រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ដែល ជាប់ពាក់ព័ន្ធ នឹងរំលោភសេពសន្ថវៈលើ នារីវ័យ១៧ឆ្នាំម្នាក់ រួចបង្ហោះរូបនេះតាម បណ្តាញទំនាក់ទំនងសង្គម Facebook ព្រមទាំងបានគំរាមសម្លាប់នារីរូប នេះជាច្រើនលើកថែមទៀតផង បានត្រូវចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី១១ មករា ២០១៣ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។

និស្សិតរូបនេះឈ្មោះស៊ឹម តារា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ៤០៥ ផ្លូវលំ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១០ មករា ២០១៣ នៅចំណុចផ្ទះរបស់និស្សិតរូបនេះតាមដីការបស់លោកស្រីស៊ឺ វណ្ណី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកមកសាកសួរតាមពាក្យបណ្តឹងរបស់នារីវ័យ១៧ឆ្នាំម្នាក់ ។

ក្នុងពាក្យបណ្តឹងនារីរងគ្រោះបានបញ្ជាក់ថា កាលពីអំឡុងដើមឆ្នាំ២០១១ យុវជនរូបនេះបានស្គាល់គ្នាជាមួយនាងតាមរយៈ Facebook ហើយក៏មានទំនាក់ទំនងស្នេហា និងបានណាត់គ្នាដើរលេងទៅញ៉ាំអីនៅម្តុំសន្ធរម៉ុកជាញឹកញាប់ ។ ថ្ងៃមួយយុវជនរូបនេះបានឱ្យនាងផឹកភេសជ្ជៈកូកា កូឡា បន្ទាប់មកក៏បបួលនាងជិះម៉ូតូដើរលេង រួចបានដឹកនាងចូលផ្ទះសំណាក់យីហោ សារិកា ហើយក៏រំលោភសេពសន្ថវៈនាងនៅទីនោះ ។

នៅពេលនាងដឹងខ្លួនជនសង្ស័យគំរាមកុំឱ្យប្រាប់រឿងនេះទៅអ្នកណាផ្សេង និងគ្រួសារមិនដូច្នេះទេ គេនឹងសម្លាប់នាង ព្រមទាំងហែកកេរ្តិ៍រឿងនេះ និងបញ្ចេញរូបភាពដែលពួកគេដេកជាមួយគ្នា ។ ក្នុងពេលគំរាមនោះ យុវជនរូបនេះបានបង្ហាញកាំភ្លើងជាការគំរាមមុននឹងជូននាងត្រឡប់ទៅផ្ទះវិញ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

 



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]