ប្រជាជនរាប់ពាន់នាក់ដែលភាគច្រើនមកពីជនបទបានមកជួបជុំគ្នានៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ។ ដូចឆ្នាំមុនៗដែរ ពួកគាត់បានមករាជធានីភ្នំពេញដើម្បីមើលការប្រណាំងទូកងដែលត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ជាផ្នែកមួយនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ និងដើម្បីផ្តល់ការលើកទឹកចិត្តដល់ទូកងមកពីស្រុកកំណើតរបស់ពួកគាត់។ ជានិច្ចកាលឱ្យតែការប្រកួតគូចុងបញ្ចប់ត្រូវបានបញ្ចប់រួចហើយក៏ដោយ ប្រជាជននៅតែរក្សាវត្តមាននៅទីនោះក្រោមជំនោរខ្យល់ត្រជាក់បក់មកពីទន្លេមេគង្គ ដើម្បីទស្សនាព្រឹត្តការណ៍ដ៏គួរឲ្យរំភើបបំផុតមួយទៀតនៅពេលល្ងាចនៃពិធី នោះគឺការបណ្តែតប្រទីប។

មួយសន្ទុះក្រោយមក ប្រទីបជាច្រើនដែលបង្កើតឡើងស្ថាប័នរាជរដ្ឋាភិបាលបានបង្ហាញខ្លួនមកលើផ្ទៃទន្លេសាប ហើយបញ្ចេញរូបរាងដ៏ស្រស់សង្ហា ព្រមទាំងពន្លឺចែងចាំងគួរឲ្យគយគន់។ គ្រប់ប្រទីបនីមួយៗសុទ្ធតែត្រូវបានតុបតែងឡើងជាមួយនឹងអត្ថន័យតំណាងឲ្យតួនាទី ទស្សនវិស័យ និងការសម្រេចបានរបស់ក្រសួងដែលបានបង្កើតវា។

ប្រទីបដែលបណ្តែតខ្លួននៅលើដងទន្លេសាបអស់ជាច្រើនម៉ោង អមទៅដោយភ្លើងកាំជ្រួចចម្រុះពណ៌នៅពេលរាត្រី បានបង្កើតជាទស្សនីយភាពដ៏អស្ចារ្យ ដែលគេអាចឃើញបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ សម្រាប់ទេសចរបរទេសទាំងឡាយដែលមិនបានមកទស្សនាការបណ្តែតប្រទីបនេះ ខណៈដែលកំពុងដើរកម្សាន្តនៅប្រទេសកម្ពុជា វាគឺជាការខាតបង់មួយដ៏ធំធេង។

សារព័ត៌មាន វែបសាយ និងប្លុកជាច្រើនបានសរសេរពីព្រះរាជពីធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ក៏ប៉ុន្តែមិនបានសរសេររៀបរាប់ច្រើនឡើយពីពិធីបណ្តែតប្រទីបនេះ ដោយភាគច្រើនគ្រាន់តែរៀបរាប់យ៉ាងខ្លីថា ជា«ពិធីដែលទាក់ទាញភ្ញៀវបរទេសច្រើនជាងគេ» និង «មានប្រភពតាំងពីសម័យអង្គរ»។ នេះប្រហែលជាបណ្តាលមកពីការមិនមានឯកសារច្រើនណាស់ណាទេដែលត្រូវបានគេកត់ត្រាពីពីធីនេះ។

ខណៈដែលពិធីបុណ្យអុំទូកកាន់តែខិតចូលមកដល់ ខ្មែរឡូតជឿជាក់ថា នេះគឺជាពេលដ៏ល្អដើម្បីសិក្សាស្វែងយល់ពីប្រទីប ដែលជាគ្រឿងទាក់ទាញដ៏បវរក្នុងពិធីបុណ្យប្រពៃណីនេះ។

ទិដ្ឋភាពទូទៅមុនពិធីបុណ្យអុំទូកខិតចូលមកដល់
ទិដ្ឋភាពទូទៅមុនពិធីបុណ្យអុំទូកខិតចូលមកដល់
ទិដ្ឋភាពទូទៅមុនពិធីបុណ្យអុំទូកខិតចូលមកដល់

