ជំងឺបាក់ទឹកចិត្តជាជំងឺផ្លូវចិត្តដែលមិនត្រឹមប៉ះពាល់ដល់ការគិត អារម្មណ៍ ឥរិយាបថយ៉ាងធ្ងន់ធ្ងរនោះទេ វាអាចបង្កផលប៉ះពាល់ដល់សុខភាពរាងកាយថែមទៀត។

អ្នកដឹងទេថា មនុស្ស៤នាក់ក្នុងចំណោម១០នាក់នៃប្រជាជនកម្ពុជា ត្រូវបានគេប្រមាណថា នឹងអាចជួបបញ្ហាធ្លាក់ទឹកចិត្តក្នុងពេលណាមួយនៃជីវិតរបស់គេ។ ៤០% អាចចាត់ទុកបានថាជាអត្រាមួយខ្ពស់ផងដែរ។

ចំណែកការព្យាបាល ជំងឺបាក់ទឹកចិត្តវិញ ភាគច្រើនគេរួមបញ្ចូលការពិគ្រោះជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត ហើយបូកផ្សំជាមួយការប្រើប្រាស់ថ្នាំ (SSRIs) ដែលជាប្រភេទថ្នាំ ជួយបង្កើនអរម៉ូនសឺរូតូនីន (Serotonin) ដើម្បីធ្វើឲ្យយើងមានអារម្មណ៍សប្បាយចិត្ត និងធូរស្បើយឡើងវិញ។ ប៉ុន្តែការប្រើប្រាស់ថ្នាំនេះ មិនសុទ្ធតែមានប្រសិទ្ធភាពចំពោះអ្នកជំងឺទាំងអស់នោះទេ ដែលជាហេតុបង្កើតជាចម្ងល់ និងសំណួរនៅក្នុងចំណោមអ្នកស្រាវជ្រាវសុខភាពផ្លូវចិត្តថា តើជំងឺធ្លាក់ទឹកចិត្តអាចបែងចែកជាប្រភេទផ្សេងៗទៀតដែរឬទេ?

ដូច្នេះហើយទើបក្រុមអ្នកស្រាវជ្រាវមួយក្រុមដែលបានដឹកនាំដោយលោកសាស្ត្រចារ្យ Kenji Doya បានធ្វើការសិក្សាដើម្បីដោះស្រាយនូវចម្ងល់មួយនេះ។ ពួកគាត់បានប្រមូលទិន្នន័យជាច្រើនពីសំណាក តាមរយៈការស្ទង់មតិ លក្ខខណ្ឌសុខភាព វិភាគទៅលើច្រវ៉ាក់សែន កម្រិតអរម៉ូនករទីស៉ូល និងធ្វើការស្កេនខួរក្បាលចំនួន ៧៨តំបន់នៃសរីរាង្គទៀតផង។

ជាលទ្ធផលក្រុមស្រាវជ្រាវរបស់លោកបានសន្និដ្ឋានថា ជំងឺធ្លាក់ទឹកចិត្តអាចបែងចែកជា ៣ប្រភេទផ្សេងៗគ្នា ហើយផ្នែកនីមួយៗសុទ្ធតែខុសគ្នាដោយសារទំនាក់ទំនងនៃកត្តាបី គឺវត្តមាន ឬ អវត្តមាននៃការគាបសង្កត់ផ្លូវចិត្តនៅពេលកុមារភាព និង លក្ខណៈទ្រង់ទ្រាយនៃទំនាក់ទំនងរវាងពីរតំបន់ផ្សេងគ្នារបស់ខួរក្បាល។

ថ្នាំ SSRI ប្រើប្រាស់ចំពោះអ្នកជំងឺបាក់ទឹកចិត្ត ដែលធ្លាប់ជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតាំងពីកុមារភាពដូចជា អំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ ឬ ការបាត់បង់មនុស្សជាទីស្រលាញ់ ជាមួយនឹងការកើនឡើងនូវលក្ខណៈទ្រង់ទ្រាយខួរក្បាលជាក់លាក់មួយ  ពុំមានប្រសិទ្ធភាពក្នុងការព្យាបាលឡើយ។ រីឯអ្នកជំងឺ ដែលបានបង្កឡើងដោយសារមូលហេតុ នៃលក្ខណៈទ្រង់ទ្រាយនៃខួរក្បាលជាក់លាក់ ប៉ុន្តែពុំធ្លាប់ជួបបញ្ហាផ្លូវចិត្តពីតូចមកទេ អាចព្យាបាលដោយសារថ្នាំបានយ៉ាងមានប្រសិទ្ធភាព។ ចំណែកប្រសិទ្ធភាពរបស់ថ្នាំ ចំពោះអ្នកជំងឺប្រភេទទី៣វិញ គេពុំទាន់ដឹងច្បាស់នៅឡើយទេ។

ការសិក្សាបង្ហាញថា ជំងឺបាក់ទឹកចិត្តមានបែងចែកជាបីប្រភេទផ្សេងគ្នា នឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកប្រភេទថ្នាំ និងវិធីសាស្ត្រផ្សេងៗទៀត ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺបាក់ទឹកចិត្តឲ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ន៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]