អាមេរិក៖ ដើម្បីសាកល្បងភាពធន់នៃផលិតផលចេញថ្មីមួយប្រភេទរបស់ក្រុមហ៊ុនយក្ស Apple អ្នកលេងយូធូបម្នាក់ដែលមានគណនីឈ្មោះ JerryRigEverything បានយក iPad Pro ស៊េរីថ្មីដែលមានតម្លៃដល់ទៅ ៧៩៩ ដុល្លារ មកកាច់ពត់មើលថាតើវារឹងមាំប៉ុណ្ណា។ 

iPad Pro ស៊េរីថ្មីដែលកាច់បាក់ស្រួលៗ

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ផលិតផលដែលមានអេក្រង់ទំហំ ១១ អ៊ីញ និង ១២.៩ អ៊ីញ ជាមួយ កម្រាស់តែ ៥.៩ មីលីម៉ែត្រ ដែលស្តើងជាងស៊េរីមុន ១ មីលីម៉ែត្រនោះ ត្រូវបានកាច់បាក់ផុយៗដោយមិនប្រើកម្លាំងខ្លាំងប៉ុន្មានឡើយ។

បន្ថែមពីលើការកាច់នេះ ម្ចាស់គណនីដែលមានឈ្មោះពិត Zack Nelson ក៏សាកល្បងយកកាំបិតមកឆូតខ្នងដែលធ្វើពីអាលុយមីញ៉ូម និងកញ្ចក់កាមេរ៉ា ព្រមទាំងធ្វើសកម្មភាពមួយចំនួនទៀតផងដែរ។ គោលបំណងនៃការសាកល្បងនេះគឺ លោក Nelson សង្ឃឹមថាក្នុងស្ថានភាពជាក់ស្តែង វានៅតែរក្សាភាពដើមបានពេលដាក់ក្នុងកាបូប ឬកាតាបសៀវភៅ ជាពិសេសគឺពេលច្រឡំអង្គុយពីលើដោយចៃដន្យ។  

ផ្នែកខាងក្នុង iPad Pro ស៊េរីថ្មី

ថ្វីបើអតិថិជនមិនមែនទិញឧបករណ៍នេះមកកាច់ ឬឆ្កូតលេងបែបនេះក៏ដោយ ក៏អ្នកប្រើប្រាស់ខ្លះបានបង្ហោះការត្អូញត្អែររបស់ខ្លួនថា iPad របស់ពួកគេប្រែជាកោង ក្រោយពេលដាក់តាមកាតាបមិនដល់មួយសប្តាហ៍ផង។

ទោះយ៉ាងណា មិនខុសពីទម្លាប់ធម្មតាដែរ អ្នកប្រើប្រាស់ត្រូវបានណែនាំឱ្យប្រើស្រោមការពារ ដើម្បីបញ្ចៀសការខូចខាតផ្សេងៗ៕ 

ការឆូតរូបមនុស្សពីងពាងលើ iPad Pro
iPad Pro ស៊េរីថ្មីដែលមានអេក្រង់ ១១ និង ១២.៩ អ៊ីញ
iPad Pro ស៊េរីថ្មីដែលមានអេក្រង់ ១១ និង ១២.៩ អ៊ីញ

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]