សិង្ហបុរី៖ ក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី (តទៅនេះហៅថា “គ្រីសអេនើជី” ឬ “ក្រុមហ៊ុន”) ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យ សូមប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ SJ Production Barge Ltd បានផ្ដល់កិច្ចសន្យាដល់ក្រុមហ៊ុន Keppel Shipyard Ltd (តទៅនេះហៅថា “Keppel Shipyard”) សម្រាប់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវនាវាផលិតកម្មរបស់ខ្លួន សម្រាប់ការប្រើប្រាស់ក្នុងការអភិវឌ្ឍន៍អណ្ដូងប្រេងកាតអប្សរានៅក្នុងប្លុក A ស្ថិតក្នុងដែនសមុទ្រកម្ពុជា។ អណ្ដូងប្រេងអប្សរាគឺជាការអភិវឌ្ឍន៍ អ៊ីដ្រូកាបូនដំបូងគេបំផុតក្នុងប្រទេសកម្ពុជា។

គម្រោងប្រេងនៅកម្ពុជា

ទំហំការងារទទួលខុសត្រូវរបស់ក្រុមហ៊ុន Keppel Shipyard សម្រាប់នាវាផលិតកម្មរួមមាន ការដំឡើងម៉ូឌុលបង្កើតថាមពល ឈ្មោះ Electrical House ទីកន្លែងស្នាក់នៅថ្មី និងការងារជួសជុលដំឡើងផ្សេងៗទៀត។ នៅពេលបញ្ចប់ការងារសព្វគ្រប់ក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ ២០១៩ នាវាផលិតកម្មនឹងមានសមត្ថភាពក្នុងការធ្វើប្រព្រឹត្តកម្មសន្ទនីយ៍រហូតដល់ទៅ ៣០.០០០ បារ៉ែលក្នុងមួយថ្ងៃ និងមានបំពាក់នូវឋាបនៈភ័ណ្ឌ ដែលអាចញែកឧស្ម័ន ប្រេង និងទឹក។

ទំហំទឹកប្រាក់នៃកិច្ចសន្យានេះគឺប្រមាណជា ២១,៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ការទូទាត់មួយភាគនឹងត្រូវធ្វើឡើងទៅតាមលក្ខខណ្ឌពន្យារ។ កិច្ចសន្យានេះត្រូវបានផ្ដល់ស្របទៅតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលធ្លាប់បានយល់ព្រមពីមុនជាមួយនឹងក្រុមហ៊ុន Keppel FELS Limited និង Keppel Shipyard ហើយគឺជាផ្នែកមួយនៃប្រតិបត្តិការបុគ្គលភាគី ដែលនឹងអនុវត្តក្រោមអាណត្តិប្រតិបត្តិការបុគ្គលភាគី ដែលយល់ព្រម និងអនុម័តដោយភាគហ៊ុនិករបស់ក្រុមហ៊ុននៅក្នុងអង្គប្រជុំវិសាមញ្ញកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ ។

លោក Brian Helyer នាយករងផ្នែកប្រតិបត្តិរបស់ក្រុមហុនគ្រីសអេនើជី បានថ្លែងថា៖ 

«យើងមានសេចក្តីរីករាយក្នុងការរួមដៃគ្នាធ្វើការជាមួយនឹងក្រុមហ៊ុន Keppel Shipyard សម្រាប់គម្រោងអភិវឌ្ឍន៍ប្រេងដ៏ធំសម្រាប់កម្ពុជានេះ។ តាមរយៈការជួយគាំទ្រពីដៃគូដែលមានបទពិសោធន៍ និងមានសមត្ថភាពបែបនេះ យើងជឿថា យើងនឹងអាចអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនូវធនធានប្រេងក្នុងប្លុក A ដើម្បីជាប្រយោជន៍ដល់ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធរបស់យើង»។

Keppel Shipyard គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Keppel Offshore & Marine Ltd (“Keppel O&M”)។

លោក Chor How Jat នាយកគ្រប់គ្រង (ផ្នែកកែច្នៃ និងជួសជុល) របស់ Keppel O&M និងជានាយកគ្រប់គ្រងរបស់ Keppel Shipyard បានថ្លែងថា៖

«ជាមួយនឹងបទពិសោធន៍ជាច្រើនលើការងារគម្រោងជួសជុល កែច្នៃ និងកែលម្អ Keppel Shipyard ពិតជាមានសមត្ថភាពក្នុងការរៀបចំផ្នែកវិស្វកម្ម និងផ្ដល់នូវដំណោះស្រាយយ៉ាងទូលំទូលាយសម្រាប់នាវាផ្សេងៗ។ កិច្ចសន្យាថ្មីពីក្រុមហ៊ុនគ្រីសអេនើជីនេះ គឺជាគម្រោងដំបូងរបស់យើងដែលធ្វើរួមគ្នា ចាប់តាំងពីមានការតែងតាំងក្រុមហ៊ុន Keppel O&M កាលពីដើមឆ្នាំនេះ ឲ្យធ្វើជាដៃគូសម្រាប់កញ្ចប់ការងារផ្នែកដំណោះស្រាយប្រេង និងឧស្ម័នក្នុងដែនសមុទ្រ»។

