រាជធានី​ភ្នំពេញ ៖ ហាង​លក់​មាស​និង ប្លា​ទី​ន នៅ​ផ្សារ​សាមគ្គី ស្ថិត​នៅ​តាម​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក បាន​ត្រូវ​ក្រុម​ចោរ​កាត់​សោ​ទ្វារ ​និង​ទូ​ដែក ប្រមូល​យក​គ្រឿងអលង្ការ​ហ្មត់ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​៤០​ម៉ឺន​ដុល្លារ ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ម្ចាស់​ហាង​ប្រាប់​សមត្ថកិច្ច ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ខណៈ​ម្ចាស់​ហាង​ធ្វើ​ដំណើរ​ទៅ​បើកទ្វារ​ហាង​លក់ដូរ​ដូច​ធម្មតា ។

ហាង​ដែល​ត្រូវ​ចោរ​គាស់​លួច​គ្រឿងអលង្ការ​នោះ​យីហោ ហាង​មាស ប្លា​ទី​ន មាន​លក់​គ្រឿង អលង្ការ ធ្វើ​ពី​មាស ប្លា​ទី​ន ត្បូង​គ្រប់​ប្រភេទ តូប​លេខ​៥១AB (​ស្តង់​៣AB) មាន​ម្ចាស់​ឈ្មោះ ជា ធឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឡេ​ង ស៊ី​ណែ​ត ហៅ​នាង អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​២៦១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួល​គោក ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រ​មា​ណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​នោះ ខណៈ​ម្ចាស់​ទៅ​​បើកទ្វារ​ហាង​លក់ដូរ ស្រាប់តែ​ឃើញ​ទ្វារ​ចំហ​ដោយ​ត្រូវ​ចោរ​កាត់​សោ​ទ្វារ​ចូល​ទៅ​ក្នុង​កាត់​សោ​ទូដែក​យក​គ្រឿងអលង្កា​ហ្មត់ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា សោ​ទ្វារ​ដែក​រូត​ត្រូវ​ចោរ​កាត់​ផ្តាច់ រួច​ទើប​ចូល​ទៅ​ក្នុង​កាត់​សោ​​ទូដែក​យក​គ្រឿងអលង្ការ​ទៀត ។ គេ​ពុំ​ដឹង​ថា ​ក្រុម​ចោរ​មាន​គា្ន​ប៉ុន្មាន​នាក់ ហើយ​ចូល​​គាស់​ហាង​លក់​គ្រឿងអលង្ការ​នោះ​តាំងពី​ពេល​ណា​ឡើយ ។ បន្ទាប់​ពី​មានការ​ភ្ញាក់​ផ្អើល​នា​ព្រឹក​នោះ ភ្លាម​ៗ​ត្រូវ​បាន​ម្ចាស់​ឱ្យ​ដឹង​ថា គ្រឿងអលង្ការ​ដែល​ចោរ​គាស់​យក​ទៅ​គិត​ជា​ទឹកប្រាក់​ប្រមាណ​៥០​ម៉ឺន​ដុល្លារ តែ​ក្រោយមក​នៅ​ក្នុង​ពាក្យបណ្តឹង​បានឱ្យ​ដឹង​ថា គ្រឿងអលង្ការ​ដែល​ចោរ​គាស់​លួច​យក​ទៅ​នោះ រួម​មាន​មាស និង​ប្លា​ទី​ន​ដាំ​ត្បូង​ពេជ្រ គិត​ជា​ទឹកប្រាក់​គឺ​ប្រមា​ណ​៤០​ម៉ឺន​ដុល្លារ​វិញ ។

