ភ្នំពេញ ៖ រថយន្ដស៊េរី ទំនើបៗ ចំនួន ៤គ្រឿង ត្រូវរងការខូចខាត យ៉ាងដំណំដោយរថយន្ត ខ្លះខ្ទេចមុខ ខ្លះបែក ថ្ពាល់ បែកភ្នែក និង បាក់ចង្កេះ ប៉ុន្ដែមិនបណ្ដាលឱ្យ មនុស្សណា ម្នាក់រងរបួសឡើយ ក្នុងគ្រោះ ថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវលេខ៣៦០ កែង ផ្លូវលេខ៥១ (វិថីប៉ាស្ទ័រ) ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង ១១ និង ៣៥នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ ដែល បង្កឡើងដោយរថយន្ដរ៉េវហ្វ័រ ពណ៌ខ្មៅមួយ គ្រឿង ខណៈកំពុងឆ្លងផ្លូវ បានទៅព្រលះ គូថរថយន្ដវីហ្គោ ពណ៌ទឹកប្រាក់ ហើយរថ យន្ដវីហ្គោ ក៏ជ្រុលទៅបុករថយន្ដ២គ្រឿង ទៀត ម៉ាកវីហ្គោ ពណ៌ខ្មៅ និងកាមរីឆ្លាម ដែលកំពុងបើក បញ្ច្រាសទិសគ្នា។

គ្រោះថ្នាក់ចរាចរណ៍ ដែលអ្នកបើកបរ ទាមទារត្រូវរៀងៗខ្លួន បានធ្វើឱ្យសមត្ថកិច្ច ខណ្ឌចំការមន ពុំអាច ដោះស្រាយបានឡើយ ដូច្នេះមានតែបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយ បន្ដ។

យោងតាមសេចក្ដី រាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះ ដំបូងឡើងបាន កើតឡើងបន្ទាប់ពីរថយន្ដ រ៉េវហ្វ័រពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-9296 ដែលមានអ្នកបើកបរ មិនត្រូវស្គាល់អត្ដសញ្ញាណ និងតែងតែគេច មុខពីការថត របស់អ្នកកាសែត បានទៅបុក គូថរថយន្ដវីហ្គោ ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2O-6585 ដែល មានអ្នកបើកបរ ឈ្មោះ នី ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅសង្កាត់ មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ បណ្ដាលឱ្យខូចខាត ផ្នែកក្រោយបន្ដិចបន្ដួច។

សេចក្ដីរាយការណ៍ បានបន្ដថា ពេលនោះ រថយន្ដវីហ្គោ ពណ៌ទឹកប្រាក់ ក៏បានជ្រុលទៅ បុក រថយន្ដវីហ្គោមួយគ្រឿង ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2I-1682 បណ្ដាលឱ្យ ខូចខាត មួយចំហៀង ដែលមានអ្នកបើកបរ ឈ្មោះ គីម ផល្លា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងបានជ្រុលចង្កួតទៅបុករថយន្ដកាមរីឆ្លាម មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2C-3328 ដែលមានអ្នកបើកបរឈ្មោះ អប់ លីគុន ភេទស្រី អាយុ២៤ឆ្នាំ ជានិសិ្សត ស្នាក់នៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

ប្រភពព័ត៌មាន បានបន្ដថា ក្រោយកើត ហេតុ សមត្ថកិច្ចបានចុះទៅសម្របសម្រួល និងវាស់ វែង ប៉ុន្ដែភាគីរថយន្ដវីហ្គោពណ៌ខ្មៅ និងរថយន្ដកាមរីឆ្លាម ពណ៌ស្ករ ទាមទារឱ្យ ម្ចាស់រថយន្ដ វីហ្គោ ពណ៌ទឹកប្រាក់សងថ្លៃខូច ខាត ខណៈដែលម្ចាស់រថយន្ដវីហ្គោ ពណ៌ទឹក ប្រាក់ បាន ចោទ ថា ខ្លួនមិនបានបង្កគ្រោះថ្នាក់ ចរាចរណ៍នេះឡើយ ពោលគឺម្ចាស់រថយន្ដ រ៉េវហ្វ័រតែ ប៉ុណ្ណោះ ។ ដោយសារតែដោះ ស្រាយមិនត្រូវគ្នា សមត្ថកិច្ចបានសម្រេច បញ្ជូនរថយន្ដ ទាំង ៤គ្រឿង ទៅដោះស្រាយ នៅការិយាល័យចរាចរណ៍ជើងគោករាជធានី ភ្នំពេញ ។

តែទោះជាយ៉ាងណា ប្រភពព័ត៌មានខ្លះពី សាក្សី ដែលបានឃើញគ្រោះថ្នាក់ចរាចរណ៍ នេះ បានលួចបង្ហើបថា តាមពិតទៅអ្នកបើក បររថយន្ដវីហ្គោ ពណ៌ទឹកប្រាក់ មិនមែន ឈ្មោះ នី នេះឡើយ ពោលគឺជាក្មេងប្រុស មិនទាន់គ្រប់អាយុ ប៉ុន្ដែពេលកើតគ្រោះ ថ្នាក់ចរាចរណ៍ភ្លាម អ្នកបើកបររថយន្ដវ័យ ក្មេងរូបនេះ បានគេចខ្លួន ដោយមានរថយន្ដ ស៊េរីទំនើបមួយគ្រឿង មកទទួលយកទៅ ដោយទុកឱ្យបុរសឈ្មោះចេញមុខដោះស្រាយ និងអះអាងថា ខ្លួនជាអ្នក បើករថយន្ដ៕

ម្ចាស់រថយន្តវ៉េវហ្វ័របង្កគ្រោះថ្នាក់ចរាចរ

 

ដោយ ៖ ស្រីកា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]