រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ហើយ​ជាប់​ក្នុង​កាមេរ៉ា​របស់​ម្ចាស់ផ្ទះ​នោះ ពេល​នេះ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ រុន វិ​រៈ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​មិន​ពិតប្រាកដ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ លី គី​ម​ឡេ​ង ភេទ​ស្រី អាយុ​៣៨ ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៨​និង​២៧​នាទី​យប់ ថ្ងៃ​ទី​៥ វិច្ឆិកា ជនសង្ស័យ​បាន​ធ្វើ​ចូល​​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​១​គ្រឿង​ម៉ាក​ហុងដា ស្កុប​ពី ពណ៌​ខៀវ ឆ្នាំ​២០១៧ ដែល​មាន​ពាក់​ស្លាក​លេខ ភ្នំពេញ ១.GM ២៥៩៩ នៅ​មុខ​ផ្ទះ​លេខ ៥២៣F២ ផ្លូវ​លេខ ៩៩R សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។ ក្រោយ​ពេល​ចោរលួច​ម៉ូតូ​បាត់​ទៅ​ជន​រង​គ្រោះ​បាន​ថតចម្លង​រូបភាព​សកម្មភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​ចោរ​ចូល​លួច​នោះ​យក​ទៅ​ប្តឹង​សមត្ថ​កិច្ច ។

បន្ទាប់​ពី​មាន​ពាក្យបណ្តឹង និង​ពិនិត្យ​មើល​ក្នុង​កាមេរ៉ា​សុវត្ថិភាព​រួច កម្លាំង​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​លួច និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​ចំណុច​ផ្លូវ​លេខ​២៨៩ មុខ​ពេទ្យ​ប៉ាស្ទ័រ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាក​សួរ និង​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​តែ​ម្តង​ទៅ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]