វីតាមីនណាក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពដែរ គ្រាន់តែផលរបស់វាខុសៗគ្នា  ជាក់ស្តែងដូចជា វីតាមីនC ដើរតួនាទីចម្បងជួយពង្រឹងប្រព័ន្ធភាពសុំារាងកាយ  ប្រឆាំងនឹងមេរោគដែលបៀតបៀនចង់បង្កជាជំងឺ វីតាមីនA ជាតម្រូវការមិនអាចខ្វះបានរបស់សរីរាង្គភ្នែក ជាដើម។

ចំណែកវីតាមីនD ជាសារធាតុចិញ្ចឹមមួយដែលខ្លួនប្រាណយើងត្រូវការជារៀងរាល់ថ្ងៃ។  ខាងក្រោមជាផលប្រយោជន៍មួយចំនួនធំ ដែលវីតាមីន D ផ្តល់ឲ្យ៖

ចំណីអាហារ សំបូរទៅដោយវីតាមីនD

១. វីតាមីនD និង ការលូតលាស់នៃឆ្អឹង

វីតាមីនD ជាវីតាមីនតែមួយប្រភេទគត់ ដែលយើងអាចទទួលបានពីកាំរស្មីព្រះអាទិត្យ។ វាជាវីតាមីនដ៏សំខាន់ ជួយដល់ការស្រូបយកសារធាតុកាល់ស្យូម ចូលទៅស្តុកក្នុងឆ្អឹង។  វីតាមីននេះជួយដល់ការលូតកម្ពស់ និងធ្វើឲ្យឆ្អឹងរឹងមាំ។ ក្រៅពីនេះ វាក៏បានចូលរួមចំណែករក្សាដំណើរការនៃតម្រងនោមនិងប្រព័ន្ធរបត់ឈាមផងដែរ។

២. វីតាមីនD និង សុខភាពផ្លូវចិត្ត

វាក៏ដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការលូតលាស់និងដំណើរការនៃប្រព័ន្ធប្រសាទផងដែរ។ ការសិក្សាមួយចំនួន បានបង្ហាញទំនាក់ទំនងអវិជ្ជមាន រវាងកម្រិតទាបនៃវីតាមីនD ជាមួយនឹងហានិភ័យនៃការជួបបញ្ហាជំងឺធ្លាក់ទឹកចិត្ត។

៣. វីតាមីនD និង ជំងឺទូទៅ

ការសិក្សាផ្សេងៗទៀត បានបង្ហាញនូវអត្ថប្រយោជន៍របស់វីតាមីនD ចំពោះការបង្ការនិង ប្រឆាំងជំងឺទូទៅមួយចំនួន មានដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើម ជំងឺសេនេទិច ជំងឺប្រព័ន្ធប្រសាទ និងបញ្ហាជ្រុះសក់ ជាដើម។

លើសពីនេះទៅទៀត តាមរយៈការសិក្សាស្រាវជ្រាវក្នុងពេលបច្ចុប្បន្ន គេបានសន្និដ្ឋានថា កង្វះនៃវិតាមីនD អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ និង ជំងឺមហារីកពោះវៀនធំផងដែរ។

ចំណាំ៖

លោកអ្នកអាចទទួលបាននូវសារធាតុចិញ្ចឹមនៃវីតាមីនDតាមរយៈចំណីអាហារទាំងអស់នេះ ដូចជា ទឹកដោះគោ យាអ៊ួរ ទឹកក្រូចស្រស់ ទឹកសណ្តែក ខ្លាញ់ត្រីសាម៉ុង និង ត្រីធូណា និង ស៊ុតជាដើម។

ជាពិសេសនោះ លោកអ្នកក៏អាចផ្តល់នូវវីតាមីនDសម្រាប់ខ្លួនប្រាណរបស់លោកអ្នកបន្ថែមទៀត ដោយគ្រាន់តែត្រូវកម្តៅថ្ងៃជាប្រចាំ ឲ្យបាន១០ទៅ១៥នាទីក្នុងមួយថ្ងៃតែប៉ុណ្ណោះ (កំដៅថ្ងៃពេលថ្ងៃរះ និងលិច)៕

ចំណីអាហារ សំបូរទៅដោយវីតាមីនD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]