អ្នកដឹងទេថាសុខភាពផ្លូវចិត្តក៏សំខាន់ដូចនឹងសុខភាពរាងកាយដែរ។ ទាំងពីរមុខនេះ ចាំបាច់ត្រូវដើរទន្ទឹមគ្នាមិនអាចខ្វះមួយណាបានឡើយ ព្រោះកាលណាសុខភាពរាងកាយយើងមិនល្អ  វានឹងប៉ះពាល់ដល់ការគិត ឥរិយាបថ  និងដំណើរការនៃខួរក្បាល។ បើយើងមិនបានមើលថែទាំសុខភាពផ្លូវចិត្តឱ្យបានល្អទេនោះ វាក៏អាចប៉ះពាល់ដល់ជីវសាស្ត្រនៃរាងកាយយើងយ៉ាងធ្ងន់ធ្ងរ តួយ៉ាងដូចជាស្ត្រេសញឹកញាប់ អាចបង្កើនហានិភ័យនៃជំងឺលើសឈាម ជាដើម។

បញ្ហាសុខភាពផ្លូវចិត្ត កំពុងកើនឡើងគួរឲ្យកត់សម្គាល់នៅប្រទេសកម្ពុជា ក្នុងចំណោម១០នាក់ មាន៤នាក់កំពុងរងគ្រោះនូវជំងឺផ្លូវចិត្ត។ បញ្ហានេះកំពុងត្រូវបានព្រងើយកន្តើយ។

ការយល់ដឹងបន្ថែមអំពីសុខភាពផ្លូវចិត្ត គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះចិត្តរបស់យើង ដែលគ្រប់គ្រងដោយខួរក្បាលប្រៀបបាននឹងមេបញ្ជាការធំមួយ ដែលកំណត់នូវ អារម្មណ៍ ការគិត ការពិចារណា ឥរិយាបថ អាកប្បកិរិយា និងសុខភាពរាងកាយទៀតផង។

ដូច្នេះការយល់ដឹងភាពខុសគ្នាឲ្យបានច្បាស់លាស់រវាង ជំងឺធ្លាក់ទឹកចិត្ត និងភាពសោកសៅជាជំហានមួយដ៏សំខាន់ដើម្បីយល់ដឹងបន្ថែមអំពីសុខភាពផ្លូវចិត្ត។

ខាងក្រោមជាភាពខុសគ្នាមួយចំនួន រវាងជំងឺធ្លាក់ទឹកចិត្ត(Depression) និងភាពសោកសៅ (Sadness)៖

បើយោងទៅតាមប្រភពពី Untangle: Mental Health Awareness ដែលជាគម្រោងដំបូងបំផុត និងមិនធ្លាប់មានពីមុនមក មានគោលបំណងបង្កើនការយល់ដឹងបន្ថែមអំពីសុខភាពផ្លូវចិត្តបានឲ្យដឹងថា៖

១. ជំងឺធ្លាក់ទឹកចិត្ត គឺជាស្ថានភាពអារម្មណ៍មិនប្រក្រតី រីឯ ភាពសោកសៅ គឺជាអារម្មណ៍ធម្មតាមួយរយៈពេលខ្លីរបស់មនុស្សតែប៉ុណ្ណោះ។

២. ពេលដែលយើងមានជំងឺធ្លាក់ទឹកចិត្ត យើងមានអារម្មណ៍សោកសៅចំពោះអ្វីៗគ្រប់បែបយ៉ាង។

៣. ជំងឺធ្លាក់ទឹកចិត្ត អាចជះឥទ្ធិពលទៅលើគ្រប់ផ្នែកនៃជីវិតរបស់អ្នកជំងឺ ហើយអ្នកជំងឺត្រូវការពេលយូរដើម្បីធូរស្បើយឡើងវិញ ។  បើមានអាការសោកសៅរយៈពេលយូរ ១ ទៅ២សប្តាហ៍មិនបាត់ទេនោះ វាជារោគសញ្ញាមួយបញ្ជាក់ថាលោកអ្នក កំពុងប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្ត។ ចំណែកអារម្មណ៍សោកសៅវិញ មានរយៈពេលខ្លី ហើយបន្ទាប់មកយើងនឹងចាប់ផ្តើមមានអារម្មណ៍ស្រស់ស្រាយ និងធូរស្បើយឡើងវិញ។

៤. ការធ្លាក់ទឹកចិត្ត មិនចាំបាច់ទាមទារឲ្យមានព្រឹត្តិការណ៍លំបាក ឬ ការបាត់បង់ធ្ងន់ធ្ងរអ្វីនោះទេ។ រីឯភាពសោកសៅ ជាធម្មតាត្រូវបានបង្កឡើងដោយព្រឹត្តិការណ៍ បទពិសោធន៍ ឬ ស្ថានភាពពិបាក ឈឺចាប់ ឬ ខកចិត្តណាមួយ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]