រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ​ជើង​ខ្លាំង​ផ្នែក​យុទ្ធ​គុន​ខម និង​ជា​អ្នក​ប្រដាល់សេរី​ដ៏​ខ្លាំង​ចាន់ រតនា និង​កីឡាករ​ល្បីឈ្មោះ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ម្ចាស់​ខ្សែក្រវាត់​ល្បី​រន្ទឺ​លោក ពៅ សក្តិសិទ្ធ មាន​សុភមង្គល​យ៉ាង​រឹង​មាំ​ជាមួយ​ភរិយា​ជា​ជនបរទេស​ប៉ុន្តែ​មិនមែន​ប្រទេស​ជិតខាង​។

បន្ថែម​ពីលើ​សុភមង្គល​នេះ ភរិយា​របស់​លោក​ថែម​ទាំង​គ្មាន​ការ​ដាក់​សម្ពាធ​ទាមទារ​ឲ្យ​លោក​លាឈប់​ពី​ការ​ប្រដាល់ និង​មិន​ខ្វល់​ពី​អតីត​កាលនោះ​ផង​។

ក្រោយ​សម្រេចចិត្ត​ឃ្លាតឆ្ងាយ​ពី​សង្វៀនមិនសូវ​សកម្ម​ដូច​មុន​ព្រោះតែ​វ័យ និង​ភាព​រវល់​ពី​ការងារ កីឡាករ ចាន់ រតនា ធ្លាប់​បាន​ប្រាប់​ដោយ​ឥត​លាក់លៀម​ថា អាជីព​ប្រដាល់​របស់​លោក​នឹង​នៅ​តែ​បន្ត​គ្មាន​ថ្ងៃ​ប្រកាស​​ឈប់​នោះ​ទេ បើ​ទោះជា​មួយ​រយៈ​នេះ លោក​មិនសូវ​មាន​ពេល​ហ្វឹកហាត់​និង​បាន​ឡើង​រេញ​ញឹក​ញា​ប់​ដូច​មុន ។

លោក​នៅ​តែ​ត្រូវ​គេ​ដឹង​ថា​ចេញចូល​ប្រទេស​បារាំង ដែល​ជា​ស្រុក​កំណើត​ភរិយា​ដើម្បី​បង្ហាញ​ក្បាច់គុន​យុទ្ធ​គុន​ខម​របស់​ខ្មែរ និង​បង្ហាញ​ក្បាច់​ប្រដាល់​ដល់​កូន​ខ្មែរ រហូត​នៅ​ក្នុង​ប្រទេស​បារាំង​ស្គាល់​លោក​មិនធម្មតា ។

លោក​អះអាង​ថា អ្នកស្រី​Cindy ជា​ជនជាតិ​បារាំង មិន​ដែល​ហាមប្រាម​លោក​បន្ត​ការ​ប្រដាល់​នោះ​ទេ ប៉ុន្តែ​អាច​មក​ពី​វ័យ និង​ទីផ្សារ​មិនសូវ​មាន​ទើប​លោក​មិនសូវ​ឃើញ​មុខ ។ លោក និង​ភរិយា​ទទួល​បានកូន​ស្រី​ជា​ចំណងដៃ​ចំនួន​២​នាក់ ដោយ​ក្នុង​ពេល​នេះ​កូនស្រី​ទាំង​២​របស់​លោក​ក៏​ធំ​ៗ​អស់​ទៅ​ហើយ ទើប​លោក​និង​ភរិយា​ត្រូវ​គេ​ឃើញ​សកម្ម​ភាគច្រើន​តែ​នឹង​មុខ​ជំនួញ ជា​ជាង​ខ្វាយខ្វល់​ការ​ប្រដាល់ ។

ចំណង​ស្នេហ៍​ខុស​សញ្ជាតិ​នេះ​លោក​អះអាង​ថា មិន​ដែល​មាន​បញ្ហា​ចម្រូង​ចម្រាស​ឬ​រស់នៅ​មិន​ចុះសម្រុង​គ្នា​នោះ​ឡើយ ពិសេស​ពាក់ព័ន្ធ​នឹង​ជំនឿ​សាសនា និង​ផ្នត់គំនិត​ផ្សេង​ៗ គឺ​អាច​និយាយ​បាន​ថា​មិន​មាន​តែ​ម្ដង​។

អ្វី​ដែល​ធ្វើ​ឲ្យ​លោក​កាន់តែ​ស្រឡាញ់​ពេញចិត្ត​ភរិយា​ជាទី​បំផុត​នោះ​គឺ​ដោយសារ​តែ​ភរិយា​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​កីឡាប្រដាល់ ពិសេស​គឺ​យុទ្ធ​គុន​ខម ដែល​ជា​មេ​ក្បាច់គុន​ដ៏​ខ្លាំង​របស់​ខ្មែរ​ដែល​លោក​កំពុង​ហ្វឹក​ហ្វឺន​និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់ ដែល​មិន​ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា។