#ប្រវត្ថិ និងអត្ថន័យ

មួយសប្តាហ៍មុនពិធីបុណ្យអុំទូកប្រចាំឆ្នាំ ២០១៨ ក្រុមបុរសមួយក្រុមដែលមានសមាជិក ១១ នាក់ កំពុងសាងសង់នូវប្រទីបរបស់ស្ថាប័នចំនួន ១៤ នៅលើផ្ទៃទឹកដែលនៅជុំវិញជ្រោយចង្វារ សម្រាប់បង្ហាញខ្លួនក្នុងពិធីបុណ្យ។ ពួកគាត់បានទទួលប្លង់រចនាពីបណ្តាស្ថាប័នកាលពីប្រមាណកន្លះខែមុន ហើយឥឡូវនេះពួកគាត់ស្ទើរតែបញ្ចប់ការងារនេះទៅហើយ។

ក៏ប៉ុន្ដែ មនុស្សជាច្រើនមិនអាចរង់ចាំរហូតដល់ពិធីបុណ្យបានឡើយ ពួកគាត់បានមកដល់កន្លែងនេះដើម្បី បានឃើញមុននូវរូបរាងដ៏ស្រស់ស្អាតរបស់ប្រទីបទាំងនោះ។ ក្នុងចំណោមនោះ ក៏មានលោកបណ្ឌិត ចិន្ត ច័ន្ទរតនា ជាប្រវត្តិវិទូកម្ពុជាមួយរូប និងជាប្រធានមូលនិធិកេរ្តិ៍តំណែលខ្មែរ ដែលតាំងពីកុមារភាព បានកោតសរសើរនិងចាត់ទុកថាប្រទីប គឺជា «អត្តសញ្ញាណជាតិពិសេសមួយ» ។

ទាក់ទងនឹងប្រវត្តិរបស់ប្រទីបថ្ងៃបុណ្យអុំទូកនេះ លោក ចិន្ត ច័ន្ទរតនា បានយល់ស្របនឹងមតិដែលគេលើកឡើងថា ប្រទីបទាំងនេះមានប្រភពតាំងពីសម័យចក្រភពអង្គរ (៨០២-១៤៣១) មកម្ល៉េះ ពោលគឺក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានធ្វើបុណ្យអុំទូក ជាលើកដំបូងដើម្បីអបអរសារទរជ័យជម្នះរបស់កងទ័ពជើងទឹករបស់ព្រះអង្គទៅលើកងទ័ពចាម។ លោកបានលើកឡើងទៀតថា គេបណ្តែតប្រទីបគឺដើម្បីរម្លឹកគុណទៅដល់ព្រះម៉ែគង្គារ និងព្រះធរណី។

លោកនិយាយថា៖ «ជីវិតរបស់ប្រជាជនកម្ពុជាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងទឹក និងដី ហើយស្ទើរតែគ្រប់បុណ្យទាំងអស់មានទាក់ទងនឹងព្រះម៉ែគង្គា និងព្រះម៉ែធរណី។ ឯចំណែកការប្រើប្រាស់ភ្លើងនៅលើប្រទីបនេះ គឺប្រហែលជាព្រះមហាក្សត្រចង់ឲ្យប្រជាជនរបស់ព្រះអង្គបានសប្បាយនឹងទស្សនីយភាពដ៏អស្ចារ្យនៅពេលរាត្រីថ្ងៃបុណ្យ»។

ទោះជាយ៉ាងណា លោកបណ្ឌិត មីសែល ត្រាណេ ជាប្រវត្ថិវិទូ និងជាតិពន្ទុវិទូដ៏ល្បីល្បាញរបស់កម្ពុជាបានច្រានចោលការលើកឡើងរបស់លោក ចិន្ត ច័ន្ទរតនា ដោយអះអាងថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា ប្រទីបទ្រង់ទ្រាយធំក្នុងពីធីបុណ្យអុំទូកសព្វថ្ងៃនេះ ត្រូវបានគេប្រើតាំងពីសម័យអង្គរ ដូចមនុស្សជាច្រើនលើកឡើងឡើយ។

