(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពែញ ដែលពាក់ព័ន្ធករណី​ស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់។

លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ក្នុងប្រតិបត្តិការឃាត់ខ្លួនមនុស្ស១៥នាក់ ដែលពាក់ព័ន្ធការរកស៊ីពពោះជំនួសនេះ មានប្រុស២នាក់ និងស្រី១៣នាក់។

បើតាមលោកនាយរងការិយាល័យ, ក្នុងចំណោមមនុស្សស្រីទាំង១៣នាក់នោះ មានមនុស្ស១១នាក់ កំពុងតែមានផ្ទៃពោះ ដែលជាអ្នករកស៊ីពពោះជំនួសផ្ទាល់តែម្ដង ហើយ២នាក់ផ្សេងទៀត ជាចុងភៅ។

ដោយឡែក សម្រាប់ការពពោះនេះ ​ហើយត្រូវលក់បន្ដទៅឲ្យជនបរទេស ឬជនណានោះ លោក ទូច សារ៉េន មិនទាន់បានបញ្ជាក់នៅឡើយទេ ព្រោះលោកថា​ មនុស្សទាំងអស់កំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់។

គួរជម្រាបថា ចំពោះករណីពពោះជំនួសនេះនៅកម្ពុជា​ ត្រូវបានចាត់ទុកថា​ជាអំពើខុសច្បាប់ ខណៈដែលក្រសួងមហាផ្ទៃ កំពុងតែធ្វើការចងក្រងច្បាប់ ដើម្បីធ្វើការផ្ដន្ទាទោសផងដែរ៕​​

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]