ភ្នំពេញៈ តារាម៉ូដែល និងជាពិធីការិនី ដែលមានរាង ខ្ពស់ស្រឡះ សម្បុរស និងមានរូបសម្រស់ មិនចាញ់តារាស្រីស្រករក្រោយកញ្ញា ប៊ីរីយ៉ា បានបង្ហើបប្រាប់ថា ក្រៅពីអាជីពជាតារាម៉ូដែល និងជាពិធីការិនីនោះ នាងក៏ចង់ក្លាយ ជាតារាសម្តែងខ្សែភាពយន្តមួយរូបផងដែរ ប៉ុន្តែក្រោយពីនាងប្រឡូកក្នុងវិស័យសិល្បៈ នាងហាក់បីដូចជាមិនមាន ឱកាសក្នុងការថតរឿងទាល់តែសោះ។ តារាស្រីដែលទើបតែចាប់ផ្តើមមានឈ្មោះបោះសំឡេងតាមរយៈការថតស្ពតរូបនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាមទូរស័ព្ទថា តាមការពិតទៅបច្ចុប្បន្ននាងមានការមមាញឹកជាមួយការងារសិល្បៈច្រើន ព្រោះ មានម្ចាស់ក្រុមហ៊ុនក៏ដូចជាផលិតកម្មទាក់ទងឲ្យនាងថតស្ពតពាណិជ្ជកម្ម និងថតបទចម្រៀងកាយវិការខារ៉ាអូខេ ច្រើន ប៉ុន្តែរហូតមកដល់ពេលនេះ នាងមិនទាន់បានថតខ្សែភាពយន្តនៅឡើយទេ ព្រោះថាពេលវេលាហាក់បីដូច ជាមិនទាន់ផ្តល់ឱកាសឲ្យនាងចាប់យកអាជីពមួយនេះសោះ។ ស្រីស្រស់ដែលមានអ្នកម្តាយជាកូនកាត់ឥណ្ឌារូបនេះ បានប្រាប់ទៀតថា ”ខ្ញុំក៏ចង់ថតខ្សែភាពយន្តដែរ ប៉ុន្តែដោយ សារតែខ្ញុំរវល់ច្រើនជាមួយការងារដើរម៉ូដផង ថតស្ពតផង និងថតបទចម្រៀងផង ទើបខ្ញុំមិនទាន់បានបញ្ចេញ សមត្ថភាពសម្តែងជាខ្សែភាពយន្ត។ ប៉ុន្តែថ្ងៃណាមួយដែលខ្ញុំមានពេល ខ្ញុំក៏ចង់ចាប់យកអាជីពមួយនេះដែរ ព្រោះ ថាសិល្បៈគឺខ្ញុំចង់ចេះ និងប្រឡូកទាំងអស់គ្រាន់តែថា ពេលនេះ ពេលវេលាមិនទាន់អំណោយផលសម្រាប់រូប ខ្ញុំ”។ តារាស្រីវ័យ២១ឆ្នាំរូបនេះបន្ថែមទៀតថា តាមការពិតទៅនាងមិនខ្លាចថា នាងគ្មានឱកាសក្នុងការសម្តែងរឿងទេ ព្រោះថា នាងទើបតែចូលប្រឡូកក្នុងសិល្បៈ មិនទាន់បាន២ឆ្នាំផង ហើយនាងក៏នៅសល់ពេលវេលាច្រើនទៀត ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់នាងឲ្យមានភាពល្បីល្បាញនៅក្នុងពិភពសិល្បៈ បើទោះបីជានាងមិនទាន់បានថត រឿងក៏ដោយ ប៉ុន្តែនាងក៏បានថតស្ពតច្រើន ហើយនាងសង្ឃឹមថា ដោយសារតែការតស៊ូ និងព្យាយាមរបស់នាង មិនយូរទេ នាងនឹងអាចទទួលបានជោគជ័យក្នុងអាជីព ដែលនាងស្រឡាញ់តាំងពីតូចមកនោះ។ គួររំលឹកផងដែរថា កញ្ញា ប៊ីរីយ៉ា បានចូលប្រឡូកក្នុងសិល្បៈ នៅចុងឆ្នាំ២០១០ក្នុងនាមជាតារាបង្ហាញម៉ូដឲ្យក្រុម បង្ហាញម៉ូដ Sun Modeling ក្រោយមកនាងក៏ត្រូវបានម្ចាស់ក្រុមហ៊ុនក៏ដូចជាម្ចាស់ ផលិតកម្មជាច្រើនទាក់ទងឲ្យ នាងថតស្ពត ក៏ដូចជាចម្រៀងកាយវិការខារ៉ាអូខេ ដូចជាបទ «ក្រៅពីអូនមិនយកប្រពន្ធ» និងបទ «អ្នកណានាំ អូនមក» បទ«ឈប់ស្អប់បងទៅ» និងថតស្ពតម៉ូតូហុងដាស៊េរី២០១២, ថតស្ពតឲ្យសាប៊ូលុច្ស និងមានស្ពត ក៏ដូច ជាបទចម្រៀងជាច្រើនទៀតផងដែរ៕

ដោយៈ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]