លោក មីសែល ត្រាណេ បន្ថែមទៀតថា ប្រទីបដើមពិតប្រាកដ ជាកូនកន្ទោង ធ្វើជារាងផ្កាឈូក និងមានដាក់ទៀនដុតបំភ្លឺនៅចំកណ្តាល ដែលប្រជាជនខ្មែរទូទៅចំណាំបណ្តែតនៅតាមទន្លេនៅពេលចេញវស្សា ទើបជាប្រទីបដែលមានកំណើតតាំងពីសម័យអង្គរពិតប្រាកដ បើយោងទៅតាមឯកសារមួយចំនួនរបស់អ្នកស្រាវជ្រាវបរទេស។ លោកបានលើកឡើងទៀតថា គោលបំណងនៃការបណ្តែតប្រទីបនេះវិញ គឺគ្រាន់តែដើម្បីបែរបន់សុំសំណាងល្អ និងសុំឲ្យកសិផលបានទិន្នផលខ្ពស់តែប៉ុណ្ណោះ។

លោកនិយាយថា៖ «បើតាមខ្ញុំវិភាគ ប្រទីបដែលយើងឃើញបណ្តែតពេលអុំទូករាល់ថ្ងៃនេះគឺ ទើបតែមាននៅពេលដែលព្រះរាជាពញ្ញាយ៉ាត ផ្លាស់ទីរាជធានីពីអង្គរ មកចតុមុខ នៅឆ្នាំ ១៤៣១ ប៉ុណ្ណោះ។ ចំណែករឿងប្រទីបតំណាងក្រសួងនេះវិញ គឺកាន់តែថ្មីទៀត គឺប្រហែលជាកើតមាននៅសម័យអាណាព្យាបាលបារាំង នៅពេលដែលបារាំងបានបែងចែករដ្ឋាភិបាលខ្មែរឲ្យទៅជាស្ថាប័នជាច្រើន»។

ជាមួយគ្នានេះដែរ សៀវភៅប្រជុំរឿងព្រេងខ្មែរភាគ ៩ បោះពុម្ភដោយពុទ្ធបណ្ឌិតសភាកម្ពុជា នៅឆ្នាំ ១៩៧៤ បានផ្សារភ្ជាប់ការបណ្តែតប្រទីបជាកូនកន្ទោងនេះទៅនឹងរឿងព្រេងពុទ្ធនិយមមួយ ថ្លែងពីជាតិមួយនៃព្រះពុទ្ធទាំងប្រាំអង្គ។ រឿងនេះថ្លែងថា មានសត្វក្អែកមួយគូមានពងប្រាំ ហើយនៅថ្ងៃមួយខ្យល់ព្យុះបានបក់យកពងទាំងប្រាំនោះទៅបាត់។ ក្អែកទាំងពីរបានយំសោកបោកខ្លួនរហូត ក្ស័យជីវិត ហើយក៏បានកើតជាព្រះឥន្ទ្រ ជាស្តេចនៃពពួកទេវតា។ ឯពងទាំងប្រាំនោះបានញាស់មកជាកូនមនុស្ស ដែលបានតាំងធម៌ក្លាយជាតាបស។ ក្រោយមក ព្រះឥន្ទ្របានមកជួបជាមួយកូនប្រុសទាំង ៥ នោះ ហើយបានត្រាស់បង្គាប់ឲ្យពួកគេដាក់សំណែនបណ្តែតតាមទឹក ដើម្បីឧទ្ទិសមកដល់ខ្លួន។ ទោះបីជារឿងនេះស្តាប់ទៅចម្លែក ក៏ប៉ុន្តែវាបង្ហាញពីទំនាក់ទំនងរវាងការបណ្តែតប្រទីប និងព្រះពុទ្ធសាសនា។ មានឯកសារខ្លះបានសរសេរថា ការបណ្តែតប្រទីបនេះ គឺដើម្បីឧទ្ទិសឲ្យព្រះពុទ្ធជាម្ចាស់តែម្តង។  

ទិដ្ឋភាពទូទៅមុនពិធីបុណ្យអុំទូកខិតចូលមកដល់
ទិដ្ឋភាពទូទៅមុនពិធីបុណ្យអុំទូកខិតចូលមកដល់

#ឥទ្ធិពល ឬការស្រដៀងគ្នា?

