អារ៉ាប់រួម៖ ឱ្យតែនិយាយដល់ពាក្យ "ដ្រូន" ប្រិយមិត្តប្រាកដជានឹកដល់ឧបករណ៍ដែលអាចហោះជ្រែកអាកាសបានជាមិនខាន ប៉ុន្តែពេលនេះយើងសូមណែនាំឱ្យស្គាល់ដ្រូនជ្រែកទឹកមួយប្រភេទដែលគេឱ្យឈ្មោះថា "ឆ្លាមស៊ីសម្រាម ឬ WasteShark" ដែលសមត្ថភាពរបស់វាពិតជាសក្តិសមនឹងឈ្មោះនេះណាស់ ព្រោះឱ្យតែឃើញសម្រាមអណ្តែតលើទឹកភ្លាម គឺវាវាត់យកភ្លែតគ្មានប្រណី ឬចាំស្អែកនាំតែខកការឡើយ។

ឧបករណ៍ឆ្លាមស៊ីសម្រាម ឬ WasteShark

ឧបករណ៍សម្រាប់សម្អាតបរិស្ថាននេះ អាចដំណើរការបានដល់ទៅ ១៦ ម៉ោង បន្ទាប់ពីបញ្ចូលថាមពលម្តង និងអាចលេបត្របាក់សំណល់ផ្សេងៗក្នុងទម្ងន់សរុប ៣៥០ គីឡូក្រាម ប៉ុន្តែបើតាម dailymail ទម្ងន់នេះអាចកើនដល់ ៥០០ គីឡូក្រាមឯណោះនៅក្នុងទ្រុងក្រោមទឹកមួយ ហើយសម្រាមដែលអាចកែច្នៃបាន គេនឹងប្រមូលទុកម្តុំ មុននឹងយកសម្រាមអត់បានការទៅចាក់ចេញម្តងៗ។ 

ឆ្លាមសិប្បនិម្មិតនេះត្រូវបានបង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកបរិស្ថាន RanMarine ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ ហើយក្រុមហ៊ុននេះសង្ឃឹមថា វាអាចក្លាយជាឧបករណ៍ដ៏មានប្រយោជន៍ក្នុងការចាប់សម្រាម មុននឹងវារសាត់ចូលទៅមហាសមុទ្រដ៏ធំល្វឹងល្វើយ។

បច្ចុប្បន្ន WasteShark ត្រូវបានដាក់ឱ្យប្រើប្រាស់នៅកំពង់ផែសម្រាប់លំហែកម្សាន្តក្នុងក្រុងឌូបៃ ដែលជាព្រែកជីកដោយស្នាដៃមនុស្ស ក្រោយធ្វើតេស្តសាកល្បងដំណើរការជាមួយដៃគូក្នុងស្រុកឈ្មោះ Ecocoast កាលពីឆ្នាំមុន។  

ឧបករណ៍ឆ្លាមស៊ីសម្រាម ឬ WasteShark

គួរបញ្ជាក់ថា ឧបករណ៍ដែលចាប់សម្រាមប្លាស្ទិក កម្ទេចកម្ទី និងរុក្ខជាតិអត់ប្រយោជន៍ទាំងលើ និងក្រោមផ្ទៃទឹកជម្រៅ ៣០ សង់ទីម៉ែត្រនេះ អាចបញ្ជាដោយតេលេ ឬ iPad ហើយចលនារបស់វាត្រូវបានតាមដានដោយប្រព័ន្ធជីភីអេស។ បន្ថែមពីនេះ វាក៏មានប្រព័ន្ធបញ្ចៀសការបុកទង្គិចផងដែរ ដោយប្រើឡាស៊ែរចាប់រូបភាពដែលនៅក្បែរៗ រួចផ្លាស់ប្តូរទីតាំងទៅតាមស្ថានភាព។

ក្រៅពីនេះ វាក៏មានបំពាក់ sensor សម្រាប់វាស់កម្រិតគុណភាពទឹក ជម្រៅ ជាតិប្រៃ គ្រឿងផាត់មុខគីមី តុល្យភាពនៃកម្រិត pH និងសីតុណ្ហភាពផងដែរ។ មកទល់ពេលនេះ ឆ្លាមដែលមិនបង្កបញ្ហាដល់ត្រី ឬសត្វស្លាបផ្សេងៗជាអាហារ កំពុងត្រូវបានប្រើប្រាស់ដើម្បីកម្ចាត់សម្រាមនៅតាមទន្លេ កំពង់ផែ និងកំពង់ផែលំហែកាយនានា៕  

ឧបករណ៍ឆ្លាមស៊ីសម្រាម ឬ WasteShark

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]