កាហ្វេអាចធ្វើឲ្យយើងមានអារម្មណ៍ស្វាងល្អ និងគិតបានលឿន ទើបបានជាវាទាក់ទាញមនុស្សរាប់ពាន់នាក់ពិសាវាស្ទើរតែជារៀងរាល់ថ្ងៃ។  អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺកាហ្វេត្រូវបានគេសិក្សាពីមុនៗមក ថាបានផ្តល់នូវអត្ថប្រយោជន៍សុខភាពយ៉ាងច្រើនដូចជា បង្កើនអាយុសង្ឃឹមរស់ កាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺសរសៃប្រសាទជាដើម។ ហេតុផលដែលគេបានសន្និដ្ឋាននៅពីខាងក្រោយនៃអត្ថប្រយោជន៍របស់វា ក៏ព្រោះក្នុងកាហ្វេមានសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងម៉ូលេគុលនៃរ៉ាឌីកាល់សេរី។

ការសិក្សាថ្មីមួយវិញបានបញ្ជាក់កាន់តែច្បាស់អំពីផលប្រយោជន៍សុខភាពមួយទៀត ទទួលបានពីការពិសាកាហ្វេរៀងរាល់ថ្ងៃ។ យោងតាមការសិក្សាស្រាវជ្រាវលើសំណាកជាង ១,២លាននាក់ លទ្ធផលបានបង្ហាញថា បុគ្គលមានទម្លាប់ពិសាកាហ្វេខ្មៅសុទ្ធ  ៤កែវ ទៅ ៥កែវកាហ្វេក្នុង១ថ្ងៃ អាចថយចុះហានិភ័យជំងឺទឹកនោមផ្អែម ២៩% បើប្រៀបធៀបជាមួយនឹងសំណាកដែលមិនសូវពិសាកាហ្វេសោះ (សូន្យកែវក្នុងមួយថ្ងៃ)។

ទោះបីយ៉ាងណាក៏ដោយ គេពុំទាន់ដឹងច្បាស់ជាក់លាក់អំពីមូលហេតុនៃអត្ថប្រយោជន៍នៅឡើយទេ តែអ្នកវិទ្យាសាស្ត្រមានទ្រឹស្តីមួយថា មិនមែនមកពីសារធាតុកាហ្វេអ៊ីនទេ តែដោយសារសារធាតុការពារមួយចំនួនទៀតរបស់កាហ្វេ។ ជាក់ស្តែងគេបានសិក្សារវាងសំណាកពីរក្រុម ដែលមួយក្រុមពិសាកាហ្វេផ្ទុកសារធាតុកាហ្វេអ៊ីន រីឯមួយក្រុមទៀត កាហ្វេគ្មានសារធាតុកាហ្វេអ៊ីន។  ជាលទ្ធផលក្រុមសំណាក ដែលពិសាកាហ្វេគ្មានសារធាតុកាហ្វេអ៊ីនបង្ហាញឲ្យឃើញនូវការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែមដូចគ្នាដែរ។ ពោលគឺអ្នកពិសាកាហ្វេមួយថ្ងៃមួយកែវដែលមានផ្ទុកសារធាតុកាហ្វេអ៊ីន គឺហានិភ័យបង្កជំងឺបានថយចុះ ៧%។ ចំណែកបុគ្គលពិសាកាហ្វេគ្មានសារធាតុកាហ្វេអ៊ីនវិញ គឺហានិភ័យក៏បានថយចុះ ៦% ដែរ។

ដូច្នេះការបង្កើតឡើងនូវការសិក្សាស្រាវជ្រាវនេះ ក្នុងគោលបំណងដ៏ធំមួយ ដើម្បីសិក្សាអំពីផលប្រយោជន៍សុខភាពទទួលបានពីការពិសាកាហ្វេជារៀងរាល់ថ្ងៃ៕  

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]