រាជធានី​ភ្នំពេញ ៖ ទីបំផុត​ឃាតករ​ដៃដល់​ដែល​ចាក់​សម្លាប់​ប្រជា​ការពារ​ភូមិ​តា​ឡី​៣​កាំបិត ធ្វើ​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ស្លាប់​បាត់បង់​ជីវិត​ពេល​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ ដែល​កើតឡើង​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៣ វិច្ឆិកា ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ​នោះ ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ចាប់ខ្លួន​បាន​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ថា តើ​ហេតុ​អ្វី​ទើប​ជន​នេះ​ចាក់​សម្លាប់​​ជន​រង​គ្រោះ​នៅឡើយ​ទេ តែ​អាច​ជា​រឿង​គំនុំ​ចាស់​។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៤៦​អ៊ី ភូមិ​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​នេះ​ឈ្មោះ ថា​ច់ សួ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​បូ​រី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ចំណែក​រង​គ្រោះ​ឈ្មោះ កេ​ត ស៊ី​ថា អាយុ​៥២​ឆ្នាំ មុខរបរ​ប្រជា​ការពារ​ភូមិ​តា​ឡី ស្នាក់​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ថា ក្រោយ​ពី​មាន​អំពើ​ឃាតកម្ម​នោះ​កើតឡើង កម្លាំង​របស់​លោក​ក្រោម​បញ្ជា​ដោយ​ផ្ទាល់​របស់​លោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ទីតាំង​ភ្លាម​ៗ​មក​ម្ល៉េះ មិនតែប៉ុណ្ណោះ​តាម​ចាប់ខ្លួន​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ជនសង្ស័យ​បាន​គេចខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។

ក្រោយមក​ទទួល​ដំណឹង​ថា ជន​ដៃដល់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ណៃ​ហត ១​គ្រឿង ចេញពីផ្ទះ​ជួល​ខាងលើ ទើប​កម្លាំង​តាម​រហូត​ដល់​ម៉ោង​១១​និង​១០​នាទី​ថ្ងៃ​ទី​១៥​នេះ ទើប​ចាប់ខ្លួន​បាន​។ បន្ទាប់​មក បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]