(ភ្នំពេញ)៖ លោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ដែលគ្រប់គ្នាទទួលស្គាល់ថា ជាអធិរាជចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា ត្រូវបានក្រុមគ្រួសារបញ្ជូនពីខេត្តតាកែវ មកកាន់មន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ ដើម្បីសង្រ្គោះបន្ទាន់ បន្ទាប់ពីស្ថានភាពជំងឺរបស់លោក មានសភាធ្ងន់ធ្ងរ ខណៈនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រុមគ្រូពេទ្យកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ ។

បើយោងតាមប្រភពហ្វេសប៊ុក របស់លោក Nop Channarin បានបង្ហាញប្រាប់ដល់មហាជនពីស្ថានភាពជំងឺរបស់លោក តា ប្រាជ្ញ ឈួន យ៉ាងដូច្នេះថា «លោកតាព្រឹទ្ធភីរម្យប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ីដ៏ល្បីល្បាញ ពេលនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយស្ថានភាពលោកតា មានសភាពធ្ងន់ធ្ងរត្រូវបានពិនិត្យ និងសង្គ្រោះដោយយកចិត្តទុកដាក់ពីគ្រូពេទ្យ។ សូមបញ្ជាក់ថា លោកតាប្រាជ្ញ ឈួនត្រូវបានខាងមន្ទីរពេទ្យខេត្តតាកែវ ដឹកបញ្ជួនមកដល់ពេទ្យកាល់ម៉ែតនៅវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែវិច្ឆិកា ២០១៨ »។

លោកតា ប្រាជ្ញ ឈួន គឺជាចាស់ព្រឹទ្ធាចារ្យម្នាក់ នៅក្នុងសិល្បៈវប្បធម៌បុរាណខ្មែរ ផ្នែកចាប៉ីដងវែង ដែលធ្លាប់ច្រៀងប្រៀនប្រដៅ ផ្តល់ដំបូន្មានដល់មហាជនប្រុសស្រី មិនតិចនោះទេ។ បច្ចុប្បន្ន លោកតាចូលដល់វ័យចាស់ជរា ព្រោះលោកមានអាយុ ៨៣ ឆ្នាំទៅហើយ ដោយពេលនេះកំពុងទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីពេទ្យកាល់ម៉ែត។

គួរជម្រាបថា កាលពីឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានឧបត្ថម្ភជាប្រាក់ ដល់លោកតា ប្រាជ្ញ ឈួន ចំនួន ២០លានរៀលផងដែរ សម្រាប់ឱ្យលោកតាទុកព្យាបាលជំងឺប្រចាំកាយ ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]