ខណៈពេលដែលប្រទេសកម្ពុជាកំពុងរៀបចំពិធីបុណ្យអុំទូកដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំនេះប្រជាជនថៃកំពុងតែត្រៀមខ្លួនសម្រាប់ពិធីបុណ្យ លយក្រថុង (ឬ លយកន្ទោង) ក៏ជាថ្ងៃបុណ្យដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃផងដែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែវិច្ឆិកា។

ក្នុងអំឡុងពេលនៃពិធីបុណ្យលយកន្ទោង ប្រជាពលរដ្ឋថៃបានធ្វើកន្ទោងមានដាក់ទៀបបំភ្លឺ ពោលគឺស្រដៀងនឹងប្រទីបរបស់ប្រជាជនកម្ពុជាដែរ យកទៅបណ្តែតនៅលើទន្លេ ស្ទឹង ឬ ស្រះ ដោយធ្វើការបន់ស្រន់ និងជាការអធិស្ឋានទៅកាន់ព្រះម៉ែគង្គារធរណី។ ស្ថាប័នរដ្ឋាភិបាល សាជីវកម្មនិងអង្គការផ្សេងៗទៀតក៏បានធ្វើកន្ទោងធំៗ ហើយតុបតែងយ៉ាងស្អាតយកទៅបណ្តែតនៅពិធីបុណ្យដែរ ហើយថែមទាំងមានការប្រកួតប្រជែងលើកន្ទោងនេះថែមទៀតផង។

ទោះបីមានកំណត់ហេតុជាច្រើនអំពីប្រវត្តិនិងអត្ថន័យនៃបុណ្យ លយកន្ទោង នេះក៏ដោយ លោក ចិន្ត ច័ន្ទរតនា និង លោក មីសែល ត្រាណេ បានលើកឡើងថាពិធីបុណ្យនេះយកតាមពិធីបណ្តែតប្រទីបរបស់កម្ពុជា។

លោកចិន្ត ច័ន្ទរតនា ថ្លែងថា៖ «នគរសៀមដែលសព្វថ្ងៃនេះជាប្រទេសថៃ ទើបតែកកើតឡើងនៅសតវត្សទី ១២ហើយវប្បធម៌របស់ប្រទេសទទួលឥទ្ធិពលខ្លាំងពីវប្បធម៌កម្ពុជា ។ បុណ្យលយកន្ទោងនេះគឺជាឧទាហរណ៍មួយ ។»

ឯចំណែកលោក មីសែល ត្រាណេ មានប្រសាសន៍ថា «ពិធីបុណ្យទាំងពីរគឺ មានភាពស្រដៀងគ្នាខ្លាំងណាស់។ ប្រហែលជាកាលពីបុរាណ ប្រទេសទាំងពីរបានប្រារព្ធពិធីបុណ្យតែមួយ ក្រោយពីច្រើនឆ្នាំកន្លងផុតទៅ ប្រទេសទាំងពីរបានកែប្រែ ហើយបង្កើត លក្ខណៈមួយផ្សេងឡើងដោយខ្លួនឯង» ៕

ទិដ្ឋភាពទូទៅមុនពិធីបុណ្យអុំទូកខិតចូលមកដល់
ទិដ្ឋភាពទូទៅមុនពិធីបុណ្យអុំទូកខិតចូលមកដល់
ទិដ្ឋភាពទូទៅមុនពិធីបុណ្យអុំទូកខិតចូលមកដល់
ទិដ្ឋភាពទូទៅមុនពិធីបុណ្យអុំទូកខិតចូលមកដល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]