មហារីកជាជំងឺមួយដ៏កាចសាហាវសម្លាប់មនុស្សរាប់លាននាក់ ព្រោះជំងឺនេះបង្កឡើងដោយសារកោសិការីកលូតលាស់យ៉ាងខ្លាំងក្លាដោយខ្លួនវា ហើយចាប់ផ្តើមបំពេញមុខងារជីវសាស្ត្រខុសប្រក្រតី ដែលបណ្តាលឲ្យប៉ះពាល់ដល់កោសិកាដទៃ។

អ្នកស្រាវជ្រាវវេជ្ជសាស្ត្រ បានប្រឹងប្រែងព្យាយាមស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពធ្វើរោគវិនិច្ឆ័យជំងឺមហារីក ដូចជាធ្វើការស្កេនមើលដុំកោសិកាមហារីក ឬ ធ្វើតេស្តDNA របស់កោសិកាឈាម ជាដើម។ល។ បើទោះបីជាយ៉ាងណាក៏ដោយ វិធីសាស្ត្រភាគច្រើននៃការធ្វើរោគវិនិច្ឆ័យរកកោសិកាមហារីកទាមទាររយៈពេល និង ធនធានច្រើនដែលបណ្តាលឲ្យអត្រានៃការព្យាបាលជោគជ័យមិនសូវខ្ពស់ឡើយ។

ចំណែកការសិក្សាថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកនៃសាកលវិទ្យាល័យ Cambridge នៅចក្រភពអង់គ្លេសវិញបានអភិវឌ្ឍវិធីសាស្ត្រធ្វើតេស្តឈាមថ្មី ដើម្បីរកមើលកោសិកាមហារីក។ វីធីសាស្ត្រនេះមានភាពងាយស្រួលជាងវិធីសាស្ត្រដទៃពីមុនៗដោយគេផ្តោតទៅលើខ្សែច្រវ៉ាក់DNAផងដែរ ជាពិសេសវាមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស ដែលអាចប្រើប្រាស់សម្រាប់ការវិនិច្ឆ័យជំងឺមហារីកបានទាន់ពេលវេលា។

វិធីសាស្ត្រថ្មីនេះបានប្រើប្រាស់នូវមូលដ្ឋាននៃការប្រៀបធៀបទំហំនៃច្រវ៉ាក់DNA រវាងកោសិកាធម្មតា និងកោសិកាមហារីក។ ជាលទ្ធផលគេរកឃើញថា ទំហំនៃច្រវ៉ាក់DNA ធំជាងរបស់កោសិកាល្អធម្មតារបស់យើង។ ដោយពឹងផ្នែកទៅលើមូលដ្ឋានគ្រឹះមួយនេះគេបានធ្វើតេស្តទៅលើសំណាករាប់រយនាក់។

ដោយប្រើប្រាស់វិធីសាស្ត្រនេះក្រុមអ្នកស្រាវជ្រាវអាចវិនិច្ឆ័យឃើញនូវជំងឺមហារីកពោះវៀនធំ បំពង់បញ្ចេញទឹកប្រមាត់ ដៃស្បួន សុដន់ និងមហារីកស្បែក បានរហូតដល់់ទៅ៩៤ភាគរយ ក្នុងសំណាកនៃអ្នកជំងឺមហារីកចំនួន៦៨នាក់។ លើសពីនេះ ភាគរយនៃការវិនិច្ឆ័យឃើញជំងឺមហារីក លំពែង តម្រង់នោម និង ខួរក្បាលបានរហូតដល់ទៅ៦៥ភាគរយ ក្នុងចំណោមសំណាក៥៧នាក់។

បើទោះបីជាការសិក្សាស្រាវជ្រាវនេះ សិក្សាចំពោះតែសំណាកដែលមានជំងឺមហារីកដំណាក់កាលចុងក្រោយក៏ដោយ ប៉ុន្តែវិធីសាស្ត្រក្នុងការតេស្តឈាមរកមើលទំហំច្រវ៉ាក់DNAនៃកោសិកាមហារីកនេះ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ខ្លាំងសម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមទៀត សម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺមហារីកដំណាក់កាលដំបូង ដើម្បីទទួលការព្យាបាលទាន់ពេលវេលា៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]