ចិន៖ ចិននឹងផ្តល់ប្រាក់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ចំពោះពលរដ្ឋណាដែលរាយការណ៍ពីការផ្សព្វផ្សាយរឿងអាសអាភាស និងរឿងខុសច្បាប់ផ្សេងៗដល់អាជ្ញាធរ និងរដ្ឋាភិបាល។

ចាប់ផ្តើមពីថ្ងៃទី ១ ខែធ្នូនេះទៅ ពលរដ្ឋនឹងទទួលបានប្រាក់រង្វាន់រហូតដល់ ៦០០,០០០ យ័ន (១១៨,០០០ ដុល្លារ) សម្រាប់អ្នកដែលរាយការណ៍មាតិកាខុសច្បាប់នៅតាមអនឡាញ។

មាតិកាដែលត្រូវបានគេចាត់ទុកថា "ខុសច្បាប់" នៅក្នុងប្រទេសចិនរួមមាន ការងារណាដែល "បំផ្លាញនូវសាមគ្គីភាពជាតិ", "បែកធ្លាយអាថ៌កំបាំងរបស់រដ្ឋ" និង "រំខានដល់សណ្ដាប់ធ្នាប់សង្គម" ដែលពាក្យទាំងនេះក៏ត្រូវបានគេប្រើ នៅពេលដែលអាជ្ញាធរដាក់ទណ្ឌកម្ម ឬបំបិទមាត់ពួកអ្នកប្រឆាំងនឹងរដ្ឋាភិបាល និងសកម្មជនសិទ្ធិមនុស្សផងដែរ។

រូបតំណាង

ច្បាប់ថ្មីនេះត្រូវបានចេញដោយការិយាល័យមួយក្រោមនិយតករប្រព័ន្ធផ្សព្វផ្សាយកំពូល ដែលបង្កើតឡើងក្នុងការគ្រប់គ្រងលើមាតិកានានា។

កាលពីដើមសប្តាហ៍នេះ រដ្ឋបាលគ្រប់គ្រងប្រព័ន្ធអ៊ីនធើណេតរបស់ចិន (CAC) បាននិយាយថា ខ្លួនបានសម្អាតគណនីជាង ៩,៨០០ នៅលើបណ្តាញសង្គមរបស់ចិន ដែលក្នុងនោះរួមមានការចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មាន និងពាក្យចចាមអារ៉ាមដែលបង្កឲ្យមានគ្រោះថ្នាក់ផ្នែកនយោបាយ។

មន្រ្តីគ្រប់គ្រងប្រព័ន្ធអ៊ីនធើណេត បានរិះគន់ដល់បណ្តាញសង្គម WeChat និង Weibo សម្រាប់ការធ្វេសប្រហែស និងការមិនទទួលខុសត្រូវចំពោះបញ្ហានេះ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនខាង CAC បានចេញច្បាប់ថ្មីដែលតម្រូវឲ្យវេទិកា (platform) តាមអ៊ីនធើណេតទាំងអស់ ត្រូវរក្សាទុកទិន្នន័យអ្នកប្រើប្រាប់ទាំងអស់រួមមាន កំណត់ត្រាជជែកគ្នា (chat) អាសយដ្ឋានបណ្តាញ និងប្រភេទឧបករណ៍ប្រើប្រាស់នៅចុងខែនេះ។

ព័ត៌មានទាំងនេះរួមមាន "របាយការណ៏វាយតម្លៃសន្តិសុខ" ដែលប៉ូលិស និងខាង CAC អាចស្នើសុំពីវេទិកាទាំងនោះតាមតម្រូវការបាន។

ការត្រួតពិនិត្យបណ្តាញសង្គមបានកើនឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលក្នុងការ "លើកកម្អស់ការអភិវឌ្ឍន៍អ៊ីនធើណេតឱ្យមានសណ្តាប់ធ្នាប់  ការពារសន្តិសុខរដ្ឋ  និងប្រយោជន៍សាធារណៈ៕"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]