លោក​រំលឹក​ថា ប្រមាណ​ជាង​១២​ឆ្នាំ​មុន​ក្នុង​ពេល​ឡើង​ទៅ​សម្ដែង​នៅ​ក្នុង​ប្រទេស​បារាំង អ្នកស្រី Cindy ដែល​ជា​ភរិយា​សព្វថ្ងៃ​បាន​ចាប់ចិត្ត​ស្រឡាញ់​លោក​តែ​ម្ដង​ដោយសារ​តែ​ចាប់​អារម្មណ៍​រឿង​លោក​ពូកែ​ចំពោះ​ក្បាច់គុន​ខ្មែរ​។

ក្រោយ​ការ​រួមរស់ អ្នកស្រី​បាន​ចុះ​មក​រស់នៅ​ប្រទេស​កម្ពុជា​ជាមួយ​លោក​រហូត​ដែល​ពេល​ខ្លះ អ្នកស្រី​បាន​ទាំង​ចាត់​ទុក​ថា កម្ពុជា​គួរ​ឲ្យ​ចង់​រស់នៅ​ជាង​នៅ​ប្រទេស​បារាំង​ដែល​ជា​ប្រទេស​កំណើត​នោះ​ទៀត​ផង ។ បន្ថែម​ពីលើ​នោះ សូ​ម្បីតែ​ឪពុក​ម្ដាយក្មេក​របស់​លោក​ក៏​ឡើង​មក​បើក​ភោជនីយដ្ឋាន​មួយ​នៅ​ភ្នំពេញ ដើម្បី​បន្ត​ការ​រស់នៅ​ជួបជុំ​ជាមួយ​លោក និង​ភរិយា​លោក​ដោយ​មិន​នឹកនា​ឡើង​ទៅ​កាន់​ប្រទេស​បារាំង​វិញ​ពេល​ណា​នោះ​ដែរ ។

លោក​នៅ​តែ​មិន​ហ៊ាន​ទាយ​ទុក​ពី​អនាគត​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​លោក​នៅ​តែ​បន្ត​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​និង​ជា​គ្រូបង្វឹក​ផ្នែក​យុទ្ធ​គុន​ខម​ដែល​ជា​ក្បាច់គុន​ដ៏​កំពូល និង​ជា​មេ​ក្បាច់គុន​របស់​ខ្មែរ​នោះ​ដដែល​ដោយសារ​តែ​គ្មាន​ការ​ជំទាស់​ពី​ភរិយា និង​ឪពុក​ម្ដាយក្មេក​ជា​ជនជាតិ​បារាំង​របស់​លោក​។

ទោះបីជា​យ៉ាងណា លោក​នឹង​អាច​លាឈប់​ក្នុង​ពេល​ណាមួយ​ក៏​ថា​បាន​ប្រសិនបើ​ភរិយា​របស់​លោក​ឈប់​ចង់​រស់នៅ​ស្រុក​ខ្មែរ ហើយ​ទទូច​ឲ្យ​លោក​ត្រូវ​តែ​ទៅ​រស់នៅ​ប្រទេស​បារាំង​ជុំ​គ្នា​។ លោក​អះអាង​ថា បញ្ហា​នេះ​​វា​នឹង​នៅ​យូរណាស់​ក្នុង​ពេល​ដែល​ភរិយា​របស់​លោក​ហាក់ដូចជា​គ្មាន​គម្រោង​ទៅ​រស់នៅ​ប្រទេស​កំណើត​វិញ​ក្រៅពី​ឡើង​ទៅ​លេង​ម្ដងម្កាល​បែប​នេះ ។

ចាន់ រតនា ក៏​ធ្វើ​ឱ្យ​ភរិយា​កាន់តែ​ស្រឡាញ់​ពេញចិត្ត​ខ្លាំង​ណាស់​ដែរ ក្រោយ​ពី​មានឱកាស​សម្ដែង​រឿង​កន្លង​មក ដូច​ជា​រឿង​«​សព​រន្ទះបាញ់​» ជាមួយ​តារា​សម្ដែង​ម៉ាក់​សែន សូ​នី​តា ជាដើម​។ លោក​ធ្លាប់​បាន​រៀបរាប់​ពី​ចំណង​ស្នេហ៍​ថា​«​ពួក​យើង​កាន់តែ​ស្និទ្ធ​ស្នាល​គ្នា​ដោយសារ​ប្រពន្ធ​ខ្ញុំ​ចេះ​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​ចូល​កៀក​ៗ​ខ្ញុំ ដោយសារ​គាត់​ចង់​ស្វែង​យល់​ពី​ក្បាច់គុន​ខ្មែរ​!»​។

