ចិន៖ ក្រោយសម្ពោធឱ្យប្រើប្រាស់ស្ពានកញ្ចក់ដ៏ល្បីបំផុត ស្ពានឆ្លងសមុទ្រវែងជាងគេក្នុងលោក ក៏ដូចជាសំណង់ដ៏អស្ចារ្យប្លែកៗជាច្រើនទៀត ពេលនេះចិនត្រៀមបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ ក្នុងការក្លាយជាប្រទេសដែលមានសណ្ឋាគារក្រោមដីដំបូងបង្អស់នៅលើផែនដីនេះ។

សណ្ឋាគារក្រោមដីដំបូងបង្អស់ក្នុងលោក

ស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីព្រលានយន្តហោះហុងកៅ (Hongqiao Airport) នៃទីក្រុងសៀងហៃ ក្បែរឧទ្យានជាតិព្រៃភ្នំសេសាន និងសួនរុក្ខជាតិភ្នំចិនសាន ដោយសង់នៅអតីតទីតាំងគាស់យកថ្មដែលត្រូវបានបោះបង់ចោល និងចុះទៅជម្រៅក្រោមដី ៨០ ម៉ែត្រ សណ្ឋាគារដែលមានឈ្មោះថា INTERCONTINENTAL SHANGHAI WONDERLAND នឹងត្រូវបើកជាសាធារណៈនៅថ្ងៃទី ២០ ខែវិច្ឆិកា ហើយគ្រោងសម្ពោធជាផ្លូវការនៅថ្ងៃទី ១ ខែធ្នូ ២០១៨ ខាងមុខនេះ។

សណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ប្រណិតនេះមាន ១៨ ជាន់ ដោយ ១៦ ជាន់ស្ថិតនៅក្រោមដី ខណៈ ២ ជាន់ទៀតស្ថិតនៅក្រោមទឹកទាំងស្រុង ក្នុងជលវប្បដ្ឋានជម្រៅ ១០ ម៉ែត្រ។ អគារដែលត្រូវបានសាងសង់ក្នុងរណ្តៅដែលគេលែងប្រើការនេះ មិនត្រឹមតែបង្កើតកំណត់ត្រាពិភពលោក សម្រាប់សណ្ឋាគារផ្កាយ៥ ដែលមានជម្រៅជ្រៅបំផុតក្នុងសកលលោកប៉ុណ្ណោះទេ ថែមទាំងបង្កើតគោលគំនិតអភិវឌ្ឍ "បញ្ច្រាសមេឃ" (អគារទូទៅសង់ខ្ពស់ឡើងលើ តែអគារនេះសង់ចុះក្រោមដី) ដែលនឹងក្លាយជាការរចនាម៉ូតស្ថាបត្យកម្មដ៏ប្លែកបំផុត។

សណ្ឋាគារក្រោមដីដំបូងបង្អស់ក្នុងលោក

គួរបញ្ជាក់ថា សណ្ឋាគារនេះត្រូវបានគូរប្លង់ដោយក្រុមស្ថាបត្យករដែលធ្លាប់សាងសង់សណ្ឋាគារ Burj Al Arab ក្នុងក្រុងឌូបៃ ហើយគម្រោងទាំងស្រុងបានប្រើពេលវេលាជិត ១០ ឆ្នាំ ក្រោមជំនួយពីស្ថាបត្យករ វិស្វករ អ្នករចនាម៉ូត និងកម្មករសំណង់សរុបប្រមាណ ៥,០០០ នាក់។

ថ្វីបើបានជួបឧបសគ្គជាច្រើនរាប់មិនអស់ ដែលធ្វើឱ្យមានការពន្យារពេលសាងសង់ម្តងផងដែរនោះ ក៏ទីបំផុតសណ្ឋាគារលំដាប់ពិភពលោកនេះអាចលេចរូបរាងឡើងពេញលក្ខណៈ ក្រោយបញ្ចប់ការសាងសង់ដោយជោគជ័យ ជាមួយទេសភាពក្រោមដីដ៏អស្ចារ្យ និងមានបន្ទប់សម្រាកចំនួន ៣៣៦ ដែលបន្ទប់នីមួយៗក្រៅពីជាន់ក្រោមទឹក សុទ្ធតែមានទេសភាពទឹកធ្លាក់ពីជញ្ជាំងថ្មទៀតផង។

ទោះយ៉ាងណា ប្រសិនបើចង់កក់បន្ទប់សម្រាប់គេងនៅថ្ងៃសម្ពោធដំបូង នោះលោកអ្នកបានខកជើងមួយជំហានទៅហើយ ព្រោះបន្ទប់សណ្ឋាគារទាំងប៉ុន្មានត្រូវបានកក់ពេញអស់រលីងតែម្តង។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានស៊ីនហួរ៕ 

សណ្ឋាគារក្រោមដីដំបូងបង្អស់ក្នុងលោក
សណ្ឋាគារក្រោមដីដំបូងបង្អស់ក្នុងលោក
សណ្ឋាគារក្រោមដីដំបូងបង្អស់ក្នុងលោក
សណ្ឋាគារក្រោមដីដំបូងបង្អស់ក្នុងលោក
សណ្ឋាគារក្រោមដីដំបូងបង្អស់ក្នុងលោក
សណ្ឋាគារ Burj Al Arab នៅឌូបៃ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]