ភ្នំពេញ៖ អេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីជួយគាំទ្រដល់ការលើកកម្ពស់ចំណេះដឹងនៃការបណ្ដុះបណ្ដាលផ្នែកបើកបរ សម្រាប់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ក្នុងរាជធានីភ្នំពេញ ដែលនឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងការបើកបរឲ្យមានសុវត្ថិភាព។

ស្របពេលដែលការប្រើប្រាស់ដងផ្លូវចេះតែកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះក្រុមហ៊ុន អេសស៊ីជី មានក្ដីបារម្ភចំពោះសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនកម្ពជា ជាពិសេសទាក់ទិននឹងការបើកបរ និងការប្រើប្រាស់ដងផ្លូវ។ ដូច្នេះអេសស៊ីជី និងក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធីបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ជំនាញបើកបរយានយន្ត ជាពិសេសសម្រាប់ប្រភេទយានយន្តធុនធ្ងន់។ 

ការបណ្ដុះបណ្ដាលនឹងប្រើប្រាស់នូវជំនាញ និងចំណេះដឹងរបស់ អេសស៊ីជី តាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរយានយន្តធុនធ្ងន់របស់ខ្លួន ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសថៃ។ កម្មវិធីបណ្ដុះបណ្ដាលនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកបើកបរ ទាំងការចៀសវាងកុំឲ្យមានគ្រោះថ្នាក់ និងការប្រតិបត្តិបានត្រឹមត្រូវក្នុងការគ្រប់គ្រងយានយន្តរបស់ខ្លួន។

លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (Somwang Manpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ 

«នៅឯក្រុមហ៊ុន អេសស៊ីជី យើងមានបទពិសោធន៍ និងចំណេះដឹងទាក់ទិននឹងការបើកបរដោយសុវត្ថិភាព ពីព្រោះយើងមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរដែលទំនើប ដែលមានដំណើរការជាច្រើនឆ្នាំមកហើយ។ យើងជឿថា ចំណេះដឹងទាំងអស់នេះអាចយកទៅកែសម្រួល និងប្រើប្រាស់សម្រាប់ការអប់រំដល់ប្រជាជនកម្ពុជា។ ជាមួយនឹងជំនាញល្អក្នុងការបើកបរ ដូច្នេះដងផ្លូវនៅកម្ពុជាអាចមានសុវត្ថិភាពជាងមុន។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំបានចូលរួមជាផ្នែកមួយនៃវគ្គបណ្ដុះបណ្ដាល តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាថ្ងៃនេះ។ កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យយើងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់បទដ្ឋាននៃការបើកបរនៅក្នុងប្រទេសកម្ពុជា»។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ស្ថិតក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះនឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរជុំវិញច្បាប់ចរាចរណ៍ ដូច្នេះនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖

«ខ្ញុំសូមអរគុណជាទៅក្រុមហ៊ុន អេសស៊ីជី ដែលបានបណ្ដុះបណ្ដាលគ្រូបង្គោលរបស់យើងនៅប្រទេសថៃ ហើយគ្រូបង្គោលនឹងមកបង្រៀនថែមទៀតទៅមន្ត្រី របស់យើង ដើម្បីចូលរួមបង្រៀនអ្នកបើកបររថយន្តធុនធ្ងន់»។
ពិធីចុះហត្ថលេខា

កាលពីឆ្នាំ ២០១៧ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តដឹកទំនិញធុនធ្ងន់ បានឆក់យកជីវិតមនុស្សជិត ២០០ នាក់ក្នុងប្រទេសកម្ពុជា។ បើតាមឯកឧត្តមទេសរដ្ឋមន្ត្រីបានឲ្យដឹងថា បច្ចុប្បន្នរថយន្តធុនធ្ងន់ចំនួន ២៣ ម៉ឺនគ្រឿងត្រូវបានចុះបញ្ជី ប៉ុន្តែការបណ្ដុះបណ្ដាល និងកម្រិតនៃអ្នកមានប័ណ្ណបើកបរនៅមានចំនួនទាបនៅឡើយដែលក្នុងនោះ អ្នកបើកបរយានយន្តធុនធ្ងន់ មានតែ ៦០% ប៉ុណ្ណោះដែលមានប័ណ្ណបើកបរត្រឹមត្រូវ។

គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា សម្លាប់មនុស្សប្រមាណ ៥ នាក់ និងបង្ករបួសស្នាមដល់មនុស្សចន្លោះពី ១៥ ទៅ ២០ នាក់ជារៀងរាល់ថ្ងៃ ដោយធ្វើឲ្យកម្ពុជាខាតបង់ទឹកប្រាក់រាប់រយលានដុល្លារ លើការខូចបង់ទ្រព្យសម្បត្តិ ការព្យាបាល និងការខាតបង់ផលិតភាពការងារ។ ដូច្នេះកម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃដំណោះស្រាយ ដែលនឹងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងធ្វើឲ្យការបើកបរនៅតាមដងផ្លូវកាន់តែមានសុវត្ថិភាព៕

ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