ្វើឲ្យសម្ពាធក្នុងលំហរវាងស្រទាប់ការពារខួរក្បាល ជាមួយនឹងលលាដ៏ក្បាលកើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឲ្យវាត្រូវច្រាលចុះក្រោម ចូលតាមលំហនៃតំបន់ច្រមុះ បំពង់ក និងបង្កអាការហៀរសំបោរ ថប់ដង្ហើម និងតឹងច្រមុះមិនចេះបាត់ឡើយ (ចំណាំបើតឹងច្រមុះតែម្ខាងរយៈពេលយូរ និងញឹកញាប់)។

អ្វីកាន់តែបារម្ភជាងនេះទៅទៀត មេរោគ(បាក់តេរី) អាចជ្រៀតតាមរយៈទឹកខួរឆ្អឹងខ្នងដែលហៀរនេះចូលទៅកាន់ខួរក្បាល។ ជាហេតុបណ្តាលឲ្យមានបញ្ហាជំងឺទាក់ទងនឹងខួរក្បាលយ៉ាងធ្ងន់ធ្ងរថែមទៀតដូចជា ជំងឺរលាកស្រោមខួរជាដើម។

ចំណាំ៖  បើមានអាការតឹងច្រមុះតែម្ខាងញឹកញាប់និងរុំារ៉ៃរយៈពេលយូរ មិនបាត់ សូមប្រញាប់ទៅណាត់ជួបនឹងវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យមើលឲ្យបានជាក់លាក់ ចៀសវាងការស្មានរបស់លោកអ្នក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]