ម្ចាស់​ហាង​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​វេលា​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា រូប​គាត់​និង​ភរិយា ព្រមទាំង​ម្តាយ បាន​រៀបចំ​យក​គ្រឿងអលង្ការ​ដាក់​ក្នុង​ស្បោង​រួច​យក​ទៅ​ដាក់​ក្នុង​ទូដែក​សុវត្ថិភាព រួច​ទើប​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ ។ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​ប្រមាណ​​៨​និង​៣០​នាទី ក៏​មក​បើកទ្វារ​ហាង​លក់ដូរ​ដូច​ធម្មតា​វិញ ស្រាប់តែ​ឃើញ​ទ្វារ​រូត​ខាង​មុខ​ចំហ ហើយ​ចូល​ទៅ​មើល​ទូដែក​កែ​ច្នៃ ត្រូវ​ចោរ​កាត់​សោ​យក​គ្រឿងអលង្ការ​អស់។ ទោះបីជា​យ៉ាងណា នៅ​ទូ​ដាក់​គ្រឿងអលង្ការ ដាំ​ពេជ្រ ក្បែរ​នោះ ពុំ​ត្រូវ​បាន​ចោរ​យក​ឡើយ ។

ម្ចាស់​ហាង​ប្រាប់​សមត្ថកិច្ច​ទៀត​ថា កន្លង​មក​គាត់​ធ្លាប់​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​តាម ហើយដោយ​សារ​តែ​ភ័យ​ពី​សុវត្ថិភាព ទើប​គាត់​មិន​យក​គ្រឿងអលង្ការ​ទៅ​ផ្ទះ​ដូច​មុន​ទៀត​ទេ គឺ​ទុក​នៅ​ក្នុង​តូប មិន​នឹក​ស្មានថា ចោរ​ចូល​គាស់​យក​អស់បែប​នេះ​សោះ ។ អ្វី​ដែល​​មានការ​ចាបអារម្មណ៍​នោះ គឺ​ផ្សារ​សាមគ្គី​កន្លង កាលពី​ជំនាន់​ប្រធាន​ផ្សារ​មុន បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ខាង​មុខ និង​បាន​បើកភ្លើង​បំភ្លឺ​ទាំង​យប់​ទាំង​ថ្ងៃ​។

លុះ​នៅ​ពេល​លោក ថោ​ង ថង ប្តូរ​មក​កាន់​ជា​ប្រធាន​ផ្សារ​សាមគ្គី ស្រាប់តែ​កាត់​ផ្តាច់​កាមេ​រ៉ា​សុវត្ថិភាព​ចោល ហើយ​នៅ​ពេល​យប់​ក៏​ផ្តាច់​ភ្លើង តាំងពី​ម៉ោង​ប្រមាណ​៦​ល្ងាច​ដែរ ជា​ហេតុ​​ធ្វើ​ឱ្យ​កាមេរ៉ា​សុវត្ថិភាព​នៅ​ហាង​លក់​មាស ​និង​គ្រឿងអលង្ការ​ទាំង​មុខ​និង​ខាងក្នុង​មិន​​ដំណើរការ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​ចោរ​អាច​ចូល​លួច​បាន​ដោយ​មិន​មាន​ទុក​ដាន​អ្វី​ទាំង​អស់ ។ មិនតែប៉ុណ្ណោះ​ចំពោះ​សន្តិសុខ​យាម​ផ្សារ ក៏​ត្រូវ​ប្រធាន​ផ្សារ​ដែល ទើប​តែ​ឡើង​ថ្មី​នេះ​ទារ​ឡើងថ្លៃ​ប្រាក់​យាម​ដែរ តែ​បែរជា​សេវា​អន់​ឲ្យ​ចោរ​ចូល​លួច​បាន ។

នៅ​ព្រឹក​ថ្ងៃ​នោះ នគរបាល​មូលដ្ឋាន​និង​មន្ត្រី​បាន​ទៅ​ពិនិត្យ​រក​ស្នាម​ក្រយៅ​ដៃ​ចោរ និង​ធ្វើ​ការ​ស្រាវជ្រាវ ដោយ​ហៅ​ប្រធាន​ផ្សារ​និង​សន្តិសុខ​ទៅ​សាកសួរ​ផង​ដែរ ។ គេ​មានការ​សង្ស័យ​ថា អាច​មាន​រនុកក្នុង​ទើប​បានជា​នៅ​ពេល​ចោរ​ចូល​គាស់​ហាង​លក់​មាស​និង​ប្លា​ទី​ន នៅ​ក្នុង​ផ្សារ បែរជា​សន្តិសុខ​មិនដឹង​បែប​នេះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]