កាលីហ្វ័រញ៉ា៖ ក្រោយមហាសោកនាដកម្មភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រនៃរដ្ឋកាលីហ្វ័រញ៉ា អ្វីៗជាច្រើនរាប់មិនអស់ត្រូវបាត់បង់ មិនថាជីវិតមនុស្ស សត្វ ព្រៃឈើ ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗទៀតឡើយ។ ក្នុងចំណោមនោះ ឆ្កែមួយក្បាលដែលរងគ្រោះដោយអគ្គិភ័យនេះដែរ បានប្រែរូបរាងពីស្អាតនិងគួរឱ្យស្រលាញ់ មកខ្លោចរោមនិងរលាកខ្លួនគួរឱ្យសង្វេគ ដែលសូម្បីតែម្ចាស់ខ្លួនឯងក៏ចំណាំលែងបាន។

ឆ្កែហាស្គីដែលឆេះរោមខ្ទេច

ពូជឆ្កែហាស្គីដ៏គួរឱ្យអាណិតនេះមានអាយុប្រហែល ១ ឆ្នាំ។ វាបានរស់នៅជាមួយគ្រួសារម្ចាស់របស់ខ្លួនតាំងពីតូចមកម្ល៉េះ។ លុះមានហេតុការណ៍ភ្លើងឆេះព្រៃនៅថ្ងៃទី ៨ វិច្ឆិកាកន្លងទៅនេះ គ្រួសារត្រកូល Yeager ក៏ជួបស្ថានភាពគ្រោះថ្នាក់ដូចអ្នកឯទៀតក្នុងតំបន់នោះដែរ ដោយត្រូវប្រញាប់ប្រមែប្រមូលកូនចៅដែលកំពុងនៅសាលា ឬនៅផ្ទះសាច់ញាតិដទៃទៀតឱ្យមកជួបជុំគ្នា ដើម្បីជម្លៀសទៅរកកន្លែងសុវត្ថិភាព ដែលនេះជាក្បួនត្រូវធ្វើពេលមានហេតុការណ៍អាសន្នម្តងៗ។

ក្រោយទៅយកកូនស្រីទាំងពីររួច លោកស្រី Michel Yeager បានត្រលប់មកផ្ទះខ្លួនឯងវិញដើម្បីយកឆ្កែរបស់ខ្លួនឈ្មោះ Max ទៅជាមួយ។ នៅពេលនោះ ពួកគេមានពេលមិនដល់ប្រាំនាទីផង ព្រោះផេះផង់ចាប់ផ្តើមធ្លាក់ពីលើមេឃមកហើយ ដែលជាសញ្ញាបញ្ជាក់ថាភ្លើងក៏ជិតមកដល់ដែរ ដូច្នេះគាត់ក៏បង្ខំចិត្តនាំកូនស្រីចេញទៅទាំងមិនទាន់រកឆ្កែឃើញនៅឡើយ។  

រូបរាងឆ្កែមុនភ្លើងឆេះព្រៃ

លុះដល់ថ្ងៃទី ១០ ពួកគេទទួលបានដំណឹងដែលបញ្ជាក់ថា ផ្ទះរបស់ខ្លួនត្រូវភ្លើងលេបត្របាក់ខ្ទេចអស់ហើយ។ ខណៈសោកស្តាយចំពោះការបាត់បង់ផ្ទះដែលធ្លាប់រស់នៅជាច្រើនឆ្នាំ ពួកគេក៏ខ្លាចក្នុងចិត្តថា Max ក៏មានវាសនាមិនខុសពីផ្ទះនោះដែរ។ ថ្វីបើអារម្មណ៍បែបនេះក្តី ក៏ពួកគេមិនបោះបង់ដោយងាយៗដែរ ដោយបង្ហោះរូបឆ្កែដែលកំពុងបាត់ខ្លួនតាមហ្វេសប៊ុក ហើយសង្ឃឹមថាមានអ្នកឃើញឆ្កែឈ្មោលមួយក្បាលនេះ។

