(ភ្នំពេញ)៖ បន្ទាប់ពីបានដឹងដំណឹង នៃការធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត ពីសំណាក់ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា ព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនោះ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ភ្លាមៗក៏បានចុះទៅសួរសុខទុក្ខ ដល់មន្ទីពេទ្យតែម្តង។

ជាមួយគ្នានៃការចុះទៅសួរសុខទុក្ខ ដល់មន្ទីពេទ្យកាល់ម៉ែត ពីសំណាក់តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា នោះដែរ នាងក៏បានបង្ហាញពីអារម្មណ៍ក្តុកក្តួលខ្លាំង ក្រោយពេលបានឃើញពីស្ថានភាពជំងឺ និងការពោលពាក្យមួយឃ្លា មកកាន់ខ្លួនរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតាព្រឹទ្ធភីរម្យ ប្រាជ្ញ ឈួន ទាំងលោកតាកំពុងមានអាការៈវង្វេងស្មារតីម្តងៗទៅហើយនោះ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញសំណេរសរសេររៀបរាប់ថា «សមាគមសិល្បករខ្មែរ បានមកសួរសុខទុក្ខលោកឪ ប្រាជ្ញ ឈួន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។ ហ៊ឹម….! ថ្វីត្បិតតែអាការៈលោកឪវង្វេងប៉ុន្តែស្គាល់កូន ចនច័ន្ទ ច្បាស់ណាស់ គ្រាន់តែឮថា កូនចនច័ន្ទមកសួរសុខទុក្ខ លោកឪខំស្ទុះងើបទទួល ហើយមានប្រសាសន៍ថា គាត់ចាំមើលផ្លូវកូនមក»។

បន្ថែមពីលើនេះ តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយទាំងអារម្មណ៍ក្តុកក្តួល ទៀតថា «ហ៊ឹម…! កូនសូមជូនពរឲ្យលោកឪឆាប់ជា និងមានសុខភាពល្អឡើងវិញ»។ យ៉ាងណាមិញទន្ទឹមគ្នា នៃដំណឹងធ្លាក់ខ្លួនឈឺរបស់លោកតា ប្រាជ្ញា ឈួននេះដែរមិនត្រឹមតែ អ្នកនាង ចន ច័ន្ទលក្ខិណា ប៉ុណ្ណោះទេ ដែលបង្ហាញពីអារម្មណ៍ក្តុកក្តួលខ្លាំង គឺមានមហាជនជាច្រើនក៏បានសម្ដែងក្ដីអាណិត លោកតាផងដែរ។

គូរបញ្ជាក់ថា លោកតា ប្រាជ្ញ ឈួន គឺជាចាស់ព្រឹទ្ធាចារ្យម្នាក់ នៅក្នុងសិល្បៈវប្បធម៌បុរាណខ្មែរ ផ្នែកចាប៉ីដងវែង ដែលធ្លាប់ច្រៀងប្រៀនប្រដៅផ្តល់ដំបូន្មាន ដល់មហាជនប្រុសស្រី ដែលជាកូនខ្មែរគ្រប់រូប។ បច្ចុប្បន្ន លោកតាចូលដល់វ័យចាស់ជរា ព្រោះលោកមានអាយុ ៨៣ ឆ្នាំទៅហើយ ដោយពេលនេះកំពុងទទួលការព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីពេទ្យកាល់ម៉ែត៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា