បាក់តេរីជាប្រភេទមេរោគដែលមានច្រើនជាងគេបំផុតក្នុងពិភពលោក។ រាល់ជំងឺភាគច្រើនសុទ្ធតែបង្កឡើងដោយបាក់តេរី។ ប្រភេទមេរោគនេះមានវត្តមានស្ទើរតែគ្រប់ទីកន្លែងមិនថា ទឹក ខ្យល់ ឬ សុញ្ញាកាសនោះទេ។

អ្នកដឹងទេថាក្នុងរាងកាយយើងក៏មានវត្តមានបាក់តេរីរាប់លានដែរ។ ពួកវារស់នៅយ៉ាងចុះសម្រុងជាមួយនឹងរាងកាយយើងនៅតាមស្បែក មាត់ ប្រព័ន្ធរំលាយអាហារជាដើម ដោយមិនបង្កផលប៉ះពាល់និងជំងឺឡើយ លើកលែងតែពេលប្រព័ន្ធភាពសុំារាងកាយចុះខ្សោយប៉ុណ្ណោះ។ ទោះយ៉ាងណាប្រភេទបាក់តេរីទាំងនេះបានជួយដល់ដំណើរការនៃប្រព័ន្ធជីវសាស្ត្ររបស់យើងយ៉ាងធំធេង រាប់តាំងពីការបំបែកម៉ូលេគុលនៃសារធាតុចិញ្ចឹមនៅក្នុងប្រព័ន្ធរំលាយអាហារ ការស្រូបយកសារធាតុចិញ្ចឹម ជំនួយដល់មេតាបូលីស (ប្រតិកម្មគីមី) នៃកោសិកាទៀតផង។

ការសិក្សាស្រាវជ្រាវថ្មីដែលបានដឹកនាំដោយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Alabama នៅសហរដ្ឋអាមេរិកបានរកឃើញថា សរីរាង្គ "ខួរក្បាល" យើងពីមុនគេតែងជឿថាជាសរីរាង្គតែមួយគត់ដែលពុំអាចមានមេរោគអ្វីរស់នៅខាងក្នុងបាន ពីព្រោះដោយសារជញ្ជាំងជាលិកាដ៏រឹងមាំដែលខាន់ផ្តាច់រវាងផ្នែកខាងក្នុងនៃខួរក្បាល ជាមួយនឹងចរន្តឈាមនិងមជ្ឈដ្ឋានផ្សេងៗទៀតខាងក្រៅខួរក្បាល ដើម្បីការពារប្រឆាំងជាមួយនឹងការឈ្លានពានពីពពួកមេរោគ ឬសារធាតុទាំងឡាយណាដែលអាចប៉ះពាល់ទៅដល់កោសិកានៃខួរក្បាល។ បើមេរោគដូចជាបាក់តេរី និងវីរុសប្រភេទជាក់លាក់ អាចឆ្លងកាត់ស្រទាប់ជាលិកាបាន នោះវានឹងអាចបង្កហានិភ័យនៃជំងឺខួរក្បាល។

ដោយសារហេតុផលនេះហើយ ទើបការសិក្សាថ្មីនេះធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារគេបានរកឃើញ ផ្នែកខាងក្នុងនៃខួរក្បាលយើងក៏មានវត្តមានរបស់បាក់តេរីដែរ ប៉ុន្តែមេរោគប្រភេទនេះបានរស់នៅយ៉ាងចុះសម្រុងដោយមិនបង្កផលប៉ះពាល់អ្វីឡើយ ចំពោះទ្រង់ទ្រាយនៃកោសិកាខួរក្បាល និងមិនបង្កជំងឺអ្វីឡើយ។ វាកំពុងបង្កចម្ងល់យ៉ាងខ្លាំងចំពោះអ្នកបំពេញវិជ្ជាជីវៈខាងការសិក្សាស្រាវជ្រាវនៃផ្នែកវេជ្ជសាស្ត្រ។

ដូច្នេះក្រុមអ្នកស្រាវជ្រាវកំពុងបន្តការស្រាវជ្រាវបន្ថែមទៅលើមូលហេតុបាក់តេរី ដែលអាចរីកលូតលាស់និងរស់នៅតាមផ្នែកខាងក្នុងនៃខួរក្បាល។ របកគំហើញនេះ ជាការរកឃើញមួយដែលផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះផ្នែកវេជ្ជសាស្ត្រក្នុងការសិក្សាអំពីជំងឺនៃសរីរាង្គខួរក្បាល៕

បាកតេរីមើលតាមមីក្រូទស្សន៍
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]