ខេត្តកណ្តាល ៖ ក្រុម​ជនសង្ស័យ​ប្រដាប់​ដោយ​កាំភ្លើងខ្លី បាន​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​បង្ក្រាប​បាន​២​នាក់ ដែល​ជា​មុខសញ្ញាប្លន់​​ដ៏​សកម្ម និង​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀនផងដែរ​ ។

អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​ទិញ​កាំភ្លើង​ពី​អ្នកទោស​ម្នាក់ ដែល​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស អាច​ទំនាក់ទំនង​ពី​ក្នុង​ពន្ធនាគារ​មក​ក្រៅ​លក់​បាន ។

ហេតុការណ៍​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

លោក​វរសេនីយ៍ មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ថា​មាន​ជនសង្ស័យ​ត្រៀម​ធ្វើ​សកម្មភាព​ប្លន់ ហើយ​កងកម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទទួល​បាន​លទ្ធផល​គឺ​ឃាត់ខ្លួន​សង្ស័យ ១-​ឈ្មោះ​កែវ ក្រូច ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ២-​ឈ្មោះ​សយ យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​វែង ឃុំ ម្កាក់ ស្រុក​អង្គស្នួល​ខេត្តកណ្តាល និង​៣-​ឈ្មោះ​សយ ម៉ៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​វែង ឃុំ​ម្កាក់ស្រុក​អង្គស្នួល ខេត្តកណ្តាល (​បាន​រត់គេច​ខ្លួន​បាត់​)​។

ដោយ​មាន​បទបញ្ជា​ពី​លោកស្នងការ លោកស្នងការ​រង និង​មានការ​សម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្ដាល កងកម្លាំង​ជំនាញ បាន​ធ្វើការ​ឆែកឆេរ និង​ចាប់​យក​វត្ថុ​តាង កាំភ្លើងខ្លី​ម៉ាក CF98-9 លេខ 00498007236 មាន​គ្រាប់​ចំនួន​២០​គ្រាប់​, សំបក​កា​ទូ​ស​ចំនួន​១, អាវុធ​ច្នៃ​បាញ់​គ្រាប់​កាំ​កង់​ចំនួន​២​ដើម ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១, ម្សៅ​ពណ៌​ស​ថ្លា ង្ស័​យ​ថា​សារធាតុ​ញៀន ៣​កញ្ចប់​ធំ​, ខោអាវ​ប៉ា​រ៉ា​១​កំ​ប្លេ និង​ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​។

លោក​អធិការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ​កែវ ក្រូច បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ធ្លាប់​ឲ្យ​ឈ្មោះ​សយ ម៉ៅ និង​ឈ្មោះ​សយ យ៉ា ធ្វើ​សកម្មភាព យក​កាំភ្លើង​ម៉ាក​CF98-9 របស់​ខ្លួន​ទៅ​ប្លន់​យក​បាន​ម៉ូតូ​ម៉ាក SERUS ចំនួន​១​គ្រឿង កាលពី​ខែតុលា ឆ្នាំ​២០១៨ មិន​ចាំ​ថ្ងៃ​។

ចំពោះ​កាំភ្លើងខ្លី​ខាងលើ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ល័​ក្ខ ភេទ​ប្រុស អាយុ​ខ្ទង់​២៨​ឆ្នាំ បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស និង​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ចេញពី​ពន្ធនាគារ លក់​ក្នុង​តម្លៃ​២.០០០​ដុល្លារ ហើយ​គេ​ប្រាប់​ឲ្យ​ខ្លួន​ទៅ យក​នៅ​ទំនប់​កប់​ស្រូវ (​ទិញ​ដើមខែ​០៨​ឆ្នាំ​២០១៨) និង​ជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ជនសង្ស័យ​មាន​ដីកាចាប់ខ្លួន​លេខ ០១០ ដ​.​ក​.​ប​.​ច ខ​/១៧ ចុះ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៨ ពី​បទ ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ចេញ​ដោយ​លោក ចៅក្រម​គឹ​ម ម៉េ​ង នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ ២០១៨ វេលា​ម៉ោង​១១​និង​៣០​នាទី កម្លាំង​ជំនាញ​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​ឈ្មោះ​សយ យ៉ា នៅ​ចំណុច​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]