ក្រុមហ៊ុនគ្រីសអេនីជីគឺជាប្រតិបត្តិករនៃប្លុក A របស់កម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ ៣.០៨៣ គីឡូម៉ែត្រការ៉េ នៃអាងសមុទ្រខ្មែរ ក្នុងឈូងសមុទ្រថៃ ដែលនៅទីនោះ ជម្រៅទឹកគឺមានចន្លោះពី ៥០ ទៅ ៨០ ម៉ែត្រ។ ដំណាក់កាល 1A នៃការអភិវឌ្ឍន៍អណ្ដូងប្រេងអប្សរា រួមមានផ្លាតហ្វមក្បាលអណ្តូងផលិតកម្ម ដែលបញ្ជាពីចម្ងាយមួយ ទ្រទ្រង់ដល់អណ្តូងបូមប្រេងចំនួន ២៤ ដែលបញ្ជូនសន្ទនីយ៍ ទៅកាន់នាវាផលិតកម្មមួយ ។ ប្រេងឆៅដែលផលិតបាន នឹងត្រូវបញ្ជូនតាមបំពង់បង្ហូរប្រេងប្រវែង ១,៥ គីឡូម៉ែត្រ ទៅកាន់នាវា បណ្តែត ផ្ទុក និងផ្ទេរប្រេងអចិន្រ្តៃយ៍មួយ។

ទំនាក់ទំនង

លោក Kiran Raj
នាយកគ្រប់គ្រងហិរញ្ញវត្ថុ
ទូរស័ព្ទ៖ +65 6838 5430
អ៊ីមែល៖ [email protected]

លោកស្រី Tanya Pang
ប្រធានទំនាក់ទំនងវិនិយោគិន និងទំនាក់ទំនង សាជីវកម្ម
ទូរស័ព្ទ៖ +65 6838 5430
អ៊ីមែល៖ [email protected]

អំពីក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy)

ក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី គឺជាក្រុមហ៊ុនរុករកប្រេងកាត និងឧស្ម័នឯករាជ្យមួយ ដែលផ្តោតសំខាន់លើការរុករក អភិវឌ្ឍ និងផលិតប្រេងកាត និងឧស្ម័នក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ក្រុមហ៊ុនមានភាគហ៊ុន ក្នុងតំបន់ផលិតកម្មប្រេង និង/ឬ ឧស្ម័នចំនួនបី ដោយក្នុងនោះពីរតំបន់មានទីតាំងនៅក្នុងឈូងសមុទ្រថៃ និងមួយទៀតនៅក្នុងដែនគោកនៃប្រទេសបង់ក្លាដេស។ ក្រុមហ៊ុនក៏មានភាគហ៊ុននៅក្នុងប្លុកចំនួន ១១ ផ្សេងទៀត ដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ វាយតម្លៃ និងរុករកផ្សេងៗគ្នា នៅក្នុងប្រទេសបង់ក្លាដេស កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាមផងដែរ។ ក្រុមហ៊ុនគ្រីសអេនើជីជាប្រតិបត្តិករក្នុងតំបន់កិច្ចសន្យាចំនួន ៩។

ភាគហ៊ុនរបស់ក្រុមហ៊ុន គ្រីសអេនើជី មានដាក់លក់នៅលើតារាងគោលនៃទីផ្សារពាណិជ្ជកម្មមូលបត្រសិង្ហបុរីផងដែរ ដោយមានលេខកូតសម្គាល់ SK3។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.krisenergy.com ។

អំពីក្រុមហ៊ុន Keppel Offshore & Marine/Keppel Shipyard

ក្រុមហ៊ុន Keppel O&M គឺជាក្រុមហ៊ុនគ្រប់គ្រងទាំងស្រុងដោយ ក្រុមហ៊ុន Keppel Corporation Limited ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងពិភពលោកផ្នែករចនា សាងសង់ និងជួសជុលស្ថានីយ៍ខួងប្រេងក្នុងដែន សមុទ្រ ហើយជួសជុល និងកែច្នៃនាវា និងជំនាញខាងផ្នែកផលិតនាវា។

ក្រុមហ៊ុន Keppel Shipyard ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Keppel O&M ដែលមានការទុកចិត្ត ក្នុងឧស្សាហកម្មជួសជុល កែច្នៃ និងកែលម្អនាវាផ្សេងៗ ហើយជាក្រុមហ៊ុនឈានមុខគេនៅក្នុងពិភពលោកសម្រាប់ការកែច្នៃនាវាផលិតកម្ម ផ្ទុក និងផ្ទេរប្រេង (“FPSO”) នាវាផ្ទុក និងផ្ទេរប្រេង (“FSO”) និងនាវាផ្ទុក និងបម្លែងជាឧស្ម័នឡើងវិញ (“FSRU”) ក៏ដូចជាការបង្កើត និងការដំឡើងប្រព័ន្ធប៉ម និងចំណត និងប្រព័ន្ធប្រព្រឹត្តកម្មនៅផ្នែកខាងលើនាវា។ ក្រុមហ៊ុននេះក៏បានទទួលជោគជ័យក្នុងការកែច្នៃឋាបនៈភ័ណ្ឌពង្រាវឧស្ម័ននៅ លើទឹកដំបូងគេក្នុងពិភពលោកផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ៖ www.keppelom.com 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]