មិន​ខុស​គ្នា​ដែរ កីឡាករ​ល្បីឈ្មោះ លោក ពៅ សក្តិ​សិទ្ធ ឯណេះ​វិញ ក៏​ផ្អែមបន្លែ​ជាមួយ​ភរិយា​ជា​ជនជាតិ​ជប៉ុន​ផង​ដែរ បន្ទាប់​ពី​លោក​រួមរស់​ជាមួយ​គ្នា​បានកូន​ប្រុស​មួយ និង​ក្រោយ​ពី​លោក​ដាច់ស្រេច​ទាំងស្រុង​ពី​ភរិយា​នៅ​ស្រុក​ខ្មែរ​តាម​រយៈ​ការ​លែងលះ ។ លោក​ត្រូវ​គេ​ដឹង​ថា​ភ្ជាប់​ស្នេហ៍​ជាមួយ​ភរិយា​ជនជាតិ​ជប៉ុន​ក្រោយ​ពី​លោក​មានរឿង​ចម្រូងចម្រាស​ជាមួយ​ភរិយា ហើយ​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​បាន​ស្គាល់​នារី​ជា​ភរិយា​បច្ចុប្បន្ន​នៅ​ក្នុង​ទីនោះ ។

លោក និង​ភរិយា ក៏​បាន​រស់នៅ​ទីនោះ​ដោយ​មាន​សុភមង្គល​នោះ​ផង បើ​ទោះជា​ការ​ប្រាស្រ័យ​ទាក់ទង​មាន​​លក្ខណៈ​ពិបាក​បន្តិច ព្រោះតែ​មាន​ភាសា​ខុស​គ្នា និង​ជំនឿ​សាសនា​ខុស​គ្នា​ក្នុង​ពេល​ដំបូង​ៗ ។ លោក​បាន​បង្ហាញមុខ​ភរិយា និង​កូនប្រុស​ក្នុង​ពេល​នាំ​គ្នា​មក​លេង​ស្រុក​កំណើត​កាលពី​ពេល​ថ្មី​ៗ និង​បាន​ប្រកាស​ថា ​មិន​ចោលការ​ប្រដាល់ និង​ការ​បង្វឹក​សិស្ស​នោះ​ទេ បើ​ទោះជា​ក្នុង​ពេល​នេះ លោក​ត្រូវ​គេ​ដឹង​ថា​រវល់​រួមរស់​ជាមួយ​ភរិយា​នៅ​ក្នុង​ប្រទេស​ជប៉ុន​ច្រើន​ជាង​បង្ហាញមុខ​ក្នុងស្រុក ។

ក្នុង​នោះ​ភរិយា​របស់​លោក​ក៏​មិន​បាន​ហាមប្រាម​លោក​ឱ្យ​ដាច់​ឆ្ងាយ​ពី​កីឡា​នោះ​ដែរ ដោយសារ​តែ​នៅ​ប្រទេស​​ជប៉ុន​លោក​បាន​ប្រកាស​ថា​នៅ​តែ​មាន​សកម្មភាព​បង្ហាញ​ក្បាច់គុន​ខ្មែរ​ឱ្យ​ជប៉ុន​បាន​ស្គាល់​មិន​ខុស​គ្នា​ពេល​ដែល​លោក​មិន​ទាន់​មាន​ភរិយា​ជា​ជនជាតិ​ជប៉ុន ។

លោក​នៅ​តែ​បង្ហាញ​ការ​ស្រឡាញ់​ការ​ប្រដាល់ ដោយពេល​មក​កាន់​ស្រុក​កំណើត​ម្ដង​ៗ បើ​ទោះ​មិន​អាច​ឡើង​ប្រកួត ក៏​បាន​ដឹក​ដៃ​ភរិយា និង​កូនប្រុស មក​គាំទ្រ​ការ​ប្រដាល់ និង​បង្ហាញ​ការ​នឹករលឹក​ចំពោះ​អាជីព​មួយ​នេះ ក៏​ដូច​ជា​ជាមួយ​អ្នកគាំទ្រ ។ លោក​ធ្លាប់​បង្ហើប​ថា ភរិយា​របស់​លោក​មិន​ខ្វល់​ពី​អតីតកាល​របស់​លោក​ទេ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ដែល​ធ្លាប់​ដឹង​ជុំវិញ​មូលហេតុ​ដែល​នាំ​ឱ្យ​លោក​និង​ភរិយា​មុន​នៅ​ស្រុក​ខ្មែរ លែងលះ​គ្នា​។

ជាមួយនឹង​ការ​ទម្លាយ​នេះ ទើប​ម្នាក់​ៗ​សរសើរ​ថា កីឡាករ ចាន់ រតនា និង​កីឡាករ ពៅ សក្តិ​សិទ្ធ ពិតជា​កាលី​ប​ខ្លាំង​ណាស់ ដែល​បាន​ភរិយា​ជា​ជនបរទេស ហើយ​រួមរស់​យ៉ាង​មាន​សេចក្ដីសុខ ខណៈ​ដែល​ភរិយា​របស់​​លោក​ទាំង​ពីរ ក៏​សុទ្ធតែ​ជា​អ្នកជំនួញ និង​មាន​ជីវភាព​ល្អ​ប្រសើរ​ផង​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]