រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានជ្រើសរើសយកសេចក្ដីស្លាប់ ដើម្បីបញ្ជាក់ចិត្តស្មោះភក្ដីរបស់ខ្លួនជូនទៅនាងជាសង្សារដែលបែកចិត្តទៅរៀបការជាមួយប្រុសផ្សេងចោលរូបគាត់រយៈពេល៥ថ្ងៃខាងមុខទៀត ។
នៅក្រោយពេលដែលសង្សារសុំបែកយុវជននេះពិបាកចិត្តយ៉ាងខ្លាំងទៅហើយ រហូតដល់ពេលថ្មីៗកន្លងមកនេះលេចឮដំណឹងថា នាងត្រូវចូលរោងការឆាប់ៗនេះទៀត ទើបគាត់គិតខ្លីធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនតែម្ដង ។ ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងបន្ទប់ជួល មួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនរូបនោះឈ្មោះ ប៊ុន ភី អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ និងស្នាក់នៅជាមួយបងក្នុងបន្ទប់ផ្ទះជួលដែលជាកន្លែងកើតហេតុខាងលើ ហើយបានយកក្រមាចង.កជាប់ជញ្ជាំងបន្ទប់ ចំណែកនាងសង្សារមិនត្រូវបានបង្ហើបឲ្យដឹងពីអត្តសញ្ញាណនោះទេ ។
សាច់ញាតិបានឲ្យដឹងថា យុវជននេះបានស្រឡាញ់ស្ត្រីម្នាក់ជាអ្នកភូមិជាមួយគ្នាយ៉ាងខ្លាំង រហូតបាត់មុខនាងមួយថ្ងៃមិនបានផង ចំណែកនាងក៏បានស្រឡាញ់រូបគាត់វិញដែរ មិនតែប៉ុណ្ណោះអ្នកទាំង២បានក្លាយជាសង្សារនឹងគ្នា ប៉ុន្តែមិនបានធ្វើអ្វីឲ្យខុសពីគន្លងប្រពៃណីនោះទេ ។ ការស្រឡាញ់គ្នានោះបានមួយរយៈពេលប៉ុណ្ណោះ ក្រោយមកក៏បានប្រែក្លាយទៅជាការបែកបាក់គ្នាទៅវិញ ដោយនាងជាសង្សារបានបែកចិត្តទៅមានថ្មីទៀត ។
ប្រភពដដែលបានបន្តទៀតថា ដោយសារតែអំណាចនៃការស្រឡាញ់យុវជនខាងលើបានពិបាកចិត្តយ៉ាងខ្លាំង ព្រោះមិនអាចកាត់ចិត្តពីនាងបាន ។ រហូតពេលថ្មីៗនេះបានទទួលដំណឹងថា អតីតសង្សារបានចូលរោងការជាមួយអ្នកថ្មីនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះហើយ ។ គ្រាន់តែទទួលដំណឹងនោះភ្លាមយុវជននេះបានខូចចិត្តយ៉ាងខ្លាំង តែងតែអង្គុយសញ្ជប់សញ្ជឹងទឹកមុខក្រៀមក្រោះគួរឲ្យអាណិត ។
ប្រភពដដែលបានបន្តថា ខណៈនោះយុវជនខាងលើអត់ហូបបាយហូបទឹកនោះទេ លុះដល់ថ្ងៃកើតហេតុខណៈបងប្អូនទៅធ្វើការអស់រូបគាត់នៅផ្ទះម្នាក់ឯងក៏បានសម្រេចចិត្តបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួន ។
ចំណែកសាកសពត្រូវបានបងស្រីបង្កើតយុវជននេះប្រទះឃើញ ដោយក្រោយពេលត្រឡប់មកពីធ្វើការវិញ ឃើញទ្វារបន្ទប់បិទជិត ស្ត្រីជាបងបានស្រែកហៅ ប៉ុន្តែមិនឮយុវជននេះឆ្លើយទើបហៅអ្នកជិខាងជួយធាក់ទម្លាយទ្វារចូលទៅឃើញប្អូនចង.កស្លាប់បាត់ទៅហើយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]