ចៃដន្យអី ខណៈអូសចុះឡើងៗតាមហ្វេសប៊ុក ស្រាប់តែឃើញវីដេអូអំពីឆ្កែមួយក្បាលដែលគេរកឃើញក្នុងទីតាំងភ្លើងឆេះព្រៃ ហើយអ្វីដែលរឹតតែចៃដន្យទៀតនោះ គឺវាមានឈ្មោះថា Max ដូចគ្នា។ ប៉ុន្តែដំបូងឡើយ គ្រួសារនេះគិតថា គ្មានផ្លូវទេដែលសុនខមួយក្បាលនេះជាឆ្កែរបស់ខ្លួន ព្រោះអ្វីៗខុសស្រឡះពីគ្នាពេក។ ទោះយ៉ាងណា ពួកគេនៅតែសម្រេចចិត្តទៅមើលជាក់ស្តែងដដែល ក្រែងលោវាជា Max របស់ខ្លួនពិតប្រាកដមែន។  

រូបរាងឆ្កែមុនភ្លើងឆេះព្រៃ

លោកស្រី Yeager បានបញ្ជាក់ថា "ប្តីរបស់ខ្ញុំ Jeff ពិតជារកមើលតាមហ្វេសប៊ុកមែន ហើយក៏ឃើញឆ្កែមួយក្បាលដែលគេបញ្ជាក់ថាឈ្មោះ Max និងរកឃើញនៅក្បែរផ្សារ Stratton។ ពួកយើងរស់នៅក្បែរនោះដោយរំលងពីរបីផ្ទះប៉ុណ្ណោះ ដូច្នេះយើងក៏សាកទូរសព្ទទៅអ្នកផ្សាយដំណឹង រួចសួរថាម៉េចក៏ស្គាល់ឈ្មោះ និងអ្វីៗផ្សេងៗទៀត ទើបគេរៀបរាប់អំពីប្រឡៅឆ្កែតែម្តង។" ពេលនោះហើយដែលគ្រួសារ Yeager ដឹងច្បាស់ថាវាពិតជា Max របស់ពួកគេមែន។

ក្រោយដឹងដូច្នេះភ្លាម ពួកគេក៏ស្រូតទៅជួបឆ្កែដ៏គួរឱ្យអាសូរ ប៉ុន្តែជីវិតថ្លៃរបស់ខ្លួនវិញ។ ពួកគេសឹងតែមិនជឿភ្នែកខ្លួនឯង ថានេះជាឆ្កែតែមួយដែលរស់នៅជាមួយគ្នាតាំងពីតូច ហើយប្រែប្រួលគួរឱ្យសង្វេគខ្លាំងដល់ម្លឹងក្នុងមួយប៉ប្រិចភ្នែក។ ប៉ុន្តែអារម្មណ៍ភ័យខ្លាច អាណិតខ្លោចចិត្តទាំងប៉ុន្មាន បានប្រែជាស្នាមញញឹមទាំងទឹកភ្នែករលីងរលោង ពេល Max បង្ហាញទឹកមុខរីករាយពេលជួបម្ចាស់វិញ ថ្វីបើខាងក្រៅវាកំពុងមានអាការធ្ងន់ធ្ងរយ៉ាងណាក៏ដោយ តែខាងក្នុងវានៅតែជា Max ដដែល។  

ប្រឡៅឆ្កែដែលមានឈ្មោះ Max

បច្ចុប្បន្ន Max កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសត្វមួយកន្លែង។ ទោះបីអាការរបស់វាមិនសូវល្អ ប៉ុន្តែគ្រប់គ្នាជឿជាក់ថា វានឹងឆ្លងផុតគ្រោះថ្នាក់បាន ព្រោះកម្លាំងចិត្តនៃការជួបជុំគ្រួសារវិញ។ គ្មានអ្វីជាឧបសគ្គរារាំងវាមិនឱ្យជាសះស្បើយពេញលេញឡើយ គ្រាន់តែត្រូវការពេលវេលាបន្តិចប៉ុណ្ណោះ៕

Max​ ត្រេកអរពេលជួបម្ចាស់វិញ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]