ប្រេស៊ីល៖ ថ្មីៗនេះវីដេអូឃ្លីប របស់នារីក្លាហានជនជាតិប្រេស៊ីលម្នាក់ តស៊ូប្រតប់ជាមួយនឹងចោរប្រុសស្ទើរភ្លើង ផ្តួលដេកដីចាប់ក្លេដៃជាប់ស្រែកលូរកពុទ្ធោ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម។

ហេតុការណ៍នេះបានកើតឡើង កាលពីសប្តាហ៍កន្លងទៅនេះ ស្ថិតក្នុងទីក្រុង Manaus ប្រទេសប្រេស៊ីស។

រូបភាពក្នុងថ្ងៃកើតហេតុ

នារីរងគ្រោះវ័យក្មេង និងក្លាហានខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា Sabrina Leite អាយុ ២២ឆ្នាំ។ នៅក្នុងថ្ងៃកើតហេតុ បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា Sabrina នាងបានឈរលេងនៅមុខផ្ទះ ខណៈនោះសម្រាប់តែមានបុរស ២នាក់ ដែលជាជនសង្ស័យបានជិះម៉ូតូមកជិតនាង។ បន្ទាប់ម្នាក់ក្នុងចំណោមនោះ បានចុះដើរសំដៅមកនាង ហើយគំរាមនាងទារយកទូរស័ព្ទពីដៃ។

Sabrina បាននិយាយថា៖ «ក្នុងពេលភ្លាមៗហ្នឹង ខ្ញុំគិតថា ពួកចោរនេះគ្មានអាវុធស្អីឡើយ ពួកវាគ្រាន់តែនិយាយគំរាមៗដើម្បីឲ្យខ្ញុំខ្លាច ហើយហុចទូរស័ព្ទឲ្យពួកវាតែប៉ុណ្ណោះ។ ដោយសារតែ ខ្ញុំឃើញពួកវាគ្មានស្អីក្នុងខ្លួននេះហើយ ទើបខ្ញុំក៏ចាប់ផ្តើមបញ្ចេញប្រតិកម្មវាយបកវិញតែម្តងទៅ។ តែប្រសិនណាបើពួកវា មានប្រដាប់ដោយកាំភ្លើងខ្លីអីនោះ ក៏ខ្ញុំមិនហ៊ានតបតទៅវិញដែរ» ។

ប្រភពបានឲ្យដឹងថា នៅគ្រានោះ Sabrina នាងក៏បានប្រញាប់គប់ទូរស័ព្ទ ចូលទៅក្នុងផ្ទះរបស់នាង ដែលធ្វើឲ្យចោរនោះហាក់ភិតភ័យវិញ។ ហើយភ្លាមៗនោះ ជនសង្ស័យជាចោរគំរាមប្លន់នោះ ក៏ប្រញាល់ស្ទុះរត់ទៅឡើងម៉ូតូវិញ ប៉ុន្តែស៊យធំក៏ត្រូវបានអ្នកជិតខាងនាង ដែលបានឃើញហេតុការណ៍នេះ បើកឡានបុកផ្តួលម៉ូតូ។

ជនសង្ស័យជាចោរ

Sabrina បានឲ្យដឹងទៀតថា «ចោរប្រុសនោះភ័យរត់បាតជើងសព្រាត តែត្រូវអ្នកជិតខាងខ្ញុំ បើកឡានដេញតាមបុកពីក្រោយ។ ហើយខ្ញុំក៏បានស្ទុះរត់ទៅតាមចាប់ផ្តួល ដេកដីក្លេដៃចោរនេះជាប់តែម្តងទៅ» ។

ជាក់ស្តែង នៅក្នុងវីដេអូឃ្លីប Sabrina បានប្រើដៃ និងយកជើងទាំងពីររបស់នាង កៀប ឬ ក្លេដៃម្ខាងរបស់ចោរជាប់ទាំងមិនបន្ធូរដៃ ដោយពុំឲ្យរើសបម្រាសបាន។ នៅពេលដែល Sabrina កាន់តែទាញនិងកៀបក្លេដៃចោរកាន់តែខ្លាំង គេឃើញចោរប្រុសស្ទើរភ្លើងនោះ បានពើងខ្លួននិងស្រែកយំខ្លាំងៗ ដោយក្តីឈឺចាប់ផងដែរ។

គួរឲ្យដឹងផងដែរថា ក្បាច់ចាប់ក្លេរបស់ Sabrina ដែលបានធ្វើទៅលើជនសង្ស័យជាចោរប្លន់នោះ គឺជាផ្នែកមួយនៃប្រភេទកីឡា Brazilian Jiu-Jitsu (ឬ Jiu-Jitsu) ។

Sabrina បាននិយាយទៀតថា នេះគឺជាបច្ចេកទេសកីឡា ដែលនាងបានហ្វឹកហាត់អស់រយៈពេល ៤ឆ្នាំមកហើយ។ ហើយនាងថែមទាំងជាម្ចាស់ខ្សែក្រវាត់ស (White Belt) ថែមទៀតផង។ តែទោះយ៉ាងណា នារីជើងខ្លាំងរូបនេះថា ចំណាត់ថ្នាក់ និងខ្សែក្រវាត់វាមិនសំខាន់ឡើយសម្រាប់នាង។

គ្រប់គ្នានិយាយថា Sabrina ពិតជាមានភាពក្លាហានមែន ក្នុងការប្រឈមមុខជាមួយនឹងចោរប្លន់។ គ្រប់គ្នាថា ក្រោយកើតមានរឿងបែបនេះហើយ ចាំមើល៍ចោរប្រាកដជាបាក់ស្បាតលែងហ៊ានមកក្បែរផ្ទះនាងទៀតជាមិនខាន។

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះ រយៈពេលប្រហែល ២០នាទីក្រោយមក ប៉ូលិសក៏បានចុះមកដល់ទីតាំងកើតហេតុ។ ជនសង្ស័យក៏ត្រូវបានឃាត់ខ្លួន និងរង់ចាំការចាត់ការបន្តទៅតាមផ្លូវច្បាប់ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]