ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​​ក្រុម បាន​ធ្វើ​សកម្មភាព​ចូល​លួច​សម្ភា​រ​​ពេទ្យ​ និង​លុយ​ជាង​១០​លាន​រៀល​នៅ​ក្នុង​គ្លីនិក​ «​រ៉ា​ក់» ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​គេ​សន្និដ្ឋាន​ជាបឋមថា អាច​កើតឡើង​នៅ​​ចន្លោះ​ម៉ោង​១២​អធ្រា​ត្រ ដល់ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១២ ​វិច្ឆិកា នេះ គឺ​ក្រោយ​ពេល​សន្តិសុខ​យាម​ម្នាក់​​ដេក​​លក់ ​។

សមត្ថកិច្ច​បាន​ឲ្យ​​ដឹង​ថា ក្រុម​ចោរ​បាន​ចូល​លួច​សម្ភា​រ​​ពេទ្យ​ និង​ទូ​ដែល​ដាក់​លុយនៅ​ក្នុង​បន្ទប់​ចំនួន​៣ តែ​មិន​មាន​ស្នាម​គាស់ទម្លុះ​ទម្លាយ​​ទេ គឺ​ជនល្មើស​​បាន​ប្រើ​កូនសោ​​ចាក់​បើកទ្វា​រ​តាម​ស​ម្រូ​ល​តែ​ម្ដង ។ ជន​សង្ស័យ​​អាច​មាន​បក្សពួក​លើស​ពី​​២​នាក់ ​។ សមត្ថកិច្ច​បាន​ប្រាប់​ទៀត​ថា នៅ​ក្នុង​គ្លីនិក «រ៉ា​ក់» នេះ ​មាន​តែ​សន្តិសុខ​ម្នាក់​ ឈ្មោះ​ស៊ន ភឿន បាន​ដេក​យាម ហើយ​សន្តិសុខ​រូប​នេះ​បាន​អះអាង​ថា ក្រុម​ចោរ​អាច​ចូល​ធ្វើ​សកម្មភាព​ក្រោយ​ម៉ោង​១១​​យប់ គឺ​បន្ទាប់​ពី​សន្តិ​សុខ​​ដេក​​លក់​។

ដោយឡែក​ សម្ភា​រ​​ដែល​បាត់បង់ បើ​តាម​អ្នក​គ្រួ​ពេទ្យ​ម្នាក់ ​ដែល​ទ​ទូល​ខុស​ត្រូវ​ប្រចាំ​គ្លីនិក​រ៉ា​ក់​បាន​និយាយ​ថា គឺ​មាន​លុយ​ខ្មែរ​ជាង​១០​លាន​រៀល, លុយ​ដុល្លា​រ​ចំនួន​៤៧៤​ដុល្លារ​​ដែល​ទុក​ក្នុង​ទូ​ដែក និង​សម្ភា​រ​​ពេទ្យ​មានតម្លៃ​រាប់​ម៉ឺន​ដុល្លា​រ​ជា​ច្រើន​ទៀត​ ដែល​ទុក​នៅ​ក្នុង​បន្ទប់ពិសោធន៍​ចំនួន​២​។

ក្នុង​នោះ មាន​ម៉ាស៊ីន​អេកូ​, ម៉ាស៊ីន​ពិនិត្យ​ឈាម និង​សម្ភា​រ​​ពេទ្យ​មួយ​ចំនួន​ទៀត រួម​ទាំង​ក្បាល​កាមេរ៉ា​សុវត្ថិ​ភាព និង​​ហាត​ឌី​ស​មួយ ក៏​ត្រូវ​ចោរលួច​យក​ទៅ​ដែរ​។ ដោយឡែក ​ទូ​​ដែក​ចំនួន​៣​ដែល​ទុក​ក្នុង​បន្ទប់​រួម​គ្នា ត្រូវ​​ចោរ​លើកយក​ទៅ​​១ គឺ​យក​ទូ​​ដែល​មាន​លុយ រីឯ​ទូរ​២​ទៀត​ដែល​គ្មាន​លុយ​លោក​ចោរ ​មិន​ប៉ះពាល់​ទេ​ ។

ជុំ​វិញ​ករណី​នេះ សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ ​ហាក់​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ឱ្យ​​ជាក់លាក់​នៅឡើយ​ទេ​ ។ សមត្ថ​កិច្ច​គ្រាន់តែ​អះអាង​ថា ជន​ប្រព្រឹត្ត ​អាច​មាន​បក្សពួក​លើស​​ពី​២​នាក់ ​ទើប​ធ្វើ​សកម្មភាព​លើក​ទូ​ដែក​រួច និង​អាច​ជញ្ជូន​សម្ភា​​រ​​ពេទ្យ​អស់ពី​បន្ទប់​ ។

មន្ត្រី​ម្នាក់​បាន​​និយាយ​ថា គេ​សង្ស័យ​អំពើ​ចោរកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំដុំ​​នេះ អាច​ប្រព្រឹត្ត​ដោយ​ជន​ដែល​ធ្លាប់​ចេញ-ចូល​គ្លីនិក​​តែម្តង ​ព្រោះ​​ស្គាល់​ច្បាស់​អំពី​ផ្ទៃក្នុងនៅ​ក្នុង​គ្លីនិក​រ៉ា​ក់​នេះ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​​កត់សម្គាល់​ខ្លាំង​បំផុត​​នោះ គឺ​ជន​ដៃដល់​មិន​បាន​គាស់​ទម្លុះទម្លាយ​​ ឬគាស់​​ប​ង្អូ​ច​​​ទេ គឺ​ជន​ល្មើស​ប្រើ​សោ​​ចាក់​បើកទ្វារ​​តាម​ស​ម្រូ​ល​​ស្ទើរ​គ្រប់​បន្ទប់ ហើយ​ក៏​បាន​ដោះ​​ឬ​លើកយក​សម្ភា​រ​ពេទ្យ​តាម​ស​ម្រូ​ល និង​តាម​លក្ខ​ណៈ​​បច្ចេក​ទេស​ ដោយ​មិន​មាន​កាត់​ផ្ដាច់​ខ្សែ​អ្វីមួយ​ឡើយ​ ។ ​

ពេល​នេះ ​សមត្ថកិច្ច​បាន​និង​កំពុង​ពិនិត្យ​កន្លែង​កើតហេតុ និង​កំពុង​សួរនាំ​សន្តិសុខ​ម្នាក់ រួម​ទាំង​បុគ្គលិក​ពេទ្យ​មួយ​ចំនួន​ផង​ដែរ​ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]