កេនយ៉ា៖ ភាគខាងជើងនៃប្រទេសកេនយ៉ា ជាតំបន់ស្ងួតហួតហែងដែលពិបាកស្វែងរកទឹក ជាពិសេសនៅរដូវប្រាំងតែម្តង។ ប៉ុន្តែមជ្ឈមណ្ឌលសិក្សាមួយកន្លែងគ្រប់គ្រងដោយអង្គការ Samburu Girls Foundation បាននិងកំពុងប្រើបច្ចេកវិទ្យាចម្រាញ់យកទឹកស្អាតដោយងាយ ជាការឆ្លើយតបនឹងបញ្ហាកង្វះខាតទឹកពិសា និងប្រើប្រាស់ខាងលើ។ 

សិស្សនៅអង្គការ Samburu Girls Foundation

មជ្ឈមណ្ឌលដែលជួយសង្គ្រោះនារីភេទជាង ១,២០០ នាក់នេះ ចាប់ផ្តើមប្រើប្រាស់បន្ទះដែលចាប់យកចំហាយទឹកពីក្នុងខ្យល់ រួចបង្ហាប់ចំហាយនោះរហូតក្លាយជាទឹកដែលអាចទទួលទានបាន ដោយមិនបាច់ចម្រាញ់ច្រើនដំណាក់កាលទៀតឡើយ។

"យើងធ្លាប់លំបាកក្នុងការរកទឹកអំឡុងរដូវរាំងស្ងួត ដោយជួនកាលត្រូវដើរទៅទន្លេដែលមានចម្ងាយប្រាំគីឡូម៉ែត្រ ឬសុំទឹកពីអ្នកជិតខាង។" Jecinta Lerle ដែលជាសិស្ស និងអនុប្រធាននិស្សិតនៃមជ្ឈមណ្ឌលបានបញ្ជាក់ដូច្នេះ។ រីឯបុគ្គលិកប្រចាំសាលាក៏ឱ្យដឹងស្រដៀងគ្នានេះដែរ ព្រមទាំងលើកឡើងថា "ពេលនេះស្រីៗអាចមានពេលច្រើនដើម្បីសិក្សា និងមិនបាច់ដើរផ្លូវឆ្ងាយដើម្បីរកទឹកទៀតឡើយ។" 

ស្រីៗនៅកេនយ៉ាទៅរកទឹកពីទន្លេ

គួរបញ្ជាក់ថា មជ្ឈមណ្ឌលនេះបានទទួលបន្ទះបង្ហាប់ចំហាយទឹកចំនួន ៤០ ផ្ទាំង ពីក្រុមហ៊ុនបច្ចេកវិទ្យា Zero Mass Water ដែលជាអ្នកផលិតឧបករណ៍ដ៏មានប្រយោជន៍ខ្ពស់នេះផ្ទាល់។ ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Zero Mass Water លោក Cody Friesen បាននិយាយថា គម្រោងជាមួយអង្គការ Samburu Girls Foundation គឺជាឧទាហរណ៍មួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា បច្ចេកវិទ្យានេះអាចឱ្យប្រជាជនប្រើប្រាស់បានយ៉ាងទូលំទូលាយទៅតាមកម្រិតសេដ្ឋកិច្ចសង្គម។ បន្ថែមពីនេះ វាជួយកាត់បន្ថយការកាប់ឈើធ្វើអុស ដើម្បីដាំទឹកសម្លាប់មេរោគ ក្រោយរកបានពីទន្លេ ស្ទឹង បឹង ព្រែកទៀតផង។

គួរឱ្យដឹងថា បន្ទះនីមួយៗមានតម្លៃ ១,៥០០ ដុល្លារ ហើយក្រុមហ៊ុននេះបានលក់ ឬបរិច្ចាគដល់ប្រទេសចំនួន ១៦ រួចមកហើយ ដែលរួមទាំងអាហ្វ្រិកខាងត្បូងផងដែរ៕

សិស្សកំពុងចាក់ទឹកដើម្បីហូប
បន្ទះបង្ហាប់ទឹកពីខ្យល់នៅអង្គការនេះ
បន្ទះបង្ហាប់ទឹកពីខ្យល់សុទ្ធសាធ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]